Sunday, July 14, 2013

ដឹងទេថា នៅរាជធានីភ្នំពេញ អ្វីកើតមានមុនគេទេ?


ប្រិយមិត្តប្រហែលជាគិតថា វត្តភ្នំគឺកកើតឡើងមុនគេបង្អស់មិនខានក្នុងរាជធានីភ្នំពេញ។ តែតាមពិត មានចេតិយបុរាណមួយ ធ្វើពីថ្មបុរាណ ត្រូវបានឯកសារបង្ហាញថា អាចនឹងត្រូវបានគេសាងសង់ឡើងតាំងពីសម័យព្រះពុទ្ធសាសនាផ្សព្វ ផ្សាយចូលប្រទេសកម្ពុជាដំបូងម្ល៉េះ។ ចេតិយនេះមានឈ្មោះថា ឧណ្ណាលោម ដែលស្ថិតនៅក្នុងវត្តឧណ្ណាលោមបច្ចុប្បន្ននេះ។ យោង តាមសៀវភៅ “ប្រវត្តិនៃវត្តឧណ្ណាលោម” ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ១៩៦៣ ដើម្បីចែកជូនពុទ្ធបរិស័ទចូលរួមក្នុងឱកាសបុណ្យឆ្លងវិហារវត្ត ឧណ្ណាលោម បានរៀបរាប់ថា ពេលដែលវត្តឧណ្ណាលោម ត្រូវបានបញ្ចុះសីមាឲ្យប្រើប្រាស់ក្នុងឆ្នាំ១៤៤២ រជ្ជកាលព្រះបាទពញាយ៉ាត ចេតិយនេះមាននៅទីនោះស្រាប់ទៅហើយ។ នៅក្នុងចេតិយនេះ មានព្រះពុទ្ធរូបថ្មអង្គធំមួយអង្គ។ ចំណែកឈ្មោះវត្តឧណ្ណាលោម គឺយកតាមឈ្មោះរបស់ចេតិយនេះ។ “ចេតិយធំ និងព្រះពុទ្ធរូបថ្មអង្គធំ ដែលប្រតិស្ឋានក្នុងរូងខាងក្រោមនៃមហាចេតិយនោះ មានការនិយាយតគ្នាថា កសាងតាំងពីក្នុងសម័យដែលព្រះពុទ្ធសាសនាផ្សាយចូលមកក្នុងប្រទេស កម្ពុជានេះជាលើកដំបូងបង្អស់”។ នេះបើតាមការបញ្ជាក់របស់ឯកសារ។ចំណែកឯវត្តភ្នំ ដែលជាកំណើតនៃរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៣៧៣។ យោងតាមសៀវភៅ “ប្រវត្តិសាស្ត្រខ្មែរ” របស់អ្នកស្រី ត្រឹង ងា ព្រះពុទ្ធសាសនាមានការរីកចម្រើនទៅហើយ នៅសតវត្សទី៣ នៃគ្រិស្តសករាជ ដូច្នេះបើចេតិយនេះសាងសង់តាំងពីសម័យព្រះពុទ្ធសាសនាចូលមក ស្រុកខ្មែរដំបូងមែន វាមានអាយុកាលមិនក្រោម១៧០០ឆ្នាំឡើយ។ ឧណ្ណាលោម ជាពាក្យបាលី មានន័យថា “រោមប្រជុំចិញ្ចើម” រោមដែលដុះលើខ្ទង់ច្រមុះ។ ចេតិយនេះត្រូវបានគេបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) របស់ភិក្ខុមួយអង្គ។ បច្ចុប្បន្ន ចេតិយនេះត្រូវបានគេប៉ាតស៊ីម៉ងត៍ និងលាភពណ៌មាស។ រាល់ថ្ងៃសីល ឬថ្ងៃបុណ្យធំៗ ទើបគេបើកទ្វារចេតិយនេះ ដើម្បីចូលទៅអុជធូបថ្វាងបង្គំព្រះពុទ្ធរូបនៅខាងក្នុង៕ប្រភពមកពី៖សប្បាយ

0 comments:

Post a Comment