Friday, June 21, 2013

រឿង “សន្យាស្នេហ៍” ទទួលការចាប់អារម្មណ៍

ភាពយន្តភាគរបស់ខ្មែររឿង “សន្យាស្នេហ៍” ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN កំពុងទទួលបានការគាំទ្រពីទស្សនិកជនស្ទើរគ្រប់មជ្ឈដ្ឋាន។ ប្រជាពលរដ្ឋ ខ្មែរភាគច្រើនកំពុងផ្ដោតការចាប់អារម្មណ៍ និងតាមដានភាពយន្តខ្មែរបែបមនោសញ្ចេតនា ខាងលើនេះ មិនចាញ់ភាពយន្តបរទេសឡើយក្នុងរយៈចុងក្រោយនេះ។ នៅតាមគេហដ្ឋាននីមួយៗហាក់មិនសូវរំលងនោះទេ ដែលនេះបញ្ជាក់ពីសន្ទុះ នៃការគាំទ្រភាពយន្តស្នាដៃរបស់ខ្មែរនៅឆ្នាំ២០១៣នេះ។ អ្នកស្រី នី ជាមេផ្ទះមួយរូប បាននិយាយថា គ្រួសាររបស់អ្នកស្រីតាមដានរឿងនេះរហូតមិនដែលរំលងឡើយ ស្របពេលនេះ ជាពេលទទួលទានអាហារជួបជុំជាមួយប្ដី និងកូនៗផង។ “ត្រូវជាពេលប្ដីខ្ញុំសម្រាកការងារផង។ ម្យ៉ាងទៀត ជាពេលកូនចៅមកពីធ្វើការ និងរៀនសូត្រយើងញាំបាយបណ្ដើរ មើលបណ្ដើរចឹងទៅ”។ ស្រដៀងគ្នានេះដែរកញ្ញា ម៉ាឡៃ កម្មការិនីរោងចក្រ នៅម្ដុំចាក់អង្រែលើបានឲ្យដឹងដែរថា កញ្ញា និងអ្នករួមបន្ទប់ទាំងអស់មិនដែលរំលងឡើយ តាំងពីរឿងនេះចាប់ផ្ដើមចាក់បញ្ចាំង។ “អ្នកធ្វើការរោងចក្រក្បែរគ្នាហ្នឹង តែងនាំគ្នានិយាយពីរឿងនេះ អ្នកខ្លះខឹងនឹងពាណិជ្ជកម្មញឹកពេក”។ នេះជាការបញ្ជាក់របស់កម្មការិនីរោងចក្រខាងលើ។ ដោយឡែកលោក សុខ សម្បត្តិ ជាបុគ្គលិកក្រុមហ៊ុនមួយនៅភ្នំពេញបានឲ្យដឹងដែរថា លោកទស្សនារឿងនេះតាមភរិយាប៉ុណ្ណោះ។ លោកថា ” មកពីធ្វើការវិញឃើញប្រពន្ធខ្ញុំមើល ក៏មើលតាមគាត់ដែរទៅ ដំបូងមិនចាប់អារម្មណ៍ទេ តែឥឡូវដូចជក់”។ កញ្ញា ធីតា និស្សិតសាកលវិទ្យាល័យមួយ បាននិយាយថា ទោះបីជាកញ្ញាមមាញឹកសិក្សាក៏ពិតមែនក៏ឆ្លៀតពេលខ្លះដើម្បីទស្សនា ដែរ។ កញ្ញានិយាយថា ” ពីមុនខ្ញុំមើលតែរឿងថៃទេ តែពេលនេះចាប់អារម្មណ៍លើរឿងភាគនេះដែរ”។ កញ្ញាបន្តថា ភាពយន្តខ្មែរបច្ចុប្បន្ននេះកាន់តែល្អ និងរីកចំរើនហើយ។ “សន្យា ស្នេហ៍” ឆ្លុះបញ្ចាំងពីគ្រួសារមួយ ដែលមានវិបត្តិមិនចេះចប់មិនចេះហើយ ភាពច្រណែននិន្ទាទៅវិញទៅមកនាំឲ្យគ្រួសារបែកខ្ញែកចេញពីគ្នា រកសុភមង្គលមិនឃើញ។ ក្រៅនេះ ក៏បានបង្ហាញពីចំណងស្នេហ៍ ដែលពោរពេញទៅដោយការកុហកបោកបញ្ឆោត។ រឿងនេះមានចាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃពុធ លើកញ្ចក់ទូរទស្សន៍CTN ពីម៉ោង៧: ០០ ដល់ម៉ោង៨:០០ យប់៕ប្រភពមកពី៖សប្បាយ


0 comments:

Post a Comment