ពីធីសម្ភោធ អាគាស្នាក់យុវជនលោកឪពុករួរ និង អាងទឹកនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប

កាលពីរសៀលម៉ោង ២:០០ នាថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៣ នៅក្នុងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានបើកសម្ភោធ អាគារស្នាក់យុវជនលោកឪពុករួរ និងអាងទឹក​ ។ ដោយក្រោមអធិបតេយ្យភាព លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ និងលោកឪពុក ចនវីស័រ អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ និងជាអ្នកគ្រប់គ្រងដុនបូស្កូ កម្ពុជា ម្ចាស់ជំនួយ លោកគ្រូ អ្នកគ្រូស្មោះចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Thursday, July 25, 2013

I Love my country

Sunday, July 14, 2013

ដឹងទេថា នៅរាជធានីភ្នំពេញ អ្វីកើតមានមុនគេទេ?


ប្រិយមិត្តប្រហែលជាគិតថា វត្តភ្នំគឺកកើតឡើងមុនគេបង្អស់មិនខានក្នុងរាជធានីភ្នំពេញ។ តែតាមពិត មានចេតិយបុរាណមួយ ធ្វើពីថ្មបុរាណ ត្រូវបានឯកសារបង្ហាញថា អាចនឹងត្រូវបានគេសាងសង់ឡើងតាំងពីសម័យព្រះពុទ្ធសាសនាផ្សព្វ ផ្សាយចូលប្រទេសកម្ពុជាដំបូងម្ល៉េះ។ ចេតិយនេះមានឈ្មោះថា ឧណ្ណាលោម ដែលស្ថិតនៅក្នុងវត្តឧណ្ណាលោមបច្ចុប្បន្ននេះ។ យោង តាមសៀវភៅ “ប្រវត្តិនៃវត្តឧណ្ណាលោម” ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ១៩៦៣ ដើម្បីចែកជូនពុទ្ធបរិស័ទចូលរួមក្នុងឱកាសបុណ្យឆ្លងវិហារវត្ត ឧណ្ណាលោម បានរៀបរាប់ថា ពេលដែលវត្តឧណ្ណាលោម ត្រូវបានបញ្ចុះសីមាឲ្យប្រើប្រាស់ក្នុងឆ្នាំ១៤៤២ រជ្ជកាលព្រះបាទពញាយ៉ាត ចេតិយនេះមាននៅទីនោះស្រាប់ទៅហើយ។ នៅក្នុងចេតិយនេះ មានព្រះពុទ្ធរូបថ្មអង្គធំមួយអង្គ។ ចំណែកឈ្មោះវត្តឧណ្ណាលោម គឺយកតាមឈ្មោះរបស់ចេតិយនេះ។ “ចេតិយធំ និងព្រះពុទ្ធរូបថ្មអង្គធំ ដែលប្រតិស្ឋានក្នុងរូងខាងក្រោមនៃមហាចេតិយនោះ មានការនិយាយតគ្នាថា កសាងតាំងពីក្នុងសម័យដែលព្រះពុទ្ធសាសនាផ្សាយចូលមកក្នុងប្រទេស កម្ពុជានេះជាលើកដំបូងបង្អស់”។ នេះបើតាមការបញ្ជាក់របស់ឯកសារ។ចំណែកឯវត្តភ្នំ ដែលជាកំណើតនៃរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៣៧៣។ យោងតាមសៀវភៅ “ប្រវត្តិសាស្ត្រខ្មែរ” របស់អ្នកស្រី ត្រឹង ងា ព្រះពុទ្ធសាសនាមានការរីកចម្រើនទៅហើយ នៅសតវត្សទី៣ នៃគ្រិស្តសករាជ ដូច្នេះបើចេតិយនេះសាងសង់តាំងពីសម័យព្រះពុទ្ធសាសនាចូលមក ស្រុកខ្មែរដំបូងមែន វាមានអាយុកាលមិនក្រោម១៧០០ឆ្នាំឡើយ។ ឧណ្ណាលោម ជាពាក្យបាលី មានន័យថា “រោមប្រជុំចិញ្ចើម” រោមដែលដុះលើខ្ទង់ច្រមុះ។ ចេតិយនេះត្រូវបានគេបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) របស់ភិក្ខុមួយអង្គ។ បច្ចុប្បន្ន ចេតិយនេះត្រូវបានគេប៉ាតស៊ីម៉ងត៍ និងលាភពណ៌មាស។ រាល់ថ្ងៃសីល ឬថ្ងៃបុណ្យធំៗ ទើបគេបើកទ្វារចេតិយនេះ ដើម្បីចូលទៅអុជធូបថ្វាងបង្គំព្រះពុទ្ធរូបនៅខាងក្នុង៕ប្រភពមកពី៖សប្បាយ

ភ្នំពេញនឹងទទួលបានអ្នកទេសចរណ៍តាមជើងយន្តហោះជាង ១ លាននាក់នៅឆ្នាំ២០១៣

រាជធានីភ្នំពេញ បេះដូងនៃប្រទេសកម្ពុជារំពឹងទទួលបានភ្ញៀវទេចរណ៍បរទេសចំនួន១ លាននាក់តាមជើងយន្តហោះអន្តរជាតិភ្នំពេញនៅឆ្នាំ២០១៣។នេះបើ តាមប្រសាសន៍របស់លោក អាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។ លោកបានបន្ថែមថា គ្រាន់តែនៅឆមាសទី១ ឆ្នាំ២០១៣ នេះភ្ញៀវទេសចរណ៍បរទេស ដែលបានធ្វើដំណើរកំសាន្តមកភ្នំពេញ តាមជើងយន្តហោះ បានកើនឡើងចំនួន ១៨.៤០ % បើប្រៀបនិងឆមាសទី១ ឆ្នាំមុន។លោកថា ភ្ញៀវទេសចរណ៍បានកើនឡើងពី ៤៣១៤៣៦នាក់ នៅឆមាសទី១ ឆ្នាំមុនមក ៥១០៩២៦ នាក់ នៅឆមាសទី១ ឆ្នាំ២០១៣នេះ។ក្នុងនោះភ្ញៀវទេសចរណ៍ ដែលមកច្រើនជាងគេមានចិន អាមេរិក ម៉ាឡេស៊ី បារាំង កូរ៉េខាងត្បូង តៃវ៉ាន់ អូស្រ្តាលី ថៃ អង់គ្លេស និងសឹង្ហបុរី។ លោក អាំង សុចិត្រគ្រឹស្នា បានបន្ថែមថា កិច្ចសហប្រតិបត្តិការល្អ ក្នុងតំបន់ និងពិភពលោក ការចូលរួមរបស់ផ្នែកឯកជន ក្នុងការលើកកម្ពស់អភិវឌ្ឍន៍គុណភាពផលិតផល សេវាកម្ម ព្រមទាំងការជម្រុញឲ្យមានជើងហោះហើរ ដោយផ្ទាល់ ជាដើមចមមួយនាំឲ្យភ្ញៀវទេសចរណ៍កាន់តែច្រើនមកកំសាន្តនៅ កម្ពុជា។ក្រៅពីនោះគោលនយោបាយផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធមានភាពល្អប្រសើរជាងមុន ចលនាទីក្រុងស្អាត គុណភាពសេវាកម្មមានលក្ខណៈល្អប្រសើរជាងមុន ព្រមទាំងការធានាសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ គឺជាផ្នែកមួយ ដែលកំពុងត្រូវបានយកចិត្តទុកដាក់។ ទន្ទឹមគ្នាដែរ លោក ហូ វណ្ឌី សហប្រធានក្រុមការងារទេសចរណ៍បានយល់ស្របចំពោះការប៉ាន់ប្រមាណ ខាងលើ ព្រោះប៉ានប្រមាណភាគច្រើនបានផ្អែកលើទល្ហីករណ៍ច្បាស់លាស់។ លោកបានបន្ថែមថា បច្ចុប្បន្នមានកុ្រមហ៊ុនអាកាសចរណ៍ចន្លោះពី២៤ ទៅ២៥ ក្រុមហ៊ុន និងមានជើងហោះហើរជិត ៦០ ជើងមកកម្ពុជា។ដូច្នេះកក្តាទាំងនោះហើយ នឹងធ្វើឲ្យភ្នំពេញ ក៏ដូចជាតំបន់ទេសចរណ៍ជាច្រើនទៀតនឹងមានភ្ញៀវទេសចរណ៍កើនឡើង៕ប្រភពមកពី៖សប្បាយ

Thursday, July 11, 2013

ក្រុងមួយទៀតរបស់កម្ពុជាចាប់ផ្ដើមមានភ្លើងស្តុបដែរ!

ក្រុងកំពង់ចាមចាប់ផ្ដើមមានភ្លើងស្តុបជាលើកដំបូង ដើម្បីសម្រួលចរាចរណ៍ ទៅមករបស់ប្រជាជន។ ឥឡូវនេះភ្លើងស្តុប១ទីតាំង ក្នុងចំណោមភ្លើងស្តុប៤ទីតាំងដែលគ្រោងសាងសង់ក្នុងក្រុងនេះ ត្រូវបានដាក់ឲ្យដំណើរការហើយ។ យោងតាមមន្ត្រីប៉ូលិសក្រុងកំពង់ចាមមួយរូប បានប្រាប់ឲ្យដឹងថា នេះជាសមិទ្ធិផលថ្មីមួយ របស់ក្រុងដែលនឹងដាក់ភ្លើងស្តុបនៅផ្លូវធំ៤កន្លែង។ ទី១ ផ្លូវបំបែកសាលាបឋមសិក្សាទក្សិណ ទី២ ផ្លូវផ្សារបឹងកុក ទី៣ ផ្លូវវាលវង់ (ផ្លូវជាតិលេខ៧ចាស់) និងទី៤ ផ្លូវជាតិលេខ៧ថ្មី(ខាងលិចស្ពានគីហ្សូណា)។ ក៏ ប៉ុន្តែមានតែភ្លើងស្តុបនៅផ្លូវបំបែកសាលាបឋមសិក្សាទក្សិណ ប៉ុណ្ណោះ ដែលទើបតែនឹងដាក់ដំណើរការប្រើប្រាស់សាកល្បងកាលពីថ្ងៃអង្គារ កន្លងទៅ។ ចំណែកឯភ្លើងស្តុប៣កន្លែងទៀតកំពុងតែរៀបចំដំឡើង ហើយនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ មន្ត្រី រូបនេះបានបន្តទៀតថា នេះជាគោលការណ៍ថ្មីរបស់អភិបាលខេត្តដែលគិតគូរពីសុវត្ថិភាព ចរាចរណ៍របស់ប្រជាជន។ លើកពីនេះទៅទៀតនោះ ដំណើរការសាកល្បងនេះទើបតែមានរយៈពេល២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែប្រជាជននៅខេត្តកំពង់ចាមហាក់ដូចជាគោរព និងយល់ដឹងពីភ្លើងស្តុបនេះបានល្អណាស់។ កន្លងមក មានតែខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងក្រុងព្រះសីហនុដែលមានភ្លើងស្តុប ដូច្នេះនេះខេត្តថ្មីមួយទៀតដែលមានភ្លើងស្តុបដែរ៕ប្រភពមកពី៖សប្បាយ

អាមេរិកនឹងផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជាពី១២០ ទៅ១៥០នាក់ឆ្នាំ២០១៣នេះ


ស្ថានទូតអាមេរិកនៅកម្ពុជានឹងផ្ដល់អាហារូបករណ៍ ខ្នាតតូចរៀនភាសាអង់គ្លេសឆ្នាំ២០១៣ ដល់សិស្សនិស្សិតក្រីក្រចំនួនពី១២០ ទៅ១៥០នាក់ នៅតាមអង្គការនានាក្នុងប្រទេសកម្ពុជា។ កម្មវិធី អាហារូបករណ៍ “The Access Program” ផ្តល់ដល់សិស្សនិស្សិតក្រីក្រដែលមានអាយុចាប់ពី១៣ដល់២០ឆ្នាំ ឲ្យបានចូលសិក្សាថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង និងវគ្គខ្លីៗរយៈពេល២ឆ្នាំ។ តាមរយៈកម្មវិធីនេះ សិស្សនិសិ្សតនឹងទទួលបានចំណេះដឹងភាសាអង់គ្លេស យល់ដឹងពីវប្បធម៌របស់បរទេស និងការលើកកម្ពស់សមត្ថភាពក្នុងការចូលរួមអភិវឌ្ឍសង្គមកម្ពុជា។ សិស្សនិស្សិតដែលបានទទួលអាហារូបករណ៍នេះ អាចនឹងមានឱកាសបានទៅសិក្សានៅប្រទេសសហរដ្ឋអាមេរិកផ្ទាល់ នាពេលខាងមុខផងដែរ។ អង្គការ នានាអាចចូលរួមដាក់សំណើរសុំអាហារូបករណ៍នេះបាន ដោយគ្រាន់តែជ្រើសរើសសិស្សនិស្សិតរបស់ខ្លួនចំនួន២០ទៅ២៥នាក់ ដោយបង្ហាញថាពួកគេរស់នៅក្នុងស្ថានភាពគ្រួសារក្រីក្រ មានកាតសិស្សត្រឹមត្រូវ មានឆន្ទៈក្នុងការសិក្សារៀនសូត្រ និងមិនធ្លាប់បានអាហារូបករណ៍របស់កម្មវិធីនេះទេពីមុនមក។ ប៉ុន្តែ អង្គការនៅខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តរតនគិរី ក្រចេះ កំពង់ចាម កំពង់សោម កំពង់ឆ្នាំង និងខេត្តបាត់ដំបងមិនអាចដាក់ពាក្យសុំអាហារូបករណ៍នេះបានទេ ដោយសារមានកម្មវិធីនេះជាច្រើនបានអនុវត្តនៅខេត្តក្រុងនោះនាពេល កន្លងមកហើយ។ប្រភពមកពី៖សប្បាយ

Wednesday, July 10, 2013

រុក្ខទិវា ០៧ កក្ដដា




កាលពីព្រឹកថ្ងៃ អង្គារ៏ ទី ០៩ ខែ កក្កដា ឆ្នាំ ២០១៣ នៅខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យរុក្ខទិវា ដែលមានវត្តមានព្រះករុណាព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតី សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្ដេចមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើររបស់ព្រះមហក្សត្រ។​ អគ្គរាជទូតបណ្ដាប្រទេសនានា ឯត្តម អ្នកឧញ្ញា លោក លោកស្រី មន្រ្តីរាជកាល សិស្ស និសិ្សត ព្រះសង្ឃ និងប្រជារាស្រ្តនៅក្នុងខេត្តព្រះសីហនុទាំងមូល។
       រុក្ខទិវានេះប្រារព្ធនៅភូមិ១ ឃុំ អូត្រោះ ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ ក្រោមផ្ទៃដី ២០ ហិតា ដែលមានកូនឈើដូចជា៖ដើមក្រញូង ដើមឈើទាល និង​ ដើមគគី​ ដោយព្រះហស្ត របស់ព្រះអង្គផ្ទាល់។ក្នុងនោះអភិបាលខេត្ត ព្រះសីហនុ និង រដ្ឋមន្ត្រីក្រសូងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានធ្វើសន្តរៈកថាយ៉ាងក្បោះក្បាយ។ព្រះអង្គក៏មានមតិផ្តាំផ្ញើរ និងសួរសុខទុក្ខ ដល់ប្រជារាស្រ្តរបស់ព្រះអង្គផងដែរ។ រុក្ខទិវានេះប្រារព្ធឡើងដើម្បី ធ្វើអោយប្រទេសកម្ពុជាយើង សំបូរព្រៃឈើ ដែលជាមរតកដ៏មានតម្លៃ ចៀសផុតពីគ្រោះមហន្តរាយន៍ផ្សេងៗ ហើយដើមឈើផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស សត្វ និងពិភពលោកទាំងមូលដូចជា៖ធ្វើអោយអាកាសធាតុបរិសុទ្ធ ជាជំរកសត្វព្រៃ ជួយការពារគ្រោះទុរម្ភភឹកផ្សេងៗ....។ព្រៃឈើគឺជាសរសៃឈាមនៃប្រទេសជាតិទាំងមូល មានព្រៃ មានសត្វនោះពិភពលោកនិងស្រស់បំព្រង។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែស្រលាញ់ ថែរក្សាការពារព្រៃឈើ អោយបានគង់វង្ស និងខិតខំដើមឈើឡើងវិញ។ជាចុងក្រោយព្រះអង្គបានប្រទានពរ ដល់ប្រជារាស្រ្តទាំងអស់ជួបប្រទះតែសុខគ្រប់ពេលវេលា។ ហើយព្រះអង្គបានប្រទានអំណោយដល់អ្នកក្រីក្រ ចាស់ជរា ជនពិការ លោគ្រូអ្នកគ្រូ និង សិស្សានុសិស្ស៕


មានព្រៃឈើ មានទឹក មានទឹកនោះប្រទេសរីកចំរើន
សរសេរដោយ៖ ជន ចន្រ្តា

Saturday, July 6, 2013

រៀន៥មុខឥតគិតថ្លៃនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នឹងបើកវគ្គIntensive Program ដែលមានវាគ្មិនពីប្រទេសកូរ៉េជាច្រើនរូបចូលមកបង្រៀន និងចែករំលែកបទពិសោធន៍។ តើអ្នកចង់ចូលរួមទទួលយកនូវបទពិសោធន៍ និងចំនេះដឹងដែលពាក់ព័ន្ធនឹងវិស័យផ្សេងៗនៅក្នុងប្រទេសកូរ៉េ ដែរឬទេ? វគ្គបណ្ដុះបណ្តាលនេះនឹងបង្ហាញពីបទពិសោធន៍របស់ប្រទេសកូរ៉េក្នុងវិស័យបច្ចេកវិទ្យា នយោបាយអប់រំ និងចំណេះដឹង ដែលជួយពង្រឹងដល់សមត្ថភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងគុណភាពនៃជីវិត។ វគ្គនេះរួមមានមុខវិជ្ជាចំនួន៥ដូចជា Electronic government , IS Planning and ERP system, រដ្ឋបាលសាធារណៈ (Public Administration), គ្រប់គ្រងពាណិជ្ជកម្មបែបកូរ៉េ (Korean Business Administration) , និងការអភិវឌ្ឍសេដ្ឋកិច្ចបែបកូរ៉េ (Korean Economic Development)។ វគ្គនេះអនុញ្ញាត្តឲ្យបេក្ខជនចូលរួមសិក្សាដោយឥតគិតថ្លៃ ហើយបើកសម្រាប់ មន្ត្រីរាជការ បុគ្គលិកតាមសាកលវិទ្យាល័យ ឬអង្គការ និងនិស្សិតដែលទើបតែនឹងបញ្ចប់ការសិក្សា។ ដោយឡែកបេក្ខជនទាំងអស់ត្រូវផ្ញើCV និងសញ្ញាបត្រភាសាអង់គ្លេសដើម្បីសុំចុះឈ្មោះចូលរៀន។ សម្រាប់មុខវិជា្ជនីមួយៗកំណត់យកតែបេក្ខជនត្រឹមតែ៣០នាក់ប៉ុណ្ណោះ។ បន្ទាប់ពីប្រលងជាប់វគ្គសិក្សានេះហើយបេក្ខជននឹងទទួលបានសញ្ញាបត្រដែលចេញដោយវិទ្យាស្ថានIPAID និងCKCC។ប្រភពមកពី៖សប្បាយ

Thursday, July 4, 2013

ខ្ញុំជាស្រីស្អាត ហើយខ្ញុំមានសង្សារច្រើន!

ខ្ញុំស្រលាញ់អ្នក?…I love you ? បងស្រលាញ់អូន…? គឺមិនមែនទាំងអស់។ គេអត់បានសរសេរអញ្ចឹងទេ ប៉ុន្តែគេគូររូបផ្កាកុលាបមួយទង និងសត្វលលកពីរដាក់ក្នុងនោះ។ អ្ហូ៎!ភ្លេចប្រាប់! ចា៎ះគឺខ្ញុំកំពុងនិយាយពីបុរសម្នាក់ដែលសារភាពស្នេហ៍មករកខ្ញុំ តាមរបៀបចម្លែកៗ គឺដំបូងធ្វើជាអត់មករៀនមួយថ្ងៃ ហើយបន្ទាប់មកក៏ធ្វើជាខ្ចីសៀវភៅខ្ញុំទៅ ហើយស្អែកឡើងពេលខ្ញុំបានសៀវភៅមកវិញស្រាប់តែបើកទៅឃើញគេគូររូប ផ្កាកុលាបមួយទង និងសត្វលលក។ ពេលចេញពីរៀនគេឈរចាំខ្ញុំនៅកន្លែងយកម៉ូតូ ខ្ញុំសួរថាគំនូរអីក្នុងសៀវភៅខ្ញុំ គេអត់មាត់ហើយគិតតែពីជិះម៉ូតូតាមខ្ញុំ ជិតដល់ផ្លូវកាច់ចូលផ្ទះខ្ញុំទើបគេនិយាយពីចម្ងាយថា “គំនូរនោះជាពាក្យសារភាពស្នេហ៍ណា៎ ដឹងអត់?”។ រឿងហ្នឹងកើតឡើងតាំងពីជាង១២ឆ្នាំមុន។ គឺពេលខ្ញុំនៅរៀនថ្នាក់ទី១០។ ខ្ញុំនិងគេនៅក្មេងណាស់ប្រៀបជាមួយឥឡូវ តែកាលហ្នឹងយើងម្នាក់ៗសុទ្ធតែគិតថាខ្លួនឯងធំហើយ! ដឹងច្បាស់ហើយថាស្នេហាជាអ្វី។ ទោះយ៉ាងណាសម្រាប់សិស្សវិទ្យាល័យដូចលុចហើយនិងខ្ញុំ ស្នេហាតាមន័យត្រង់សម្រាប់ពួកយើងគឺជាការស្រលាញ់ដោយគ្មាន លក្ខខណ្ឌទេ។ យើងមិនដែលខ្វល់ទេថាប៉ាម៉ាក់គេគិតយ៉ាងណា គេជាអ្នកណា ក្រ ឬមាន ប៉ុន្តែខ្ញុំចាប់អារម្មណ៍គេដោយសារគេរៀនពូកែ ហើយគេកូនកាត់ចិន មានភ្នែកតូចៗ តែសាច់ជ្រះហើយគេខ្ពស់ស្គម ដល់តែងើយនិយាយទើបបានឃើញភ្នែកស្រទន់ស្លូតរបស់គេ។ នៅក្នុងសាលា ឲ្យតែអ្នកណាម្នាក់មានសង្សារ គឺត្រូវគេទុកថាជាជើងល្អ រៀនអត់ពូកែហើយមិនសូវឃើញមករៀនទៀងទេ តែសម្រាប់លុច គេរៀនពូកែណាស់ គេជាសិស្សគំរូ ជាប្រធានថ្នាក់ និងជាអ្នកដែលខ្ញុំចាប់អារម្មណ៍តាំងពីដំបូង។ តែទោះបីជាគេសារភាពមុនហើយក៏ដោយ ខ្ញុំនៅតែយល់ថាវាឆាប់ណាស់ក្នុងការមានសង្សារ អញ្ចឹងហើយខ្ញុំធ្វើហីៗហើយធ្វើដូចមិនយល់ការអីទេ។ ទោះយ៉ាងណា ខ្ញុំពូកែប្រចណ្ឌបំផុត ឲ្យតែឃើញលុច និយាយជាមួយស្រីផ្សេង ខ្ញុំអត់មើលមុខគេពីរបីថ្ងៃ ហើយមិននិយាយរកគេទៀត។ គេជានិច្ចកាលតែងតែតាមអង្វរខ្ញុំ ទិញអំពិលត្រាំមកផ្ញើ ព្រោះដឹងថាខ្ញុំចូលចិត្ត ហើយពិសេសពេលប្រលងម្ដងៗតែងតែងាកមកមើលខ្ញុំខ្លាចខ្ញុំមិនចេះ ធ្វើ។ ពេលចេញពីរៀនគេជិះតាមខ្ញុំត្រុកៗរហូតដល់ផ្លូវចូលផ្ទះខ្ញុំទើប គេបែកចេញទៅ។ សេចក្ដីសុខនេះតាមលម្អជីវិតជំទង់របស់ខ្ញុំរហូតដល់ពេលមួយខ្ញុំ លែងមានគេ។ គេមកប្រាប់ថាចប់បាក់ឌុបគេត្រូវចេញទៅរៀននៅវៀតណាម ព្រោះពូគេជួយរកវិធីឲ្យគេបានចូលរៀនខាងពេទ្យនៅហាណូយ ព្រោះពូគេធ្វើធំនៅក្រសួង ហើយប្រពន្ធគាត់ជាវៀតណាមសុទ្ធ។ ដូចពាក្យថាមានស្នេហាតែងមានវិបត្តិ ព្រោះថាស្នេហាក្រៅពីត្រូវការឲ្យគេយល់ចិត្តយើង ហើយមានចិត្តឲ្យយើងដែរនោះ យើងថែមទាំងត្រូវការឲ្យគេនៅជិតយើងផង។ ខ្ញុំពិតជាហ្មងសៅហើយយល់ថាជីវិតលែងមានន័យអីទៀតហើយ ពេលដែលយើងបែកគ្នា។ ស្នេហាពេលជំទង់ជាស្នេហាអស្ចារ្យ ទោះមិនបាននិយាយចេញ តែតាមពិតក្នុងបេះដូងខ្ញុំមានតែគេ។ សូម្បីតែគេ ក៏គេនិយាយដែរថាគេមិនចង់ទៅជាដាច់ខាត តែគេចង់ក្លាយជាពេទ្យដែរ ដើម្បីអាចរកស៊ីចិញ្ចឹមខ្ញុំបាន។ គេយំច្រើនជាងទឹកភ្នែកខ្ញុំស្រក់ទៅទៀត នៅពេលយើងបែកគ្នា ហើយមុនចេញទៅ គេគូររូបខ្ញុំ និងគេក្នុងសៀវភៅដដែលរបស់ខ្ញុំ ហើយសរសេរថា “សុង ដឺលុច ស្រលាញ់ ពេជ្រ វណ្ណរី”។ ១០អាទិត្យជាងដែលគេចេញទៅ ទើបខ្ញុំបានទទួលសំបុត្រគេផ្ញើមក។ នោះគឺថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៩៩។ គេសរសេររៀបរាប់ច្រើនណាស់ថាគេពិបាកញ៉ាំ មិនចេះធ្វើម្ហូប ហើយមានស្រីៗវៀតណាមយកម្ហូបទៅឲ្យរហូត ព្រោះម៉ែនារីទាំងនោះចង់បានកូនប្រសាជាប្រុសខ្មែរ ហើយជាដុកទ័រ។ ខ្ញុំឮហើយប្រចណ្ឌគេយំរហាម ស្មានតែថាគេក៏ពេញចិត្តស្រីវៀតណាមអស់ហ្នឹងដែរ។ នៅថ្ងៃបុណ្យ Valentine គេផ្ញើកាបូបស្រីមួយមកឲ្យខ្ញុំ។ ខ្ញុំដឹងថារបស់នោះជារបស់វៀតណាមដែលខ្ញុំមិនសូវចូលចិត្តប្រើទេ តែខ្ញុំស្រលាញ់គេពេក ខ្ញុំក៏ស្រលាញ់របស់នោះទៅ។ ទោះយ៉ាងណា ស្នេហារបស់ពួកយើងនៅតែចុះចាញ់សុភាសិតមួយដែលថា ឃ្លាតកាយណាយចិត្ត។ នៅឆ្នាំទី២ នៅសាលាច្បាប់ ខ្ញុំស្គាល់គេម្នាក់ទៀតដែលជានិស្សិតមកពីខេត្ត គេឈ្មោះថា ភក្ត្រា។ ភក្ត្រាចិត្តល្អ ហើយស្លូត ប៉ុន្តែរៀនពូកែដែរ។ ដំបូងខ្ញុំដឹងថាគេស្រលាញ់ខ្ញុំ ខ្ញុំក៏រាប់អានគេលេងៗ ព្រោះយល់ថាគ្មានអីខាតបង់ទេ គ្រាន់តែល្អចំពោះអ្នកដែលចូលចិត្តយើង។ តែទីបំផុតខ្ញុំក៏បាក់ចិត្តលើគេ ហើយភ្លេចសុង ដឺលុច។ ម្ដងម្កាលពេលបានទទួលសំបុត្រគេ ខ្ញុំមានអារម្មណ៍ថាទើសទាល់ ហើយពិបាកចិត្តដូចធ្លាប់បានស៊ីញេកុងត្រាអ្វីម្យ៉ាងពិបាកក្នុងការ ល្មើសអញ្ចឹងដែរ។ ទោះយ៉ាងណាខ្ញុំនៅតែរក្សាទំនាក់ទំនងជាមួយគេធម្មតា។ ក្រោយបន្តិចមកខ្ញុំបានទទួលសំបុត្រគួរឲ្យភ្ញាក់ផ្អើលមួយ គឺដឺលុចសរសេរមកខ្ញុំថា ពូគាត់ចង់ឲ្យគាត់ភ្ជាប់ពាក្យជាមួយកូនស្រីពៅរបស់ពេទ្យភ្នែកល្បី ឈ្មោះម្នាក់នៅភ្នំពេញ។ គាត់ថាគាត់ពិបាកចិត្តណាស់ ព្រោះពូគាត់មានឥទ្ធិពលលើគ្រួសារគាត់ ព្រោះចេញពី ប៉ុល ពត មក ប៉ាគាត់ជាជាងអេឡិចត្រូនិក មិនអាចផ្គត់ផ្គង់គ្រួសារបានពេញលេញទេ បានពូគាត់ជាអ្នកជ្រោមជ្រែងជាច្រើនផ្នែក។ ខ្ញុំឮអញ្ចឹងស្រាប់តែពិបាកចិត្តផង សប្បាយចិត្តផង។ មួយគិតចង់បែកពីគាត់ជាផ្លូវការ មួយទៀតអាណិតចិត្តដ៏ត្រង់របស់លុច។ ខ្ញុំនិយាយតបគាត់តាមសំបុត្រវិញថា “ខ្ញុំមិនចង់ឲ្យលុចពិបាកចិត្តទេ។ លុចធ្វើតាមគ្រួសារទៅ ហើយកុំពិបាកចិត្តអី ធ្វើម៉េចយើងមិនមែនជាគូព្រេងនឹងគ្នា។ ខ្ញុំសប្បាយចិត្តពេលលុចធ្វើជាកូនប្រុសកតញ្ញូ ហើយកុំបារម្ភពីខ្ញុំអី។” គេឡើងមកភ្ជាប់ពាក្យជាមួយគូដណ្ដឹងគេនៅឆ្នាំ២០០១ ហើយបានស្កាត់ជួបខ្ញុំព្រមទាំងបង្ហាញរូបថតពួកគេឲ្យខ្ញុំមើល ទៀត។ នារីនោះរៀនសាលាពេទ្យនៅភ្នំពេញ ជាកូនអ្នកមាន ពួកគេធ្វើការនៅពេទ្យព្រះអង្គឌួង។ ម្ដងនេះខ្ញុំអត់មានអារម្មណ៍ច្រណែនអីបន្តិចទៀតសោះ ហើយខ្ញុំជូនពរពួកគេ តែអារម្មណ៍ដែលនៅសល់ គឺខ្ញុំអាណិតលុចព្រោះគេក្រៀមក្រំណាស់មុនពេលទៅវៀតណាមវិញ។ រយៈពេលនោះខ្ញុំបើកបេះដូងទទួលយកស្នេហាជាមួយភក្ត្រាពេញទី ហើយគិតគូររហូតដល់រឿងរៀបការ និងការងារក្រោយពេលរៀនចប់។ ពួកយើងកសាងអនុស្សាវរីយ៍ជាច្រើនរហូតដល់ការទាក់ទងនោះបានអាយុ ២ឆ្នាំកន្លះទើបយើងដឹងថាយើងពិបាកក្នុងការកសាងអនាគតរួមគ្នា។ ក្នុងពេលជួបគ្នាជាចុងក្រោយ គឺខ្ញុំជាអ្នកសុំបែកគេ ដោយសារខ្ញុំធុញនឹងគេពីរបីខែមកហើយ គាប់ជួនមានឱកាសខ្ញុំក៏សុំបែកគេត្រង់ៗតែម្ដង។ នោះគឺពេលបងត្រារកការងារធ្វើអត់ទាន់បាន ហើយខ្ញុំបានការងារនៅសាកលវិទ្យាល័យមួយមុនគាត់ក្នុងនាមជាបុគ្គលិក ផ្នែកបេឡា។ -បើណារីឯងឧស្សាហ៍ជិះជាមួយគេទៀត គង់តែមានថ្ងៃត្រូវគេនិយាយទេ! ប្រធានណារីឯងមានប្រពន្ធហើយ! ណារីឯងប្រយ័ត្នគេយល់ច្រឡំ! ខ្ញុំយល់ពីអ្វីដែលបងត្រាចង់និយាយ តែខ្ញុំនៅតែមានៈតស៊ូសម្ដី ព្រោះធុញនឹងចរិតតាមដានរបស់គាត់៖ -គ្មានអ្នកណានិយាយទេ ហើយក៏គ្មានអ្នកណាគេយល់ខុសដែរ គឺមានតែបងត្រាឯងម្នាក់គត់! មនុស្សចិត្តចង្អៀត មើលអីតែក្នុងផ្លូវអាក្រក់! បងត្រាខំអត់ធ្មត់បន្តិច ទើបឆ្លើយតបមកវិញ៖ -បើយើងមានះដើរសួរគេមើល! វាសមដែរសម្រាប់មនុស្សស្រីដែលឡើងជិះឡានប្រុសៗអញ្ចឹង? ខ្ញុំឆ្លើយតបវិញវឹង៖ -ខ្ញុំគ្មានពេលទំនេរច្រើនដូចបងឯងទេ! ខ្ញុំមានការធ្វើ! ខ្ញុំអត់មានពេលដើរសួរ ឬមួយគិតរឿងអត់ប្រយោជន៍ច្រើនម្ល៉ឹងទេ! សម្ដីខ្ញុំហាក់ចង់មើលងាយគាត់ថាគាត់អត់ទាន់រកការងារបាន ធ្វើ។ ខ្ញុំមិនខ្វល់ទេថាជាពាក្យបញ្ឆិតបញ្ឆៀងដែលធ្វើឲ្យគាត់ខូចចិត្ត។ តាមពិតនោះជាមុខមាត់របស់មនុស្សប្រុស។ បើគេនិយាយយើងមិនស្ដាប់ ហើយយើងមើលងាយសមត្ថភាពគេទៀត ទោះស្រលាញ់ខ្ញុំប៉ុណ្ណា ក៏បងត្រាចាប់ផ្ដើមគេចមុខពីខ្ញុំ។ ពីដំបូងខ្ញុំយល់ថា គាត់ជាមនុស្សប្រចណ្ឌគ្មានបានការ រស់នៅជាមួយគ្នាទៅរឹតតែមានបញ្ហាលើសដើម ដូចនេះខ្ញុំក៏មិនខ្ចីរវល់តាមទ្រគាត់ដែរ។ សំខាន់ខ្ញុំជាស្រីស្អាតដែលមានគេតាមស្រលាញ់ច្រើន ខ្ញុំយល់ថាសង្សារមិនពិបាករកទេសម្រាប់ ពេជ្រ វណ្ណារី។ ទីបំផុតយើងបានបែកពីគ្នាជាស្ថាពរនៅឆ្នាំ២០០៤។ គឺកាលហ្នឹងខ្ញុំបានកសាងស្នេហាជាមួយបងប្រុសមិត្តថ្មីម្នាក់នៅ កន្លែងធ្វើការរបស់ខ្ញុំ។ ខ្ញុំស្រលាញ់គាត់យ៉ាងខ្លាំងដោយសារគាត់មានតួនាទីគួរសមក្នុង ស្ថាប័នរដ្ឋ ហើយមានរូបរាងឡូយសង្ហាសមជាមួយស្រីស្អាតដូចខ្ញុំ។ គាត់ឈ្មោះបងចិត្រ។ គាត់មិនសូវចេះនិយាយច្រើន និងយកចិត្តស្រីៗ តែខ្ញុំទទួលយកបានដោយសារគាត់ជាបុរសលេចធ្លោហើយមានស្រីៗជាច្រើន បរាជ័យក្នុងការបានបេះដូងគាត់ ដូចនេះពេលបានគាត់ជាសង្សារ ខ្ញុំយល់ថាខ្លួនឯងអស្ចារ្យជាងគេណាស់ ហើយខ្លាចបាត់បង់គាត់ជាទីបំផុត ។ ចរិតជាស្រីស្អាតដែលតែងតែមានគេតាមស្រលាញ់ និងយកចិត្ត ត្រូវផ្លាស់ប្ដូរដោយសារខ្ញុំចេះយកចិត្តថ្លើមសង្សារ និងធ្វើខ្លួនបើកទូលាយគួរឲ្យស្រលាញ់ជាងធ្វើជាមួយអ្នកមុនៗ។ ខ្ញុំតែងតែធ្វើឲ្យគាត់ដឹងថាគាត់គឺជាដង្ហើម ជាសេចក្ដីសង្ឃឹមរបស់ខ្ញុំ បើគ្មានគាត់ខ្ញុំនឹងមិនដឹងថាត្រូវធ្វើម៉េចទេ។ តែទីបំផុតយើងនៅតែត្រូវបែកគ្នា ទោះបីខ្ញុំខំការពារអស់មួយទំហឹងក៏ដោយ…..។ នេះជាសម្ដីម្ដាយគាត់ដែលនិយាយជាមួយខ្ញុំនៅថ្ងៃនោះ…..៖ -ពួកកូនឯងទុករាប់គ្នាទៅ! បងឯងវាមិនសមនឹងឯងទេ! ម៉ាក់អ៊ំមើលកូនគេទុកឲ្យយូរហើយ ព្រោះដឹងថាបងឯងវាមិនចេះខុសចិត្តម្ដាយទេ! មនុស្សគេយកសម្ដី! បើឲ្យម៉ាក់អ៊ំលេបសម្ដីនឹងគេ ម៉ាក់អ៊ំសុខចិត្តអត់ដកដង្ហើម! នេះជាសម្ដីដែលស្ត្រីអ្នកមាន អ្នកថ្លៃថ្នូរនោះនិយាយមកកាន់ខ្ញុំ។ ទោះបីគាត់ពូកែនិយាយ តែខ្ញុំនៅតែដឹងថា តាមពិតឋានៈរបស់ខ្ញុំទេដែលជាបញ្ហា។ គាត់គ្រាន់ចង់ឲ្យបងចិត្រយកប្រពន្ធអ្នកមាន ដែលអាចឲ្យគ្រួសារពឹងពាក់បាន។ ខ្ញុំបរាជ័យក្នុងការយកឈ្នះគាត់ ទោះបីប្អូនស្រីបងចិត្រយល់ចិត្តខ្ញុំ នាងឈរខាងខ្ញុំក៏គ្មានបានការ ព្រោះខ្ញុំស្រលាញ់ប៉ះបុរសដែលដេកឱបម៉ែ ហើយគាត់ធ្វើអ្វីទាំងអស់ដើម្បីម្ដាយគាត់។ រយៈពេលនោះ គឺជារយៈពេលដ៏ឈឺចាប់បំផុតក្នុងជីវិតខ្ញុំ។ ពីរបីឆ្នាំកន្លងមកហើយ បេះដូងខ្ញុំនៅតែឈឺ ឲ្យតែឮគេនិយាយពីឈ្មោះបងចិត្រ។ តាមរយៈ Facebook នៅឆ្នាំ២០០៧ ខ្ញុំបានសេពគប់បុរសអាណិកជនម្នាក់ឈ្មោះពី ប៉ុន្តែមិនមែនមានន័យថាខ្ញុំអាចបំភ្លេចបងចិត្របាន ដូចកាលជាមួយដឺលុច និងបងត្រាទេ ប៉ុន្តែគឺខ្ញុំធ្វើដើម្បីឲ្យខ្លួនឯងអាចចាកចេញពីភ្នំពេញ និងចាកចេញពីអនុស្សាវរីយ៍ទាំងអស់របស់ពួកយើង។ តែនៅពេលដែលខ្ញុំសេពគប់គ្នាបានជិត១ឆ្នាំ ខ្ញុំទើបនឹងដឹងថាបុរសនោះធ្លាប់រៀបការ និងមិនទាន់លែងលះដាច់ស្រេចនៅអាមេរិក ដូច្នេះគេគ្មានអ្វីអាចធានាខ្ញុំចេញបាន ខ្ញុំក៏បែកគាត់ទៀត។ មកដល់អាយុ២៦ឆ្នាំ ខ្ញុំលែងខ្វល់ចង់បានស្នេហ៍ស្មោះ។ ខ្ញុំប្រាប់ខ្លួនឯងថា បើប្រុសណាគ្មានផលប្រយោជន៍ឲ្យខ្ញុំ ខ្ញុំគ្មានផ្លូវចូលទៅជិតទេ។ ដូច្នេះហើយខ្ញុំចាប់ផ្ដើមងើយមើលលើ ហើយមិនខ្វល់ថាពួកម៉ាកខ្ញុំរៀបការអស់រលីងឡើយ។ ខ្ញុំលែងយល់ថាភ្លេងការវាសំខាន់ទៀតហើយ តែខ្ញុំចង់រកលុយឲ្យបានច្រើន មានផ្ទះផ្ទាល់ខ្លួន និងមានរថយន្តទំនើប ទើបខ្ញុំអាចមានសុភមង្គល។ ដូចដឹងស្រាប់ហើយ សម្រស់ និងមន្តស្នេហ៍របស់ខ្ញុំមិនបានធ្វើឲ្យខ្ញុំខុសចិត្តទេ។ ឆ្នាំ២០០៩ ខ្ញុំបានយល់ព្រមទទួលយកការទំនុកបម្រុងរបស់លោកបញ្ញាវង្ស។ គាត់ជាមេធាវី និងជាអ្នកជំនួញអចលនវត្ថុផង។ គាត់ជាអ្នកមានដែលអាចទិញឲ្យខ្ញុំនូវកាដូផ្ទះសម្រាប់ការ ចាប់ផ្ដើមជីវិតមានម្ចាស់របស់ខ្ញុំ ហើយកាដូរថយន្ត៨ម៉ឺនដុល្លារសម្រាប់ថ្ងៃកំណើត២៧ឆ្នាំរបស់ខ្ញុំ។ គាត់មានវ័យ៥៥ឆ្នាំ មានកូន៣នាក់ដែលមានវ័យប្រហាក់ប្រហែលនឹងខ្ញុំ ចំណែកភរិយារបស់គាត់ល្បីថាកាចជាទីបំផុត ប៉ុន្តែខ្ញុំនៅតែអាចគេចពីភ្នែកស្ត្រីនោះបានប្រកបដោយ សុវត្ថិភាព។ ខ្ញុំរស់នៅជាមួយលោកបញ្ញាវង្សបានកូនប្រុសម្នាក់វ័យ២ឆ្នាំកន្លះ។ ជារឿយៗយើងទៅដល់កន្លែងកម្សាន្ត ឬភោជនីយដ្ឋាននានាដោយមិនទាន់បានហូបផងត្រូវគេចចេញមកវិញប្រផាប់ ប្រភីង ដោយសារវាក់អើនឹងក្រុមគ្រួសារគាត់។ សំខាន់គឺខ្ញុំខ្លាចកូនខ្ញុំហៅរកឪពុកគ្មានខាន់ស្លារបស់គេ។ ជារឿយៗ ម៉ែកូនយើងត្រូវនៅកណ្ដោចកណ្ដែង គ្មានលោកបញ្ញាវង្សទេ ពិសេសពេលបុណ្យទានគឺកាន់តែគ្មានគាត់ ព្រោះគាត់មិនអាចឃ្លាតពីគ្រួសារគាត់ឡើយ។ យើងដើរកម្សាន្តជាមួយបងប្អូន ហើយគ្មានអ្នកណាហ៊ានសួរពីឪពុករបស់កូនខ្ញុំដែរ ដោយសារខ្ញុំតែងយកលេសថាគាត់ទៅបរទេស។ ទំនាក់ទំនងខ្ញុំ និងមិត្តភ័ក្ដិនានាភាគច្រើន កាត់ផ្ដាច់ដោយសារស្ថានភាពរបស់ខ្ញុំពិបាកក្នុងការចេញមុខជួបពួកគេ ណាស់។ កាលពីដំបូង ខ្ញុំយល់ថាឲ្យតែមានលុយ គឺខ្ញុំមានអ្វីគ្រប់យ៉ាង តែឥឡូវមានយប់ខ្លះខ្ញុំនឹកចង់បកក្រោយ។ ពេលមួយរើសម្ភារៈចាស់ៗមកមើលលេង ខ្ញុំឃើញគំនូរដឺលុចក្នុងសៀវភៅនោះ។ ខ្ញុំលែងស្រលាញ់គេយូរហើយ តែហេតុអ្វីគំនូរនោះធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ តាមពិតខ្ញុំអត់ស្ដាយក្រោយទេ ព្រោះអ្វីៗមានដំណាក់កាលប្រែប្រួលក្នុងជីវិតមនុស្សម្នាក់ៗ ហើយក៏គ្មានអ្នកណាម្នាក់មានសិទ្ធិរិះគន់យើងដែរ។ ដែលសំខាន់គឺយើងមានហេតុផលផ្សេងៗគ្នាក្នុងការតម្រង់គោលដៅអនាគត។ ទឹកភ្នែកខ្ញុំស្រក់ ព្រោះតែខ្ញុំស្ដាយវត្ថុម្យ៉ាងមានតម្លៃបំផុតក្នុងជីវិតយើង គ្រប់គ្នា នោះគឺស្នេហាស្មោះ។ ស្នេហាដំបូងក្នុងយុវវ័យរបស់យើងដែលគ្មានលក្ខខណ្ឌ និងគ្មានខ្វល់ខ្វាយពីផលប្រយោជន៍។ ហេតុអ្វីឆាប់បាត់បង់? ងាយយល់ទេ ព្រោះយើងនៅក្មេងពេក ដល់ថ្នាក់មិនចេះថែរក្សាវា។ ចុះហេតុអ្វីស្នេហាក្រោយៗមក ពេលយើងមានប្រាជ្ញាចេះយល់ការរាក់ជ្រៅហើយនៅតែបាត់បង់ទៀត? ស្រួលយល់ណាស់ នោះព្រោះតែយើងលែងមានចិត្តបរិសុទ្ធទៀតហើយ គឺយើងមានស្នេហាដោយភ្ជាប់នូវលក្ខខណ្ឌមហិច្ឆតា សម្ភារៈនិយម និងមុខមាត់។ ជីវិតមនុស្សយើងហេតុអ្វីក៏ដើរទៅមុខលឿនយ៉ាងនេះ? និស្សិតស្រីអាហារូបករណ៍ផ្នែកច្បាប់ដែលមាននិទ្ទេសពិន្ទុដ៏ល្អ ម្នាក់ បែរជារស់នៅរបៀបដូចខ្ញុំ? តើលទ្ធផលចុងក្រោយនេះ បញ្ហារបស់លោកមារបស់ដឺលុច របស់បងត្រា របស់ម្ដាយបងចិត្រ របស់អាណិកជនដែលកុហកបោកប្រាស់ ឬមួយជាការល្មោភតណ្ហារបស់លោកបញ្ញាវង្ស….ឬមួយជាបញ្ហារបស់ខ្ញុំ ផ្ទាល់? បើសិនខ្ញុំនៅតែជាស្រីស្អាត ស្មោះបរិសុទ្ធ រៀនពូកែដូចកាលនៅរៀន ហើយមានតែដឺលុចក្នុងបេះដូង តើខ្ញុំអាចមានសុភមង្គលជាងសព្វថ្ងៃដែរទេ? ខ្ញុំស្រក់ទឹកភ្នែកលាងអតីតកាលខ្លួនឯង ហើយខ្ញុំបួងសួងឲ្យស្រីស្អាតទាំងអស់ក្នុងប្រទេសយើងអាចគេចផុតពី ស្រមោលស្នេហារបៀបខ្ញុំនេះ។ ខ្ញុំយល់ថាបើយើងរើសសង្សារ មិនមានឋានៈ តួនាទី ឬស្ថានភាពស្នេហាខុសពីយើងខ្លាំងពេក ក៏យើងមិនសូវជួបរឿងបំបែកបំបាក់ដ៏ឈឺចាប់ដូចស្នេហារបស់ខ្ញុំ និងបងចិត្រនោះដែរ ហើយបើបន្ទាប់ពីរឿងអពមង្គលមួយនោះ ខ្ញុំចេះទុកឱកាសឲ្យខ្លួនឯងសាជាថ្មីព្រមបំភ្លេចគេ ខ្ញុំក៏ប្រហែលជាមិនបណ្ដោយខ្លួនឯងឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ អាណិកជនត្បាញអាយ និងក្រញាំលោកបញ្ញាវង្សដែរ។ ប្រការដែលគួរឲ្យស្ដាយបំផុត គឺទម្រាំយើងដឹងពីអត្ថន័យពិតនៃសុភមង្គល វាប្រហែលជាហួសពេលនឹងកសាងវាទៅហើយ។ ខ្ញុំបានត្រឹមសម្លឹងសុភមង្គលរបស់ស្ត្រីជាច្រើនទៀតហើយច្រណែនជោគ វាសនារបស់គេដែលមានបុរសល្អម្នាក់នៅជាមួយគេជានិច្ចកាល។ មនុស្សជាច្រើនហៅវាថាជាព្រហ្មលិខិត តែខ្ញុំសូមហៅវាថាជាមេរៀនសម្រាប់ស្រីស្អាតផ្សេងទៀត។ប្រភពមកពី៖សប្បាយ

រួសរាន់ឡើង! អាហារូបករណ៍អាមេរិកធ្លាក់មកដល់កម្ពុជាហើយ

ផ្សាយក្នុងផ្នែក ព័ត៌មានសង្គម ដោយ phalla.somalina កាលពី 10 mins ago 0 Comment(s) ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសផ្តល់អាហារូបករណ៍ហាំហ្រ្វី (Hubert H. Humphrey) ប្រចាំឆ្នាំ២០១៤-២០១៥ ដល់បេក្ខជនឲ្យបានទៅសិក្សានៅសាកលវិទ្យាល័យនានា នៅសហរដ្ឋអាមេរិក។ តាមរយៈអាហារូបករណ៍នេះ បេក្ខជននឹងទទួលបាននូវភាពជាអ្នកដឹកនាំ សម្រាប់ថ្ងៃអនាគត និងយល់ដឹងពីសង្គមវប្បធម៌ និងនយោបាយរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញ អាហារូបករណ៍នឹងផ្តល់ជូនលើជំនាញជាច្រើនក្នុងផ្នែកដូចជា ការអភិវឌ្ឍ, នយោបាយ, ការអប់រំ, និងសុខភាពសាធារណៈ។ លក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានឆន្ទៈសិក្សា លើជំនាញដែលខ្លួនជ្រើសរើស មានបទពិសោធន៍ការងារយ៉ាងតិច៥ឆ្នាំ (ទាក់ទងនឹងជំនាញ) ត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងមានពិន្ទុTOEFLចាប់ពី៥២៥ឡើង។ ដោយឡែក រាល់ការចំណាយផ្សេងៗដូចជា ថ្លៃសិក្សា ថ្លៃធ្វើដំណើរទៅមក និងថ្លៃស្នាក់នៅ គឺភាគីអាមេរិកជាអ្នកទទួលបន្ទុកទាំងអស់។ កាលបរិច្ឆេទឈប់ទទួលពាក្យគឺនៅថ្ងៃទី១៩ ខែសីហា ខាងមុខនេះ។ពត៌មានមកពី៖សប្បាយ
ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រ cambodia.usembassy.gov

Wednesday, July 3, 2013

ជិះ​ទូក​កម្សាន្ត​ចាប់​ផ្ដើម​ពេញ​និយម​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ!

ទូក​តូច​ធំ​​​តែង​តម្រៀប​គ្នា​ជារៀង​រាល់​ថ្ងៃ​ តាម​មាត់​ទន្លេ​ មុខ​ទីស្នាក់​ការ​ក្រុម​ប្រឹក្សា​​អភិវឌ្ឍ​កម្ពុជា​ ក្បែរ​វត្ត​ភ្នំ​ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី។ ពី​ដើម​ឡើយ​ ទូក​ទាំង​នេះ​ទទួល​បាន​តែ​ភ្ញៀវ​បរទេស​តែ​ប៉ុណ្ណោះ​ តែ​បច្ចុប្បន្ន​នេះ​ប្រជាជន​ខ្មែរ​ក៏​បែរ​មក​ចាប់​អារម្មណ៍​ជិះ​ទូក​កម្សាន្ត​បែប​នេះ​ដែរ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប្រជាជន​ខ្មែរ​តែង​មក​ជិះ​ទូក​កម្សាន្ត​ពុំ​សូវ​ដាច់។ អ្នក​ខ្លះ​មក​ជា​គូ​ តែ​អ្នក​ខ្លះ​ទៀត​មក​ជា​គ្រួសារ​ ឬ​មួយ​ស្ថាបន​ដែល​ខ្លួន​កំពុង​​ធ្វើ​ការ។ ថ្ងៃ​ដែល​គេ​និយម​មក​ជិះ​កម្សាន្ត​​ច្រើន​ជាង​គេ​ គឺ​ថ្ងៃ​ចុង​សប្តាហ៍។ សិក្ខា​កាម​ម្នាក់​មក​ពី​ខេត្ត​កំពត​ដើម្បី​ចូល​រួម​វគ្គ​បណ្តុះ​បណ្ដាល​ទាក់​ទង​នឹង​សុខ​ភាព​ស្រ្តី​ យុវតី​ សេង​ សីដា​ ដែល​បាន​មក​ជិះ​ទូក​កម្សាន្ត​នៅ​ល្ងាច​​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​ បាន​ឲ្យ​ដឹង​ថា​ មិត្ត​ភ័ក្ត​របស់​នាង​ដែល​រស់​នៅ​ភ្នំពេញ​យូរ​ហើយ​ ជា​អ្នក​ណែ​នាំ​នាង​មក​ជិះ​ទូក​នេះ។ សេង សីដា​ បញ្ជាក់​ថា៖ “ខ្ញុំ​បបួល​មិត្ត​ខ្ញុំ​ថា​ទៅ​លេង​ផ្សារ​ទំនើបទេ​​ ពេល​មក​​ភ្នំពេញ​លើក​នេះ​ តែ​មិត្ត​ខ្ញុំ​ស្តី​ឲ្យ​ខ្ញុំ​ថា​ អី​ក៏​ស្រែ​ម៉្លេះ! គេ​ថា​ ខ្ញុំ​មិន​ទាន់​សម័យ​សោះ។ ការ​ទៅ​លេង​ផ្សារ​ទំនើប​ គឺ​គេ​និយម​តាំង​ពី​ប្រាំ​ឆ្នាំ​ម្ល៉េះ​ តែ​ឥឡូវ​នេះ​គេ​ចូល​ចិត្ត​ជិះ​ទូក​មើល​​ទេសភាព​វិញ”។ យុវតី​ខេត្ត​​​កំពត​រូប​នេះ​បន្ថែម​ថា​ ខ្លួន​បាន​ជិះ​ទូក​មួយ​ម៉ោង​ដោយ​ចាក​ចេញ​ពី​មុខ​ទីស្នាក់​ការ​ក្រុម​ប្រឹក្សា​​អភិវឌ្ឍ​កម្ពុជា​ ឆ្ពោះ​ទៅ​មុខ​វាំង​ រួច​បន្ត​ទៅ​កោះ​ពេជ្រ​ មុន​នឹង​វង់​នៅ​ទន្លេ​ចតុម្មុខ​ រួច​ត្រឡប់​មក​វិញ។ យុវតី​រូប​នេះ​បន្ថែម​ថា៖ “យើង​ធ្លាប់​តែ​​​មើល​វាំង​ ឬ​មើល​ផ្ទះ​ផ្សេង​ៗ ពី​​ក្បែរ​មាត់​ទន្លេ​មក​ ដល់​ពេល​យើង​មើល​ពី​លើ​ទូក​​​កណ្ដាល​ទន្លេ​មក​វិញ​ វា​ប្លែក​ម៉្យាង​ដែរ។ ម្យ៉ាង​ យើង​បាន​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ផង​ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​អត់​សំណាង​សោះ​ ព្រោះ​មេឃ​​ស្រទុំ​រហូត​ រក​មើល​ថ្ងៃ​លិច​ក្រោយ​វាំង​ ក៏​មើល​មិន​ឃើញ”។ យោង​តាម​សាលា​រាជធានី​ភ្នំពេញ ​ការ​ជិះ​ទូក​កម្សាន្ត​តាម​ដង​ទន្លេ​ គឺ​ជា​សកម្មភាព​ទេសចរណ៍​ដ៏​សំខាន់​មួយ ​ក្នុង​ចំណោម​សកម្មភាព​ទេសចរណ៍​សំខាន់​ៗ​ផ្សេង​ទៀត​ដូច​ជា ​ការ​ទស្សនា​ផ្សារ​ធំ​ថ្មី​ វិមានឯក​រាជ្យ ​ហាង​ផ្សេង​ៗ​តាម​មាត់​ទន្លេ​ ផ្សារ​ទួល​ទំពូង​ ផ្សារ​រាត្រី​ វាល​ពិឃាត​ជើង​ឯក​ សារមន្ទីរ​ទួល​ស្លែង​ ឬ​វត្ត​ភ្នំ​ជា​ដើម។ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​ ការ​ជិះ​ទូក​តាម​បណ្តោយ​ដង​ទន្លេ​ អាច​ធ្វើ​ឲ្យ​អ្នក​ដំណើរ​បាន​ទស្សនា​នូវ​ទេសភាព​ដ៏​ស្រស​ស្អាត​ ដូច​ជា​សារមន្ទី​ជាតិ​ ព្រះ​បរម​រាជ​វាំង​ សូន​ច្បារ​ និង​អគារ​ខ្ពស់​ៗ​ថ្មី​ថ្មោង​ក្នុង​រាជ​ធានី​ភ្នំពេញ។ ម្ចាស់​ទូក​ប៉ារីស​ដឹក​អ្នក​ដំណើរ​ លោក​ ពេជ្រ យ៉ាន ​ដែល​មាន​ទូក​រហូត​ដល់​ទៅ​ប្រាំ​គ្រឿង​ដឹក​ភ្ញៀវ​ទេសចរ​ជា​រៀង​រាល់​ថ្ងៃ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ លោក​ពិត​ជា​សង្កេត​ឃើញ​ថា​ ប្រជាជន​ខ្មែរ​ចាប់​ផ្ដើម​និយម​មក​ជិះ​ទូក​លម្ហែ​អារម្មណ៍​ដូច​បរទេស​ដែរ។ លោក​បញ្ជាក់​ថា៖ “​ពី​ដើម​ឡើយ​ តែ​បរទេស​ទេ​មក​ជិះ​ទូក​ តែ​ឥឡូវ​ខ្មែរ​ក៏​មក​ជួល​ជិះ​ដែរ។ អ្នក​ខ្លះ​មក​មួយ​ស្ថាបន​ អ្នក​ខ្លះ​មក​មួយ​គ្រួសារ​ធំ​ និង​អ្នក​ខ្លះ​ទៀត​មក​ជា​មួយ​មិត្ត​ភ័ក្តិ​ម្នាក់​ ឬ​ពីរ​នាក់”។ ម្ចាស់​ទូក​រូប​នេះ​ថ្លែង​បន្ថែម​ថា​ លោក​ពេញ​ចិត្ត​នឹង​មាន​អតិថិជន​ក្នុង​ស្រុក​ ពី​ព្រោះ​ប្រជាជន​​ខ្មែរ​មិន​ប្រកាន់​​រដូវ​កាល​ណា​ទេ​ គឺ​គេ​តែង​មក​ជិះ​ទូក​លោក​គ្រប់​ទេ។ ខុស​ពី​ភ្ញៀវ​បរទេស​ ដែល​ពុំ​សូវ​សម្បូរ​ឡើយ​ ចន្លោះ​ពី​ខែ​ឧសភា​ ដល់​ខែ​តុលា​ ពី​ព្រោះ​ពុំ​មែន​ជា​រដូវ​វិសមកាល​របស់​គេ។ លោក​ ពេជ្រ យ៉ាន ​បញ្ជាក់​បន្ថែម​ថា៖ “តាម​ការ​សង្កេត​របស់​ខ្ញុំ​ ប្រជាជន​ខ្មែរ​ដែល​បែរ​មក​និយម​ជិះ​ទូក​កម្សាន្ត​លេង​ ដោយសារ​គេ​យល់​ថា​ គេ​អាច​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ទី​ទន្លេ។ ម្យ៉ាង​គេ​អាច​មើល​ទិដ្ឋភាព​ថ្ងៃ​លិច​ នៅ​រាជ​ធានី​ភ្នំពេញ​ដ៏​ស្រស់​ស្អាត​ផង។ អ្នក​ខ្លះ​ជួល​ជិះ ​ដើម្បី​ជប់​លៀង​លើ​ទូក​នេះ​តែ​​ម្ដង”។ ទូក​ដែល​ភ្ញៀវ​និយម​ជួល​ជិះ​រាល់​ថ្ងៃ​នៅ​តាម​ដង​ទន្លេ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​​បី​ប្រភេទ។ ទូក​តូច​ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន​១០​នាក់​ចុះ​ តម្លៃ​ត្រឹម​១៥​ដុល្លារ​ក្នុង​មួយ​ម៉ោង។ ទូក​ធន់​មធ្យម​ ដែល​អាច​ផ្ទុក​បាន​អ្នក​ដំណើរ​២៥​នាក់​ តម្លៃ​២០​ដុល្លារ​ក្នុង​មួយ​ម៉ោង។ ចំណែក​ទូក​ធំ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​៥០​នាក់​តម្លៃ​៣០​ដុល្លា​ក្នុង​មួយ​ម៉ោង។ បើ​គេ​ជួល​ជិះ​មួយ​ម៉ោង​ ទូក​នឹង​ដឹក​អ្នក​ដំណើរ​ទៅ​ដល់​មុខ​វាំង​ រួច​ហើយ​ឆ្ពោះ​ទៅ​កោះ​ពេជ្រ​ មុន​នឹង​​វង់​ទៅ​ទន្លេ​ចតុម្មុខ​ រួច​ក៏​ត្រឡប់​មក​វិញ។ ប៉ុន្តែ​បើ​គេ​ជួល​រហូត​ដល់​ពីរ​ម៉ោង​ឡើង​ទៅ​​ ទូក​ទាំង​នោះ​នឹង​ដឹក​អ្នក​ដំណើរ​ឡើង​ហួស​ទៅ​ទន្លេ​មេគង្គ​លើ​ ដើម្បី​បាន​ទស្សនា​ផ្ទះ​បណ្ដែត​ទឹក​​ដ៏​ស្រស់​ស្អាត។ ក្រៅ​ពី​ទូក​ជួល​ ក៏​មាន​ទូក​សម្រាប់​ដឹក​អ្នក​​​ទេសចរណ៍​​ម្នាក់​ៗ​ដែរ​ ប៉ុន្តែ​ទាល់​តែ​មាន​ភ្ញៀវ​គ្រប់​១០​នាក់​ ទើប​គេ​អាច​ចេញ​ដំណើរ​បាន។ សម្រាប់​តម្លៃ​វិញ​ គឺ​ខ្មែរ​ម្នាក់​គេ​យក​តែ​មួយ​ដុល្លារ​ប៉ុណ្ណោះ​ ខណៈ​ភ្ញៀវ​បរទេស​ម្នាក់​តម្លៃ​រហូត​ដល់​ប្រាំ​ដុល្លារ​ឯណោះ៕ប្រភពមកពី៖សប្បាយ

Tuesday, July 2, 2013

កាន់តែស្អាតនិងសង្ហា កាន់តែជោគជ័យនៅកន្លែងការងារមែនទេ?


យោងតាមការស្រាវជ្រាវមួយ ដោយអ្នកវិភាគម្នាក់គឺលោក Jezebel មកពីសាកលវិទ្យាល័យMichigan State University បានបង្ហាញថា មនុស្សដែលមានរូបរាងស្អាត សង្ហាពិតជាមានឱកាសទទួលបានជោគជ័យច្រើននៅកន្លែងការងារ ជាងអ្នកដែលមានរាងមិនសូវស្អាត។លទ្ធផល ស្រាវជ្រាវនេះ បានធ្វើឡើងដោយផ្អែកទៅតាមការសាកល្បងស្ទង់មតិវាយតម្លៃទៅលើ បុគ្គលិកបម្រើការងារចំនួន ១១៤នាក់។ ក្នុងចំណោមបុគ្គលិកការងារទាំងនោះ បានរកឃើញថា តួលេខអ្នកមានរាងស្អាតសង្ហា គឺពិតជាទទួលបានជោគជ័យច្រើន និងរងសម្ពាធតិចជាងអ្នកដែលមានរូបរាងមិនសូវបាន។ យោង តាមសម្ដីផ្ទាល់របស់អ្នកវិភាគខាងលើបានបញ្ជាក់ថា ប្រសិនបើបុគ្គលិកម្នាក់មានរាងស្អាតសង្ហា បុគ្គលិករួបនោះអាចទទួលបានពិន្ទុបន្ថែមទៅលើភាពទាក់ទាញ និងទទួលបានក្តីស្រលាញ់រាប់អានច្រើនពីអ្នករួមការងារនៅជុំវិញ ខ្លួន។ លោកបានបន្ថែមទៀតថា បុគ្គលិកដែលមានរូបរាងមិនសូវបាន សូមកុំអាលអាក់អន់ចិត្តអី បើចង់ឲ្យខ្លួនគេចផុតពីសម្ពាធនេះបានមែន គួរតែហ៊ានចំណាយប្រាក់ទៅកែសម្ផស្សហើយ។ ទោះ ជាយ៉ាងណា ការស្រាវជ្រាវនេះមិនបានបញ្ជាក់ពីការឲ្យតម្លៃទៅលើ គុណភាពការងារ សមត្ថភាព និងអត្ថចរិតរបស់បុគ្គលិកនោះទេ ខណៈគេមើលឃើញជាទូទៅថា គុណភាពការងាររបស់បុគ្គលិក គឺជារឿងអាទិភាពដែលបញ្ជាក់ពីភាពជោគជ័យរបស់គេម្នាក់ៗ៕ប្រភពមកពី៖សប្បាយ

កាន់តែស្អាតនិងសង្ហា កាន់តែជោគជ័យនៅកន្លែងការងារមែនទេ?


យោងតាមការស្រាវជ្រាវមួយ ដោយអ្នកវិភាគម្នាក់គឺលោក Jezebel មកពីសាកលវិទ្យាល័យMichigan State University បានបង្ហាញថា មនុស្សដែលមានរូបរាងស្អាត សង្ហាពិតជាមានឱកាសទទួលបានជោគជ័យច្រើននៅកន្លែងការងារ ជាងអ្នកដែលមានរាងមិនសូវស្អាត។លទ្ធផល ស្រាវជ្រាវនេះ បានធ្វើឡើងដោយផ្អែកទៅតាមការសាកល្បងស្ទង់មតិវាយតម្លៃទៅលើ បុគ្គលិកបម្រើការងារចំនួន ១១៤នាក់។ ក្នុងចំណោមបុគ្គលិកការងារទាំងនោះ បានរកឃើញថា តួលេខអ្នកមានរាងស្អាតសង្ហា គឺពិតជាទទួលបានជោគជ័យច្រើន និងរងសម្ពាធតិចជាងអ្នកដែលមានរូបរាងមិនសូវបាន។ យោង តាមសម្ដីផ្ទាល់របស់អ្នកវិភាគខាងលើបានបញ្ជាក់ថា ប្រសិនបើបុគ្គលិកម្នាក់មានរាងស្អាតសង្ហា បុគ្គលិករួបនោះអាចទទួលបានពិន្ទុបន្ថែមទៅលើភាពទាក់ទាញ និងទទួលបានក្តីស្រលាញ់រាប់អានច្រើនពីអ្នករួមការងារនៅជុំវិញ ខ្លួន។ លោកបានបន្ថែមទៀតថា បុគ្គលិកដែលមានរូបរាងមិនសូវបាន សូមកុំអាលអាក់អន់ចិត្តអី បើចង់ឲ្យខ្លួនគេចផុតពីសម្ពាធនេះបានមែន គួរតែហ៊ានចំណាយប្រាក់ទៅកែសម្ផស្សហើយ។ ទោះ ជាយ៉ាងណា ការស្រាវជ្រាវនេះមិនបានបញ្ជាក់ពីការឲ្យតម្លៃទៅលើ គុណភាពការងារ សមត្ថភាព និងអត្ថចរិតរបស់បុគ្គលិកនោះទេ ខណៈគេមើលឃើញជាទូទៅថា គុណភាពការងាររបស់បុគ្គលិក គឺជារឿងអាទិភាពដែលបញ្ជាក់ពីភាពជោគជ័យរបស់គេម្នាក់ៗ៕ប្រភពមកពី៖សប្បាយ