Thursday, June 13, 2013

ស្ថានីយ​ទូរទស្សន៍​ជាតិ​ផលិត​កម្ម​វិធី​សិល្បៈ​អប​អរ​សាទរ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ម៉ែ​

រាជធានីភ្នំពេញ ៖ តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ មិថុនា ២០១៣ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានរៀបចំកម្មវិធីសិល្បៈក្រោមការ ចូលរួម ពីសិល្បករល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាច្រើនដួង ដើម្បីអបអរសាទរ ពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ៧៧ព្រះវស្សា យាងចូល៧៨ព្រះវស្សា នាថ្ងៃទី១៨ មិថុនា ២០១៣ ។ ក្នុងពិធីដ៏ពិសេសនេះ អ្នករៀបចំកម្មវិធីសិល្បៈបានប្រមូលផ្តុំដោយសិល្បៈច្រើនទម្រង់ ដើម្បីសម្តែង មានដូចជា យីកេ មហោរី ល្ខោនបាសាក់ និងចម្រៀងសម័យជាដើម ។ ក្នុងកម្មវិធីរយៈពេល៣ថ្ងៃពេញដែលធ្វើឡើងនៅ បរិវេណស្ថានីយទូរទស្សន៍ជាតិ ក្រៅពីមានការសម្តែងសិល្បៈបុរាណ ក៏មានការចូលរួមពីតារាល្បីៗ ដូចជាលោក ព្រាប សុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា, អ្នកស្រី ហ៊ឹម ស៊ីវន, លោក រិន សាវេត, កញ្ញា សុន ស្រីពេជ្រ, អ្នកនាង ប៊ុត កន្យា អ្នកចម្រៀងប្រចាំព្រះបរមរាជវាំង អ្នកនាង កែវ ចន្ទសម្ផស្ស, អ្នកនាង ឈិន សុរាវី, អ្នកនាង ខាត់ សុឃីម, អ្នកនាង ហ៊ឹម សុភី, លោក សួស សងវាចា, លោក សុខ សាខន, លោក ជិន វឌ្ឍនា, កញ្ញា ឈិត សុវណ្ណបញ្ញា, លោក ឆន សុវណ្ណរាជ និងលោក ឯក ស៊ីដេ ជាដើម ។ តាមអ្នកបម្រើការងារប្រចាំស្ថានីយទូរទស្សន៍ ជាតិកម្ពុជាឱ្យដឹងថា ជារៀងរាល់ឆ្នាំ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា តែងតែរៀបចំកម្មវិធីសិល្បៈអបអរសាទរពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែជាប្រចាំ មិនដែលអាក់ខានឡើយ ដោយសម្រិតសម្រាំងផ្ទាំងសិល្បៈទស្សនីយភាពល្អៗ ។ ដោយសារតែជាកម្មវិធីសិល្បៈពិសេស ដូច្នេះប្រមូលផ្តុំដោយសិល្បៈជាច្រើនទម្រង់សម្រាប់សម្តែង ។ មានការគិតគូរពិភាក្សាល្អិតល្អន់ មុននឹងរួមគ្នាលើកយកប្រធានបទណាមួយមករៀបចំ ខ្លាចធ្វើទៅមិនល្អ សូម្បីតែតារាចម្រៀងដែលមានវត្តមានក្នុងពិធីថតទុករយៈពេល៣ថ្ងៃ នេះ ក៏ជូនដំណឹងឱ្យពួកគេជ្រើសរើសសម្លៀកបំពាក់ណា ដែលឆ្លុះបញ្ចាំងពីលក្ខណៈជាតិសក្តិសមទៅនឹងថ្ងៃបុណ្យចម្រើន ព្រះជន្មរបស់សម្តេចម៉ែ ដែលជាទីគោរពរបស់ប្រជាពលរដ្ឋ ហើយថែមទាំងចាក់ផ្សាយអាចទស្សនារហូតដល់ក្រៅប្រទេសទៀតផង ។ នៅក្នុងកម្មវិធីពិសេសរយៈពេល៣ថ្ងៃនោះ ប្រិយមិត្តទស្សនិកជន នឹងបានឃើញសិល្បៈជាច្រើនទម្រង់ មានទាំងល្ខោនបាសាក់ មហោរី យីកេ របាំជូនពរ ព្រមទាំងចម្រៀងសម័យជាស្នាព្រះហស្តរបស់អង្គសម្តេចតា ក៏ដូចជាបទចម្រៀងជំនាន់លោក ស៊ីន ស៊ីសាមុត ដែលបង្ហាញជូនដោយតារាល្បីឈ្មោះនាពេលបច្ចុប្បន្ននេះ រួមទាំងរំលេចម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរដែលសិល្បករ-សិល្ប ការិនីបង្ហាញ ។ ការចាក់ផ្សាយកម្មវិធីសិល្បៈនេះ នាថ្ងៃទី១៨ មិថុនា ២០១៣ ជាថ្ងៃបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ ៕ប្រភពមកពី៖កោះសន្តិភាព

0 comments:

Post a Comment