Friday, August 2, 2013

ចេកចំណេញកប់ក្ដោង


ដៃម្ខាងកាន់ ផ្កាឈូក ដៃម្ខាងទៀតកាន់ធូបទាន ឬផ្លែចេក យុវជនប្រុសស្រីជាច្រើនបានតម្រងទៅកាន់កន្លែងជាទីសក្ករៈបូជា មួយចំនួនក្នុងរាជធានីភ្នំពេញ ជាពិសេសព្រះអង្គដងកើ មុខព្រះបរមរាជវាំង។ យុវជនទាំងនេះ គឺសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងបាក់ឌុប នៅថ្ងៃច័ន្ទ ទី៥ ខែសីហា សប្ដាហ៍ក្រោយនេះហើយ។ ការសម្រុកមកសែនព្រែនដោយជឿថាអាចជួយឲ្យអារម្មណ៍របស់គេនឹងន នៅថ្ងៃប្រឡងនេះ បានធ្វើឲ្យសំណែនផ្សេងៗ ជាពិសេសផ្លែចេកតែម្ដង មានការលក់ដាច់ជាងពេលណាៗទាំងអស់។ លោកយាយ កយ ដែលលក់ផ្កា និងចេកជាង២០ឆ្នាំហើយនៅវត្តភ្នំ បានប្រាប់ឲ្យដឹងថា សប្ដាហ៍នេះក្មេងៗមកបន់នៅវត្តភ្នំនេះច្រើនណាស់ ហើយមកម្ដងមាន៤-៥នាក់ រកទិញផ្កា ជាពិសេសគឺចេកតែម្ដង។ ចងផ្កាឈូកបណ្ដើរ លោកយាយ កយ បាននិយាយបណ្ដើរថា៖ “លក់ដាច់គួរសមដែរ បាន៦-៧ស្និតដែរមួយថ្ងៃ។ មិនមែនដាច់តែចេកទេ ផ្កាក៏លក់ដាច់ខ្លះៗដែរ។ តែឆ្នាំនេះក្មេងៗដូចជាមិនសូវមកច្រើន។ ដូចឆ្នាំទៅ ក្មេងៗមកច្រើនជាង ហើយលក់ដាច់ជាងនេះទៀត”។ ចំណែកឯស្ត្រីសម្បុរស្រអែម វ័យប្រហែល៤០ឆ្នាំ អ្នកលក់ទឹកសុទ្ធ ធូប ផ្កា និងចេកក្បែរបង្គោលភ្លើងខាងត្បូងព្រះអង្គដងកើ បានប្រាប់ឲ្យដឹងថា ជារៀងរាល់ឆ្នាំឲ្យតែជិតដល់ពេលប្រឡងម្ដងៗ សិស្សនាំគ្នាមកបន់ច្រើនណាស់ ហើយតង្វាយដែរលក់ដាច់ជាងគេគឺចេកនេះហើយ។ ក្នុងមួយថ្ងៃគាត់លក់ដាច់ចេកយ៉ាងហោចណាស់២០ស្និត រីឯតម្លៃវិញមួយស្និតពី៣៥០០រៀលទៅ៤០០០រៀល។ រីឯអាជីវករលក់ផ្លែឈើឯនោះវិញ ក៏លក់ដាច់មិនធម្មតាដែរ។ មីង ចាន់ណា អ្នកលក់ផ្លែឈើនៅផ្សារកណ្ដាល បានប្រាប់ឲ្យដឹងថា ដើមសប្ដាហ៍នេះគាត់ឃើញក្មេងៗមកទិញផ្លែឈើច្រើនណាស់ ខ្លះថាយកទៅសែន ខ្លះថាទិញយកទៅជូនគ្រូ។ អាជីវកររូបនេះ បានបន្ថែមទៀតថា គេនិយមទិញតែចេកយកទៅសែនព្រេន ព្រោះតម្លៃវាសមរម្យមួយស្និតត្រឹម៣០០០រៀលទៅ៣៥០០០រៀល។ សិស្សខ្លះទិញម្តង២ ទៅ៣ស្និត ហេតុដូច្នេះហើយចេកលក់ដាច់ជាងគេ។ ប៉ុន្តែមានសិស្សខ្លះវិញមកទិញម្តង៥មុខយកទៅសែន មានលាយផ្លែមៀន ក្រូច ប៉ោម ចេក និងសារី ជាដើម៕ប្រភពមកពី៖សប្បាយ



0 comments:

Post a Comment