Wednesday, June 12, 2013

អង្គរជាប់ជាបេតិកភណ្ឌពិភពលោកស្អាតបំផុតការពារដោយ UNESCO



ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ទី​១​ ​ស្អាត​បំផុត​​ដែល​​​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ការពារ​​ក្នុង​ចំណោម​ សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ល្បីល្បាញ​សំខាន់ៗផ្សេងទៀត ​របស់​អង្គការ​UNESCO។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​គេហទំព័រ Therichest.org កាល​ពី​ថ្ងៃ​ទី១១​ខែ ​ឧសភា​កន្លងទៅ​នេះ។​​​​​គេហទំព័រ​ដ៏​ល្បី​មួយ​នេះ បាន​រាយ​បញ្ជី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ល្បីៗ​ចំនួន​២០ ដែល​ស្ថិត​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​អង្គការ​ UNESCO បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​យ៉ាង​យកចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ​របស់​ខ្លួន ហើយ​ក្នុង​ចំណោម​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ ប្រាសាទអង្គរវត្ត​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទី១​​ ដែល​ត្រូវ​បាន​ការពារ​ជា​ពិសេស​។



គេហទំព័រ​នេះ​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា ប្រាសាទអង្គរវត្ត​គឺ ​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ដ៏​​អស្ចារ្យ​ និង​ជា​ទីកន្លែង​ដែល​ពេញ​និយម​បំផុត​​សម្រាប់​អ្នក​ទេសចរណ៍​នៅ​ជុំវិញ​ ពិភពលោក​​មក​ទស្សនា​ បើ​ប្រៀបធៀប​នៅ​នឹង​កេរដំណែល​និង​កន្លែង​ប្រវត្តិសាស្ត្រ​ល្បីៗ​ផ្សេងៗ​ទៀត​ នៅ​ជុំវិញ​ពិភព​លោក។
ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត កេរដំណែល​ប្រវត្តិសាស្ត្រ​ ដែល​ត្រូវ​បាន​ការពារ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត​​ទី​២ ​បាន​ធ្លាក់​ទៅ​ប្រាសាទ Acropolis ប្រទេស​ក្រិក ខណៈ​ពេល​ដែល​ ប្រាសាទ Bagan របស់​ភូមា​ស្ថិត​នៅ​លំដាប់​លេខរៀង​ទី៣។  ដោយ​ឡែក​ប្រាសាទ ​Pyramids ​ដ៏​ល្បីល្បាញ​បំផុត​របស់​អេហ្ស៊ីប​វិញ​បាន​ស្ថិត​នៅ​ក្នុង​លេខរៀង​ទី​១៣ ស្រប​ពេល​ដែល​ឧទ្យាន​ជាតិ Yellowstone របស់​អាមេរិក​ស្ថិត​នៅ​លេខរៀង​ចុងក្រោយ​ ដែល​មាន​ចំណាត់​ថ្នាក់​លេខរៀង​ទី​២០។
នេះ​អាច​ចាត់​ទុក​ថា​ ជា​មោទនភាព​ថ្មី​មួយ​ទៀត​របស់​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​ទី​ក្រុង​ភ្នំពេញ​ នឹង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​និង​ប្រធាន​រៀបចំ​សម័យ​ប្រជុំ​ពេញ​ អង្គ​លើក​ទី ៣៧ នៃ​គណៈ​ធម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ខាង​មុខ​នេះ។
គណៈប្រតិភូ​ប្រមាណ ១៣០០ នាក់ ​មក​ពី​ប្រទេស​ចំនួន​ជាង ១២០ ប្រទេស ដែល​ជា​សមាជិក អនុសញ្ញា ឆ្នាំ១៩៧២ ស្ដីពី​ការ​ការពារ បេតិកភណ្ឌ​ពិភពលោក​វប្បធម៌ និង​ធម្មជាតិ នៃ​អង្គការ UNESCOនឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជា​សកល​នេះ។ ទីក្រុង​ភ្នំពេញ នឹង​ក្លាយ​ជា​ទីក្រុង​ប្រវត្តិសាស្ត្រ នៃ​ការ​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​ប្រទេស​នានា​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក ដែល ​បច្ចុប្បន្ន នេះ​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សរុប​ចំនួន ៩៦២ រួចជាស្រេច៕ប្រភពមកពី៖សប្បាយ
 


0 comments:

Post a Comment