Showing posts with label ការកំសាន្ត. Show all posts
Showing posts with label ការកំសាន្ត. Show all posts
Thursday, July 25, 2013
Thursday, July 4, 2013
ខ្ញុំជាស្រីស្អាត ហើយខ្ញុំមានសង្សារច្រើន!
ខ្ញុំស្រលាញ់អ្នក?…I love you ? បងស្រលាញ់អូន…?
គឺមិនមែនទាំងអស់។
គេអត់បានសរសេរអញ្ចឹងទេ ប៉ុន្តែគេគូររូបផ្កាកុលាបមួយទង និងសត្វលលកពីរដាក់ក្នុងនោះ។ អ្ហូ៎!ភ្លេចប្រាប់! ចា៎ះគឺខ្ញុំកំពុងនិយាយពីបុរសម្នាក់ដែលសារភាពស្នេហ៍មករកខ្ញុំ តាមរបៀបចម្លែកៗ គឺដំបូងធ្វើជាអត់មករៀនមួយថ្ងៃ ហើយបន្ទាប់មកក៏ធ្វើជាខ្ចីសៀវភៅខ្ញុំទៅ ហើយស្អែកឡើងពេលខ្ញុំបានសៀវភៅមកវិញស្រាប់តែបើកទៅឃើញគេគូររូប ផ្កាកុលាបមួយទង និងសត្វលលក។ ពេលចេញពីរៀនគេឈរចាំខ្ញុំនៅកន្លែងយកម៉ូតូ ខ្ញុំសួរថាគំនូរអីក្នុងសៀវភៅខ្ញុំ គេអត់មាត់ហើយគិតតែពីជិះម៉ូតូតាមខ្ញុំ ជិតដល់ផ្លូវកាច់ចូលផ្ទះខ្ញុំទើបគេនិយាយពីចម្ងាយថា “គំនូរនោះជាពាក្យសារភាពស្នេហ៍ណា៎ ដឹងអត់?”។
រឿងហ្នឹងកើតឡើងតាំងពីជាង១២ឆ្នាំមុន។ គឺពេលខ្ញុំនៅរៀនថ្នាក់ទី១០។ ខ្ញុំនិងគេនៅក្មេងណាស់ប្រៀបជាមួយឥឡូវ តែកាលហ្នឹងយើងម្នាក់ៗសុទ្ធតែគិតថាខ្លួនឯងធំហើយ! ដឹងច្បាស់ហើយថាស្នេហាជាអ្វី។ ទោះយ៉ាងណាសម្រាប់សិស្សវិទ្យាល័យដូចលុចហើយនិងខ្ញុំ ស្នេហាតាមន័យត្រង់សម្រាប់ពួកយើងគឺជាការស្រលាញ់ដោយគ្មាន លក្ខខណ្ឌទេ។ យើងមិនដែលខ្វល់ទេថាប៉ាម៉ាក់គេគិតយ៉ាងណា គេជាអ្នកណា ក្រ ឬមាន ប៉ុន្តែខ្ញុំចាប់អារម្មណ៍គេដោយសារគេរៀនពូកែ ហើយគេកូនកាត់ចិន មានភ្នែកតូចៗ តែសាច់ជ្រះហើយគេខ្ពស់ស្គម ដល់តែងើយនិយាយទើបបានឃើញភ្នែកស្រទន់ស្លូតរបស់គេ។
នៅក្នុងសាលា ឲ្យតែអ្នកណាម្នាក់មានសង្សារ គឺត្រូវគេទុកថាជាជើងល្អ រៀនអត់ពូកែហើយមិនសូវឃើញមករៀនទៀងទេ តែសម្រាប់លុច គេរៀនពូកែណាស់ គេជាសិស្សគំរូ ជាប្រធានថ្នាក់ និងជាអ្នកដែលខ្ញុំចាប់អារម្មណ៍តាំងពីដំបូង។ តែទោះបីជាគេសារភាពមុនហើយក៏ដោយ ខ្ញុំនៅតែយល់ថាវាឆាប់ណាស់ក្នុងការមានសង្សារ អញ្ចឹងហើយខ្ញុំធ្វើហីៗហើយធ្វើដូចមិនយល់ការអីទេ។
ទោះយ៉ាងណា ខ្ញុំពូកែប្រចណ្ឌបំផុត ឲ្យតែឃើញលុច និយាយជាមួយស្រីផ្សេង ខ្ញុំអត់មើលមុខគេពីរបីថ្ងៃ ហើយមិននិយាយរកគេទៀត។ គេជានិច្ចកាលតែងតែតាមអង្វរខ្ញុំ ទិញអំពិលត្រាំមកផ្ញើ ព្រោះដឹងថាខ្ញុំចូលចិត្ត ហើយពិសេសពេលប្រលងម្ដងៗតែងតែងាកមកមើលខ្ញុំខ្លាចខ្ញុំមិនចេះ ធ្វើ។ ពេលចេញពីរៀនគេជិះតាមខ្ញុំត្រុកៗរហូតដល់ផ្លូវចូលផ្ទះខ្ញុំទើប គេបែកចេញទៅ។ សេចក្ដីសុខនេះតាមលម្អជីវិតជំទង់របស់ខ្ញុំរហូតដល់ពេលមួយខ្ញុំ លែងមានគេ។
គេមកប្រាប់ថាចប់បាក់ឌុបគេត្រូវចេញទៅរៀននៅវៀតណាម ព្រោះពូគេជួយរកវិធីឲ្យគេបានចូលរៀនខាងពេទ្យនៅហាណូយ ព្រោះពូគេធ្វើធំនៅក្រសួង ហើយប្រពន្ធគាត់ជាវៀតណាមសុទ្ធ។
ដូចពាក្យថាមានស្នេហាតែងមានវិបត្តិ ព្រោះថាស្នេហាក្រៅពីត្រូវការឲ្យគេយល់ចិត្តយើង ហើយមានចិត្តឲ្យយើងដែរនោះ យើងថែមទាំងត្រូវការឲ្យគេនៅជិតយើងផង។
ខ្ញុំពិតជាហ្មងសៅហើយយល់ថាជីវិតលែងមានន័យអីទៀតហើយ ពេលដែលយើងបែកគ្នា។ ស្នេហាពេលជំទង់ជាស្នេហាអស្ចារ្យ ទោះមិនបាននិយាយចេញ តែតាមពិតក្នុងបេះដូងខ្ញុំមានតែគេ។ សូម្បីតែគេ ក៏គេនិយាយដែរថាគេមិនចង់ទៅជាដាច់ខាត តែគេចង់ក្លាយជាពេទ្យដែរ ដើម្បីអាចរកស៊ីចិញ្ចឹមខ្ញុំបាន។ គេយំច្រើនជាងទឹកភ្នែកខ្ញុំស្រក់ទៅទៀត នៅពេលយើងបែកគ្នា ហើយមុនចេញទៅ គេគូររូបខ្ញុំ និងគេក្នុងសៀវភៅដដែលរបស់ខ្ញុំ ហើយសរសេរថា “សុង ដឺលុច ស្រលាញ់ ពេជ្រ វណ្ណរី”។
១០អាទិត្យជាងដែលគេចេញទៅ ទើបខ្ញុំបានទទួលសំបុត្រគេផ្ញើមក។ នោះគឺថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៩៩។ គេសរសេររៀបរាប់ច្រើនណាស់ថាគេពិបាកញ៉ាំ មិនចេះធ្វើម្ហូប ហើយមានស្រីៗវៀតណាមយកម្ហូបទៅឲ្យរហូត ព្រោះម៉ែនារីទាំងនោះចង់បានកូនប្រសាជាប្រុសខ្មែរ ហើយជាដុកទ័រ។ ខ្ញុំឮហើយប្រចណ្ឌគេយំរហាម ស្មានតែថាគេក៏ពេញចិត្តស្រីវៀតណាមអស់ហ្នឹងដែរ។ នៅថ្ងៃបុណ្យ Valentine គេផ្ញើកាបូបស្រីមួយមកឲ្យខ្ញុំ។ ខ្ញុំដឹងថារបស់នោះជារបស់វៀតណាមដែលខ្ញុំមិនសូវចូលចិត្តប្រើទេ តែខ្ញុំស្រលាញ់គេពេក ខ្ញុំក៏ស្រលាញ់របស់នោះទៅ។ ទោះយ៉ាងណា ស្នេហារបស់ពួកយើងនៅតែចុះចាញ់សុភាសិតមួយដែលថា ឃ្លាតកាយណាយចិត្ត។
នៅឆ្នាំទី២ នៅសាលាច្បាប់ ខ្ញុំស្គាល់គេម្នាក់ទៀតដែលជានិស្សិតមកពីខេត្ត គេឈ្មោះថា ភក្ត្រា។ ភក្ត្រាចិត្តល្អ ហើយស្លូត ប៉ុន្តែរៀនពូកែដែរ។ ដំបូងខ្ញុំដឹងថាគេស្រលាញ់ខ្ញុំ ខ្ញុំក៏រាប់អានគេលេងៗ ព្រោះយល់ថាគ្មានអីខាតបង់ទេ គ្រាន់តែល្អចំពោះអ្នកដែលចូលចិត្តយើង។ តែទីបំផុតខ្ញុំក៏បាក់ចិត្តលើគេ ហើយភ្លេចសុង ដឺលុច។
ម្ដងម្កាលពេលបានទទួលសំបុត្រគេ ខ្ញុំមានអារម្មណ៍ថាទើសទាល់ ហើយពិបាកចិត្តដូចធ្លាប់បានស៊ីញេកុងត្រាអ្វីម្យ៉ាងពិបាកក្នុងការ ល្មើសអញ្ចឹងដែរ។ ទោះយ៉ាងណាខ្ញុំនៅតែរក្សាទំនាក់ទំនងជាមួយគេធម្មតា។
ក្រោយបន្តិចមកខ្ញុំបានទទួលសំបុត្រគួរឲ្យភ្ញាក់ផ្អើលមួយ គឺដឺលុចសរសេរមកខ្ញុំថា ពូគាត់ចង់ឲ្យគាត់ភ្ជាប់ពាក្យជាមួយកូនស្រីពៅរបស់ពេទ្យភ្នែកល្បី ឈ្មោះម្នាក់នៅភ្នំពេញ។ គាត់ថាគាត់ពិបាកចិត្តណាស់ ព្រោះពូគាត់មានឥទ្ធិពលលើគ្រួសារគាត់ ព្រោះចេញពី ប៉ុល ពត មក ប៉ាគាត់ជាជាងអេឡិចត្រូនិក មិនអាចផ្គត់ផ្គង់គ្រួសារបានពេញលេញទេ បានពូគាត់ជាអ្នកជ្រោមជ្រែងជាច្រើនផ្នែក។ ខ្ញុំឮអញ្ចឹងស្រាប់តែពិបាកចិត្តផង សប្បាយចិត្តផង។ មួយគិតចង់បែកពីគាត់ជាផ្លូវការ មួយទៀតអាណិតចិត្តដ៏ត្រង់របស់លុច។ ខ្ញុំនិយាយតបគាត់តាមសំបុត្រវិញថា “ខ្ញុំមិនចង់ឲ្យលុចពិបាកចិត្តទេ។ លុចធ្វើតាមគ្រួសារទៅ ហើយកុំពិបាកចិត្តអី ធ្វើម៉េចយើងមិនមែនជាគូព្រេងនឹងគ្នា។ ខ្ញុំសប្បាយចិត្តពេលលុចធ្វើជាកូនប្រុសកតញ្ញូ ហើយកុំបារម្ភពីខ្ញុំអី។”
គេឡើងមកភ្ជាប់ពាក្យជាមួយគូដណ្ដឹងគេនៅឆ្នាំ២០០១ ហើយបានស្កាត់ជួបខ្ញុំព្រមទាំងបង្ហាញរូបថតពួកគេឲ្យខ្ញុំមើល ទៀត។ នារីនោះរៀនសាលាពេទ្យនៅភ្នំពេញ ជាកូនអ្នកមាន ពួកគេធ្វើការនៅពេទ្យព្រះអង្គឌួង។ ម្ដងនេះខ្ញុំអត់មានអារម្មណ៍ច្រណែនអីបន្តិចទៀតសោះ ហើយខ្ញុំជូនពរពួកគេ តែអារម្មណ៍ដែលនៅសល់ គឺខ្ញុំអាណិតលុចព្រោះគេក្រៀមក្រំណាស់មុនពេលទៅវៀតណាមវិញ។
រយៈពេលនោះខ្ញុំបើកបេះដូងទទួលយកស្នេហាជាមួយភក្ត្រាពេញទី ហើយគិតគូររហូតដល់រឿងរៀបការ និងការងារក្រោយពេលរៀនចប់។
ពួកយើងកសាងអនុស្សាវរីយ៍ជាច្រើនរហូតដល់ការទាក់ទងនោះបានអាយុ ២ឆ្នាំកន្លះទើបយើងដឹងថាយើងពិបាកក្នុងការកសាងអនាគតរួមគ្នា។
ក្នុងពេលជួបគ្នាជាចុងក្រោយ គឺខ្ញុំជាអ្នកសុំបែកគេ ដោយសារខ្ញុំធុញនឹងគេពីរបីខែមកហើយ គាប់ជួនមានឱកាសខ្ញុំក៏សុំបែកគេត្រង់ៗតែម្ដង។ នោះគឺពេលបងត្រារកការងារធ្វើអត់ទាន់បាន ហើយខ្ញុំបានការងារនៅសាកលវិទ្យាល័យមួយមុនគាត់ក្នុងនាមជាបុគ្គលិក ផ្នែកបេឡា។
-បើណារីឯងឧស្សាហ៍ជិះជាមួយគេទៀត គង់តែមានថ្ងៃត្រូវគេនិយាយទេ! ប្រធានណារីឯងមានប្រពន្ធហើយ! ណារីឯងប្រយ័ត្នគេយល់ច្រឡំ!
ខ្ញុំយល់ពីអ្វីដែលបងត្រាចង់និយាយ តែខ្ញុំនៅតែមានៈតស៊ូសម្ដី ព្រោះធុញនឹងចរិតតាមដានរបស់គាត់៖
-គ្មានអ្នកណានិយាយទេ ហើយក៏គ្មានអ្នកណាគេយល់ខុសដែរ គឺមានតែបងត្រាឯងម្នាក់គត់! មនុស្សចិត្តចង្អៀត មើលអីតែក្នុងផ្លូវអាក្រក់!
បងត្រាខំអត់ធ្មត់បន្តិច ទើបឆ្លើយតបមកវិញ៖
-បើយើងមានះដើរសួរគេមើល! វាសមដែរសម្រាប់មនុស្សស្រីដែលឡើងជិះឡានប្រុសៗអញ្ចឹង?
ខ្ញុំឆ្លើយតបវិញវឹង៖
-ខ្ញុំគ្មានពេលទំនេរច្រើនដូចបងឯងទេ! ខ្ញុំមានការធ្វើ! ខ្ញុំអត់មានពេលដើរសួរ ឬមួយគិតរឿងអត់ប្រយោជន៍ច្រើនម្ល៉ឹងទេ!
សម្ដីខ្ញុំហាក់ចង់មើលងាយគាត់ថាគាត់អត់ទាន់រកការងារបាន ធ្វើ។ ខ្ញុំមិនខ្វល់ទេថាជាពាក្យបញ្ឆិតបញ្ឆៀងដែលធ្វើឲ្យគាត់ខូចចិត្ត។ តាមពិតនោះជាមុខមាត់របស់មនុស្សប្រុស។ បើគេនិយាយយើងមិនស្ដាប់ ហើយយើងមើលងាយសមត្ថភាពគេទៀត ទោះស្រលាញ់ខ្ញុំប៉ុណ្ណា ក៏បងត្រាចាប់ផ្ដើមគេចមុខពីខ្ញុំ។ ពីដំបូងខ្ញុំយល់ថា គាត់ជាមនុស្សប្រចណ្ឌគ្មានបានការ រស់នៅជាមួយគ្នាទៅរឹតតែមានបញ្ហាលើសដើម ដូចនេះខ្ញុំក៏មិនខ្ចីរវល់តាមទ្រគាត់ដែរ។ សំខាន់ខ្ញុំជាស្រីស្អាតដែលមានគេតាមស្រលាញ់ច្រើន ខ្ញុំយល់ថាសង្សារមិនពិបាករកទេសម្រាប់ ពេជ្រ វណ្ណារី។
ទីបំផុតយើងបានបែកពីគ្នាជាស្ថាពរនៅឆ្នាំ២០០៤។
គឺកាលហ្នឹងខ្ញុំបានកសាងស្នេហាជាមួយបងប្រុសមិត្តថ្មីម្នាក់នៅ កន្លែងធ្វើការរបស់ខ្ញុំ។ ខ្ញុំស្រលាញ់គាត់យ៉ាងខ្លាំងដោយសារគាត់មានតួនាទីគួរសមក្នុង ស្ថាប័នរដ្ឋ ហើយមានរូបរាងឡូយសង្ហាសមជាមួយស្រីស្អាតដូចខ្ញុំ។ គាត់ឈ្មោះបងចិត្រ។ គាត់មិនសូវចេះនិយាយច្រើន និងយកចិត្តស្រីៗ តែខ្ញុំទទួលយកបានដោយសារគាត់ជាបុរសលេចធ្លោហើយមានស្រីៗជាច្រើន បរាជ័យក្នុងការបានបេះដូងគាត់ ដូចនេះពេលបានគាត់ជាសង្សារ ខ្ញុំយល់ថាខ្លួនឯងអស្ចារ្យជាងគេណាស់ ហើយខ្លាចបាត់បង់គាត់ជាទីបំផុត ។
ចរិតជាស្រីស្អាតដែលតែងតែមានគេតាមស្រលាញ់ និងយកចិត្ត ត្រូវផ្លាស់ប្ដូរដោយសារខ្ញុំចេះយកចិត្តថ្លើមសង្សារ និងធ្វើខ្លួនបើកទូលាយគួរឲ្យស្រលាញ់ជាងធ្វើជាមួយអ្នកមុនៗ។ ខ្ញុំតែងតែធ្វើឲ្យគាត់ដឹងថាគាត់គឺជាដង្ហើម ជាសេចក្ដីសង្ឃឹមរបស់ខ្ញុំ បើគ្មានគាត់ខ្ញុំនឹងមិនដឹងថាត្រូវធ្វើម៉េចទេ។ តែទីបំផុតយើងនៅតែត្រូវបែកគ្នា ទោះបីខ្ញុំខំការពារអស់មួយទំហឹងក៏ដោយ…..។
នេះជាសម្ដីម្ដាយគាត់ដែលនិយាយជាមួយខ្ញុំនៅថ្ងៃនោះ…..៖
-ពួកកូនឯងទុករាប់គ្នាទៅ! បងឯងវាមិនសមនឹងឯងទេ! ម៉ាក់អ៊ំមើលកូនគេទុកឲ្យយូរហើយ ព្រោះដឹងថាបងឯងវាមិនចេះខុសចិត្តម្ដាយទេ! មនុស្សគេយកសម្ដី! បើឲ្យម៉ាក់អ៊ំលេបសម្ដីនឹងគេ ម៉ាក់អ៊ំសុខចិត្តអត់ដកដង្ហើម!
នេះជាសម្ដីដែលស្ត្រីអ្នកមាន អ្នកថ្លៃថ្នូរនោះនិយាយមកកាន់ខ្ញុំ។ ទោះបីគាត់ពូកែនិយាយ តែខ្ញុំនៅតែដឹងថា តាមពិតឋានៈរបស់ខ្ញុំទេដែលជាបញ្ហា។ គាត់គ្រាន់ចង់ឲ្យបងចិត្រយកប្រពន្ធអ្នកមាន ដែលអាចឲ្យគ្រួសារពឹងពាក់បាន។ ខ្ញុំបរាជ័យក្នុងការយកឈ្នះគាត់ ទោះបីប្អូនស្រីបងចិត្រយល់ចិត្តខ្ញុំ នាងឈរខាងខ្ញុំក៏គ្មានបានការ ព្រោះខ្ញុំស្រលាញ់ប៉ះបុរសដែលដេកឱបម៉ែ ហើយគាត់ធ្វើអ្វីទាំងអស់ដើម្បីម្ដាយគាត់។
រយៈពេលនោះ គឺជារយៈពេលដ៏ឈឺចាប់បំផុតក្នុងជីវិតខ្ញុំ។ ពីរបីឆ្នាំកន្លងមកហើយ បេះដូងខ្ញុំនៅតែឈឺ ឲ្យតែឮគេនិយាយពីឈ្មោះបងចិត្រ។
តាមរយៈ Facebook នៅឆ្នាំ២០០៧ ខ្ញុំបានសេពគប់បុរសអាណិកជនម្នាក់ឈ្មោះពី ប៉ុន្តែមិនមែនមានន័យថាខ្ញុំអាចបំភ្លេចបងចិត្របាន ដូចកាលជាមួយដឺលុច និងបងត្រាទេ ប៉ុន្តែគឺខ្ញុំធ្វើដើម្បីឲ្យខ្លួនឯងអាចចាកចេញពីភ្នំពេញ និងចាកចេញពីអនុស្សាវរីយ៍ទាំងអស់របស់ពួកយើង។ តែនៅពេលដែលខ្ញុំសេពគប់គ្នាបានជិត១ឆ្នាំ ខ្ញុំទើបនឹងដឹងថាបុរសនោះធ្លាប់រៀបការ និងមិនទាន់លែងលះដាច់ស្រេចនៅអាមេរិក ដូច្នេះគេគ្មានអ្វីអាចធានាខ្ញុំចេញបាន ខ្ញុំក៏បែកគាត់ទៀត។
មកដល់អាយុ២៦ឆ្នាំ ខ្ញុំលែងខ្វល់ចង់បានស្នេហ៍ស្មោះ។ ខ្ញុំប្រាប់ខ្លួនឯងថា បើប្រុសណាគ្មានផលប្រយោជន៍ឲ្យខ្ញុំ ខ្ញុំគ្មានផ្លូវចូលទៅជិតទេ។ ដូច្នេះហើយខ្ញុំចាប់ផ្ដើមងើយមើលលើ ហើយមិនខ្វល់ថាពួកម៉ាកខ្ញុំរៀបការអស់រលីងឡើយ។ ខ្ញុំលែងយល់ថាភ្លេងការវាសំខាន់ទៀតហើយ តែខ្ញុំចង់រកលុយឲ្យបានច្រើន មានផ្ទះផ្ទាល់ខ្លួន និងមានរថយន្តទំនើប ទើបខ្ញុំអាចមានសុភមង្គល។ ដូចដឹងស្រាប់ហើយ សម្រស់ និងមន្តស្នេហ៍របស់ខ្ញុំមិនបានធ្វើឲ្យខ្ញុំខុសចិត្តទេ។
ឆ្នាំ២០០៩ ខ្ញុំបានយល់ព្រមទទួលយកការទំនុកបម្រុងរបស់លោកបញ្ញាវង្ស។ គាត់ជាមេធាវី និងជាអ្នកជំនួញអចលនវត្ថុផង។ គាត់ជាអ្នកមានដែលអាចទិញឲ្យខ្ញុំនូវកាដូផ្ទះសម្រាប់ការ ចាប់ផ្ដើមជីវិតមានម្ចាស់របស់ខ្ញុំ ហើយកាដូរថយន្ត៨ម៉ឺនដុល្លារសម្រាប់ថ្ងៃកំណើត២៧ឆ្នាំរបស់ខ្ញុំ។ គាត់មានវ័យ៥៥ឆ្នាំ មានកូន៣នាក់ដែលមានវ័យប្រហាក់ប្រហែលនឹងខ្ញុំ ចំណែកភរិយារបស់គាត់ល្បីថាកាចជាទីបំផុត ប៉ុន្តែខ្ញុំនៅតែអាចគេចពីភ្នែកស្ត្រីនោះបានប្រកបដោយ សុវត្ថិភាព។
ខ្ញុំរស់នៅជាមួយលោកបញ្ញាវង្សបានកូនប្រុសម្នាក់វ័យ២ឆ្នាំកន្លះ។ ជារឿយៗយើងទៅដល់កន្លែងកម្សាន្ត ឬភោជនីយដ្ឋាននានាដោយមិនទាន់បានហូបផងត្រូវគេចចេញមកវិញប្រផាប់ ប្រភីង ដោយសារវាក់អើនឹងក្រុមគ្រួសារគាត់។ សំខាន់គឺខ្ញុំខ្លាចកូនខ្ញុំហៅរកឪពុកគ្មានខាន់ស្លារបស់គេ។
ជារឿយៗ ម៉ែកូនយើងត្រូវនៅកណ្ដោចកណ្ដែង គ្មានលោកបញ្ញាវង្សទេ ពិសេសពេលបុណ្យទានគឺកាន់តែគ្មានគាត់ ព្រោះគាត់មិនអាចឃ្លាតពីគ្រួសារគាត់ឡើយ។ យើងដើរកម្សាន្តជាមួយបងប្អូន ហើយគ្មានអ្នកណាហ៊ានសួរពីឪពុករបស់កូនខ្ញុំដែរ ដោយសារខ្ញុំតែងយកលេសថាគាត់ទៅបរទេស។ ទំនាក់ទំនងខ្ញុំ និងមិត្តភ័ក្ដិនានាភាគច្រើន កាត់ផ្ដាច់ដោយសារស្ថានភាពរបស់ខ្ញុំពិបាកក្នុងការចេញមុខជួបពួកគេ ណាស់។
កាលពីដំបូង ខ្ញុំយល់ថាឲ្យតែមានលុយ គឺខ្ញុំមានអ្វីគ្រប់យ៉ាង តែឥឡូវមានយប់ខ្លះខ្ញុំនឹកចង់បកក្រោយ។
ពេលមួយរើសម្ភារៈចាស់ៗមកមើលលេង ខ្ញុំឃើញគំនូរដឺលុចក្នុងសៀវភៅនោះ។ ខ្ញុំលែងស្រលាញ់គេយូរហើយ តែហេតុអ្វីគំនូរនោះធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ តាមពិតខ្ញុំអត់ស្ដាយក្រោយទេ ព្រោះអ្វីៗមានដំណាក់កាលប្រែប្រួលក្នុងជីវិតមនុស្សម្នាក់ៗ ហើយក៏គ្មានអ្នកណាម្នាក់មានសិទ្ធិរិះគន់យើងដែរ។ ដែលសំខាន់គឺយើងមានហេតុផលផ្សេងៗគ្នាក្នុងការតម្រង់គោលដៅអនាគត។
ទឹកភ្នែកខ្ញុំស្រក់ ព្រោះតែខ្ញុំស្ដាយវត្ថុម្យ៉ាងមានតម្លៃបំផុតក្នុងជីវិតយើង គ្រប់គ្នា នោះគឺស្នេហាស្មោះ។ ស្នេហាដំបូងក្នុងយុវវ័យរបស់យើងដែលគ្មានលក្ខខណ្ឌ និងគ្មានខ្វល់ខ្វាយពីផលប្រយោជន៍។ ហេតុអ្វីឆាប់បាត់បង់? ងាយយល់ទេ ព្រោះយើងនៅក្មេងពេក ដល់ថ្នាក់មិនចេះថែរក្សាវា។ ចុះហេតុអ្វីស្នេហាក្រោយៗមក ពេលយើងមានប្រាជ្ញាចេះយល់ការរាក់ជ្រៅហើយនៅតែបាត់បង់ទៀត? ស្រួលយល់ណាស់ នោះព្រោះតែយើងលែងមានចិត្តបរិសុទ្ធទៀតហើយ គឺយើងមានស្នេហាដោយភ្ជាប់នូវលក្ខខណ្ឌមហិច្ឆតា សម្ភារៈនិយម និងមុខមាត់។
ជីវិតមនុស្សយើងហេតុអ្វីក៏ដើរទៅមុខលឿនយ៉ាងនេះ? និស្សិតស្រីអាហារូបករណ៍ផ្នែកច្បាប់ដែលមាននិទ្ទេសពិន្ទុដ៏ល្អ ម្នាក់ បែរជារស់នៅរបៀបដូចខ្ញុំ? តើលទ្ធផលចុងក្រោយនេះ បញ្ហារបស់លោកមារបស់ដឺលុច របស់បងត្រា របស់ម្ដាយបងចិត្រ របស់អាណិកជនដែលកុហកបោកប្រាស់ ឬមួយជាការល្មោភតណ្ហារបស់លោកបញ្ញាវង្ស….ឬមួយជាបញ្ហារបស់ខ្ញុំ ផ្ទាល់? បើសិនខ្ញុំនៅតែជាស្រីស្អាត ស្មោះបរិសុទ្ធ រៀនពូកែដូចកាលនៅរៀន ហើយមានតែដឺលុចក្នុងបេះដូង តើខ្ញុំអាចមានសុភមង្គលជាងសព្វថ្ងៃដែរទេ?
ខ្ញុំស្រក់ទឹកភ្នែកលាងអតីតកាលខ្លួនឯង ហើយខ្ញុំបួងសួងឲ្យស្រីស្អាតទាំងអស់ក្នុងប្រទេសយើងអាចគេចផុតពី ស្រមោលស្នេហារបៀបខ្ញុំនេះ។ ខ្ញុំយល់ថាបើយើងរើសសង្សារ មិនមានឋានៈ តួនាទី ឬស្ថានភាពស្នេហាខុសពីយើងខ្លាំងពេក ក៏យើងមិនសូវជួបរឿងបំបែកបំបាក់ដ៏ឈឺចាប់ដូចស្នេហារបស់ខ្ញុំ និងបងចិត្រនោះដែរ ហើយបើបន្ទាប់ពីរឿងអពមង្គលមួយនោះ ខ្ញុំចេះទុកឱកាសឲ្យខ្លួនឯងសាជាថ្មីព្រមបំភ្លេចគេ ខ្ញុំក៏ប្រហែលជាមិនបណ្ដោយខ្លួនឯងឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ អាណិកជនត្បាញអាយ និងក្រញាំលោកបញ្ញាវង្សដែរ។ ប្រការដែលគួរឲ្យស្ដាយបំផុត គឺទម្រាំយើងដឹងពីអត្ថន័យពិតនៃសុភមង្គល វាប្រហែលជាហួសពេលនឹងកសាងវាទៅហើយ។ ខ្ញុំបានត្រឹមសម្លឹងសុភមង្គលរបស់ស្ត្រីជាច្រើនទៀតហើយច្រណែនជោគ វាសនារបស់គេដែលមានបុរសល្អម្នាក់នៅជាមួយគេជានិច្ចកាល។
មនុស្សជាច្រើនហៅវាថាជាព្រហ្មលិខិត តែខ្ញុំសូមហៅវាថាជាមេរៀនសម្រាប់ស្រីស្អាតផ្សេងទៀត។ប្រភពមកពី៖សប្បាយ
Tuesday, June 25, 2013
ហួសចិត្ត! ផ្ទះឆ្កែតម្លៃជាង ៣០ម៉ឺនដុល្លារ
បើនិយាយពីការរចនា និងសាងសង់ មិនជាប៉ុន្មានទេ ប៉ុន្តែបើនិយាយដល់តម្លៃកាលណា គ្រាន់តែឮក៏ឈឺចាប់ដែរព្រោះតម្លៃដល់ទៅ ៣២៥ ០០០ ដុល្លារឯណោះ។ គ្រាន់តែក្រឡេកឃើញតម្លៃភ្លាម អ្នកប្រាកដជាច្រណែន និងគិតថា វាមិនសមសោះដែលសុនខអាចទៅរស់នៅផ្ទះដ៏មានតម្លៃបែបនេះ។ វិមានឆ្កែនេះ គឺជាកម្មសិទ្ធិរបស់តារាចម្រៀង និងម៉ូដែលដ៏ល្បីល្បាញអាមេរិកនាង Paris Hilton។
ផ្ទះឆ្កែថ្លៃបំផុត ក្នុងលោកនេះមានពីរជាន់ ហ៊ុមព័ទ្ធដោយរបងដែកពីខាងក្រៅប្រៀបដូចវិមាន។ កាន់តែអស្ចារ្យទៀត ខាងក្នុងទទួលបានការរចនាដ៏ស្រស់ស្អាតពីអ្នកជំនាញ ដោយមានបំពាក់ម៉ាស៊ីនកម្ដៅ ម៉ាស៊ីនត្រជាក់ និងអំពូលភ្លើងធំនៅកណ្ដាលផ្ទះទៀតផង។ ក្រៅពីនេះ ក៏មានបន្ទប់ទទួលភ្ញៀវ បន្ទប់ដេក និងទូរខោអាវផងដែរ។
វិមាន ឆ្កែដ៏ស្កឹមស្កៃជាជម្រកសម្រាប់ឆ្កែទាំង ៦ របស់ Hilton ដែលមានឈ្មោះដូចជា Tinkerbell, Marilyn Monroe, Prince Baby Bear, Harajuku, Dolce និង Prada។ ផ្ទះនេះរចនាម៉ូដដោយអ្នករចនាម៉ូដផ្ទះដ៏ល្បីឈ្មោះគឺលោក Faye Resnick ដោយយកលំនាំតាមគេហដ្ឋានរបស់ Paris Hilton ផ្ទាល់។
ឃើញរូបភាព ដឹងពីតម្លៃ និងអានការរៀបរាប់ហើយ អ្នកគិតយ៉ាងណាដែរ?
ប្រែសម្រួល៖ Zac
ប្រភព៖ treehugger
Friday, June 21, 2013
រឿង “សន្យាស្នេហ៍” ទទួលការចាប់អារម្មណ៍
ភាពយន្តភាគរបស់ខ្មែររឿង “សន្យាស្នេហ៍” ដែលត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN កំពុងទទួលបានការគាំទ្រពីទស្សនិកជនស្ទើរគ្រប់មជ្ឈដ្ឋាន។
ប្រជាពលរដ្ឋ ខ្មែរភាគច្រើនកំពុងផ្ដោតការចាប់អារម្មណ៍ និងតាមដានភាពយន្តខ្មែរបែបមនោសញ្ចេតនា ខាងលើនេះ មិនចាញ់ភាពយន្តបរទេសឡើយក្នុងរយៈចុងក្រោយនេះ។ នៅតាមគេហដ្ឋាននីមួយៗហាក់មិនសូវរំលងនោះទេ ដែលនេះបញ្ជាក់ពីសន្ទុះ នៃការគាំទ្រភាពយន្តស្នាដៃរបស់ខ្មែរនៅឆ្នាំ២០១៣នេះ។
អ្នកស្រី នី ជាមេផ្ទះមួយរូប បាននិយាយថា គ្រួសាររបស់អ្នកស្រីតាមដានរឿងនេះរហូតមិនដែលរំលងឡើយ ស្របពេលនេះ ជាពេលទទួលទានអាហារជួបជុំជាមួយប្ដី និងកូនៗផង។ “ត្រូវជាពេលប្ដីខ្ញុំសម្រាកការងារផង។ ម្យ៉ាងទៀត ជាពេលកូនចៅមកពីធ្វើការ និងរៀនសូត្រយើងញាំបាយបណ្ដើរ មើលបណ្ដើរចឹងទៅ”។
ស្រដៀងគ្នានេះដែរកញ្ញា ម៉ាឡៃ កម្មការិនីរោងចក្រ នៅម្ដុំចាក់អង្រែលើបានឲ្យដឹងដែរថា កញ្ញា និងអ្នករួមបន្ទប់ទាំងអស់មិនដែលរំលងឡើយ តាំងពីរឿងនេះចាប់ផ្ដើមចាក់បញ្ចាំង។ “អ្នកធ្វើការរោងចក្រក្បែរគ្នាហ្នឹង តែងនាំគ្នានិយាយពីរឿងនេះ អ្នកខ្លះខឹងនឹងពាណិជ្ជកម្មញឹកពេក”។ នេះជាការបញ្ជាក់របស់កម្មការិនីរោងចក្រខាងលើ។
ដោយឡែកលោក សុខ សម្បត្តិ ជាបុគ្គលិកក្រុមហ៊ុនមួយនៅភ្នំពេញបានឲ្យដឹងដែរថា លោកទស្សនារឿងនេះតាមភរិយាប៉ុណ្ណោះ។ លោកថា ” មកពីធ្វើការវិញឃើញប្រពន្ធខ្ញុំមើល ក៏មើលតាមគាត់ដែរទៅ ដំបូងមិនចាប់អារម្មណ៍ទេ តែឥឡូវដូចជក់”។
កញ្ញា ធីតា និស្សិតសាកលវិទ្យាល័យមួយ បាននិយាយថា ទោះបីជាកញ្ញាមមាញឹកសិក្សាក៏ពិតមែនក៏ឆ្លៀតពេលខ្លះដើម្បីទស្សនា ដែរ។ កញ្ញានិយាយថា ” ពីមុនខ្ញុំមើលតែរឿងថៃទេ តែពេលនេះចាប់អារម្មណ៍លើរឿងភាគនេះដែរ”។ កញ្ញាបន្តថា ភាពយន្តខ្មែរបច្ចុប្បន្ននេះកាន់តែល្អ និងរីកចំរើនហើយ។
“សន្យា ស្នេហ៍” ឆ្លុះបញ្ចាំងពីគ្រួសារមួយ ដែលមានវិបត្តិមិនចេះចប់មិនចេះហើយ ភាពច្រណែននិន្ទាទៅវិញទៅមកនាំឲ្យគ្រួសារបែកខ្ញែកចេញពីគ្នា រកសុភមង្គលមិនឃើញ។ ក្រៅនេះ ក៏បានបង្ហាញពីចំណងស្នេហ៍ ដែលពោរពេញទៅដោយការកុហកបោកបញ្ឆោត។
រឿងនេះមានចាក់បញ្ចាំងរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃពុធ លើកញ្ចក់ទូរទស្សន៍CTN ពីម៉ោង៧: ០០ ដល់ម៉ោង៨:០០ យប់៕ប្រភពមកពី៖សប្បាយ
Wednesday, June 12, 2013
យូរី និង អាន គុណកូឡា ផ្អែមល្ហែមជាមួយគ្នា ខណៈផ្ទុះរឿងស្នេហ៍ឡើង
ភ្នំពេញ៖ កន្លងមកតារាចម្រៀង ប្រុសស្រីវ័យក្មេងពីរដួង នៅក្នុងទ្រនំផលិតកម្ម សាន់ដេ
កញ្ញា យូរី និង អាន គុណកូឡា ត្រូវបានបណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយចំនួន ចុះផ្សាយ
ព្រោងព្រាតថា តារាចម្រៀងទាំងពីរដួង នេះបានលួចបង្កាត់ភ្លើង ស្នេហ៍ជាមួយគ្នា ខណៈពួក
គេបានជួបគ្នា នៅក្នុងទ្រនំតែមួយ គឺផលិតកម្ម សាន់ដេ។
តែទោះជាយ៉ាងណា ជុំវិញការលេចឮ ព័ត៌មានទាំងនេះ ហាក់ដូចជាមិនធ្វើឲ្យស្រីស្រស់ យូរី
និង អាន គុណកូឡា ឈឺក្បាលវិលមុខ ដេកមិនលក់ បក់មិនល្ហើយនោះទេ ព្រោះការលេចឮ
បែបនេះ វាមិនមែនទើបតែជាលើកទី១ នោះទេសម្រាប់អ្នកទាំងពីរ ។ មិនតែប៉ុណ្ណោះចំពោះ
ព័ត៌មានដែលលេចឮថា តារាចម្រៀងរួម ទ្រនំទាំងពីរដួងនេះ មានទំនាក់ទំនង ស្នេហាជាមួយ
គ្នា កាលពីកន្លងទៅ ពួកគេធ្លាប់បានអះអាង ប្រាប់ថាគ្មានទំនាក់ទំនង ស្នេហាជាមួយគ្នា នោះ
ទេ ពោលគឺពួកគេគ្រាន់តែ ស្និទ្ធស្នាលនៅក្នុងបទ ចម្រៀងតែប៉ុណ្ណោះ ។
ដោយឡែក បើទោះបីជា យូរី និង អាន គុណកូឡា ធ្លាប់បានអះអាងយ៉ាងនេះក៏ដោយ ក៏មហា
ជន និងស្រទាប់យុវវ័យ មួយចំនួន នៅតែគិត និងសង្ស័យដដែលថា អ្នកទាំងពីរមានទំនាក់ទំ
នងស្នេហាជាមួយគ្នា ។ មូលហេតុដែលនាំឲ្យ មហាជន និងស្រទាប់យុវវ័យ ក៏ដូចជាអ្នកតាម
ដានសង្គមសិល្បៈខ្មែរ នៅតែគិតបែបនេះបន្ទាប់ពីពួកគេ បានឃើញរូបភាពជាច្រើនរវាងលោក
អាន គុណកូឡា និង យូរី បង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា ហើយរូបទាំងនេះ ត្រូវ
បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ។
នៅព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៣នេះ LookingTODAY មិនអាចសុំការបកស្រាយបំភ្លឺពី
កញ្ញា យូរី បានទេ ដោយសារទូរស័ព្ទរបស់នាង ពេលខលចូល គ្មានអ្នកទទួល ។ ប៉ុន្តែតារា
ចម្រៀងរាងតូចច្រឡឹង ចង្កេះអង្ក្រង យូរី ធ្លាប់បានបង្ហើបប្រាប់ LookingTODAY កាលពីជំនួប
លើកមុនថា រវាងនាង និងលោក អាន គុណកូឡា គឺគ្រាន់តែស្រឡាញ់គ្នាក្នុងនាមជាអ្នកសិល្បៈ
រួមដំបូលជាមួយគ្នាតែប៉ុណ្ណោះ គ្មានចំណងស្នេហាក្រៅឆាកកើតឡើងឡើយ។ រីឯលោក អាន
គុណកូឡា មិនអាចទាក់ទងសុំការបកស្រាយបានទេ នៅថ្ងៃនេះ ។
ទោះជាយ៉ាងណាគេហទំព័រ LookingTODAY នៅតែបន្តរងចាំ ស្វាគមន៍ជានិច្ច រវាងតារាចម្រៀង
វ័យក្មេងសាច់សខ្ចី យូរី និងអាន គុណកូឡា ចំពោះការចេញមុខ បកស្រាយជុំវិញ ការលេចឮ
ខាងលើ ដើម្បីឲ្យមហាជនអស់ មន្ទិលសង្ស័យ ៕ ប្រភពពី camnews.com.kh
Friday, May 17, 2013
BTOB Boys Band ដែលមកកម្ពុជាចុងសបា្តហ៍នេះ មានប្រវត្តិយ៉ាងណា?
BTOB គឺជាក្រុម Boys Band
ដ៏ល្បីមួយក្រុមទៀតរបស់កូរ៉េ
ដែលគ្រោងនឹងបង្ហាញមុខនៅកម្ពុជាជាលើកដំបូងនៅចុងសបា្តហ៍នេះ។
យ៉ាងណាប្រិយមិត្តប្រហែលជានៅមិនទាន់ស្គាល់ច្បាស់ ក្រុមប្រុសស្អាតកូរ៉េមួយនេះ មានប្រវត្តិបែបណានោះទេ។ ដូច្នេះសូមតាមដានស្វែងយល់ពីពួកគេខ្លះៗជាមួយSabay ដូចខាងក្រោម៖
ប្រវត្តិក្រុម
ក្រុមចម្រៀង BTOB បានមកពីពាក្យថា Born To Beat ដែលប្រែមកថា “កើតមកដើម្បីចង្វាក់តន្ត្រី”។ ក្រុមនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ខែ មីនាឆ្នាំ២០១២ ក្លាយជាក្រុមចម្រៀងថ្មីរបស់ផលិតកម្ម Cube Entertainment ដែលធ្លាប់បានទទួលជោគជ័យក្នុងការបង្កើតក្រុមចម្រៀង 4 Minute និង Beast រួចមកហើយ។ក្រុមចម្រៀងនេះដំបូងឡើយមានសមាជិក ៥នាក់គឺ Seo Eunkwang(មេក្រុម), Lee Minhyuk, Lim Hyunsik, Jung Ilhoon and Lee Minwoo ។ ក្រុមនេះ បានអង្រួនបេះដូងអ្នកគាំទ្រតាមចង្វាក់ Ballad និង Electronic ជាមួយនឹងក្បាច់រាំដែលមើលទៅមាំមួនហើយស្រុះគ្នាផ្សំនឹង Style Rap ប្លែកពីក្រុមផ្សេងៗ។
ការតស៊ូក្នុងវិស័យសិល្បៈ
ដើម្បី ទាក់ទាញការចាប់អារម្មណ៍ពីប្រិយមិត្តផលិតកម្ម Cube Entertainment បានឱ្យសមាជិកទាំងអស់ចូលរួមសម្ដែងក្នុង Sitcome រឿង ” I Live In Cheongdam Dong” របស់ទូរទស្សន៍ខ្សែកាប JTBC រហូតទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយឈ្មោះរបស់ពួកគេ គ្រងលំដាប់ទីមួយជាពាក្យស្វែងរក(Key Word)ដ៏ពេញនិយមលើប្រព័ន្ធInternet ។តែក្រោយពីសម្ដែង Sitcomeហើយ Lee Minwoo បានដកខ្លួនចេញពីក្រុមដោយសារបញ្ហាសុខភាព ធ្វើឱ្យប្រិយមិត្តជាច្រើនខកបំណង។ ប៉ុន្តែទោះជាបាត់បង់សមាជិកម្នាក់ក្តី សមាជិកដែលនៅសល់ មិនបានអស់សង្ឃឹមទេ ពួកគេនៅតែតស៊ូ ហើយជាលទ្ធផល ពួកគេអាចរកសមាជិកដែលមានសមត្ថភាពថែមបាន៣រូបទៀតគឺ Lee Chang Sub,
Shin Dong Geunឬ Peniel D.Shin និង Yook Sung Jae។
ការចេញមុខដំបូង និងសមិទ្ធផល
នៅ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ក្រុម BTOB បានបញ្ចេញ Clip Video ណែនាំខ្លួនតាមរយៈ Website ដោយនៅក្នុង Clip នោះកំលោះៗទាំង៧នាក់ស្លៀកឈុតពណ៌ខ្មៅហើយមានក្រណាត់បិទមុខ ធ្វើឱ្យអ្នកទស្សនារំជើបរំជួលចង់ដឹង ថាតើពួកគេទាំង៧នាក់ជាអ្នកណាមកពីណា។រហូតដល់ថ្ងៃទី១៨ និង១៩ មីនា ឆ្នាំ២០១២ កន្លងទៅ ក្រុម BTOB បានបញ្ចេញ Single Teasure ដំបូងមានឈ្មោះថា Insane មកពញ្ញាក់អារម្មណ៍ប្រិយមិត្ត។ថ្ងៃទី២១ និង២២ក្នុង ខែមីនា ដដែលពួកគេបានចូលរួមសម្ដែង និងផ្សព្វផ្សាយចម្រៀងក្នុងកម្មវិធីប្រគំតន្ត្រីមួយចំនួនដូចជា M! Countdown Music Bank, Music Core Inkigayo។
ខាងផលិតកម្មCube Entertainment បានរៀបចំកម្មវិធីសន្និសីទកាសែតបង្ហាញក្រុម BTOB ជាផ្លូវការជាមួយ Mini-Concert ដើម្បីបង្អួតសមត្ថភាពកំលោះទាំង៧រូបផងដែរ។សំរាប់ Mini-Concert នេះមិនបានធ្វើឱ្យអ្នកចាំគាំទ្រខកបំណងឡើយព្រោះទាំងក្បាច់រាំ និងការច្រៀង Rap បទ Gangsta Luv របស់អ្នកចំរៀង Rapper ដ៏ល្បីឈ្មោះ Snoop Dogg ពួកគេសម្ដែងបានយ៉ាងល្អឥតខ្ចោះ អាចហៅបានថាពួកគេទាំង៧ពិតជាអស្ចារ្យមែនទែន។ថ្មីនេះក្រុម BTOB បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា “ប៉ា” ដើម្បីចូលរួមអបអរ និងសម្ដែងសេចក្តីដឹងគុណក្នុងឱកាស”ទិវាឪពុក”ដែលធ្វើឡើងនៅថ្ងៃទី ៨ឧសភាជារៀងរាល់ឆ្នាំនៅប្រទេសកូរ៉េ។
ការចេញទៅសម្ដែងនៅបរទេស
ទោះជាក្រុមនេះ ជាក្រុមចម្រៀងថ្មីទើបតែប្រឡូកក្នុងសិល្បៈបានរយៈពេល១ឆ្នាំជាង តែក្រុម BTOB មានឱកាសទៅសម្ដែងនៅក្រៅប្រទេសក្នុងកម្មវិធីប្រគំតន្ត្រីធំៗជា ច្រើនប្រទេសដូចជា ចិន ហុងកុង តៃវ៉ាន់ជប៉ុន ម៉ាឡេស៊ី និងថៃ។ ក្រុមដ៏ល្បីនេះ គ្រោងនឹងបង្ហាញមុខជាលើកដំបូងនៅកម្ពុជាយើងទៀត នៅថ្ងៃអាទិត្យទី ១៩ ឧសភា សបា្តហ៍នេះ។
មហិច្ឆតា
ក្រុម ចម្រៀង BTOB នៅមិនទាន់បានទទួលពានរង្វាន់ណាមួយនៅឡើយទេ បើទោះជាពួកគេបានបញ្ចេញបទចម្រៀងអស់ ៤ បទមកហើយនោះ។ ប៉ុន្តែជាមួយនឹងបទចុងក្រោយដែលមានចំណងជើងថា “2nd Confession”ពួកគេសង្ឃឹមថា នឹងអាចដណ្តើមបានពានរង្វាន់ណាមួយក្នុងឆ្នាំ២០១៣នេះ៕

ប្រែសម្រួល ៖ សុខា នីកា
ប្រភព ៖ en.wikipedia

ប្រវត្តិក្រុម
ក្រុមចម្រៀង BTOB បានមកពីពាក្យថា Born To Beat ដែលប្រែមកថា “កើតមកដើម្បីចង្វាក់តន្ត្រី”។ ក្រុមនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ខែ មីនាឆ្នាំ២០១២ ក្លាយជាក្រុមចម្រៀងថ្មីរបស់ផលិតកម្ម Cube Entertainment ដែលធ្លាប់បានទទួលជោគជ័យក្នុងការបង្កើតក្រុមចម្រៀង 4 Minute និង Beast រួចមកហើយ។ក្រុមចម្រៀងនេះដំបូងឡើយមានសមាជិក ៥នាក់គឺ Seo Eunkwang(មេក្រុម), Lee Minhyuk, Lim Hyunsik, Jung Ilhoon and Lee Minwoo ។ ក្រុមនេះ បានអង្រួនបេះដូងអ្នកគាំទ្រតាមចង្វាក់ Ballad និង Electronic ជាមួយនឹងក្បាច់រាំដែលមើលទៅមាំមួនហើយស្រុះគ្នាផ្សំនឹង Style Rap ប្លែកពីក្រុមផ្សេងៗ។
ការតស៊ូក្នុងវិស័យសិល្បៈ
ដើម្បី ទាក់ទាញការចាប់អារម្មណ៍ពីប្រិយមិត្តផលិតកម្ម Cube Entertainment បានឱ្យសមាជិកទាំងអស់ចូលរួមសម្ដែងក្នុង Sitcome រឿង ” I Live In Cheongdam Dong” របស់ទូរទស្សន៍ខ្សែកាប JTBC រហូតទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយឈ្មោះរបស់ពួកគេ គ្រងលំដាប់ទីមួយជាពាក្យស្វែងរក(Key Word)ដ៏ពេញនិយមលើប្រព័ន្ធInternet ។តែក្រោយពីសម្ដែង Sitcomeហើយ Lee Minwoo បានដកខ្លួនចេញពីក្រុមដោយសារបញ្ហាសុខភាព ធ្វើឱ្យប្រិយមិត្តជាច្រើនខកបំណង។ ប៉ុន្តែទោះជាបាត់បង់សមាជិកម្នាក់ក្តី សមាជិកដែលនៅសល់ មិនបានអស់សង្ឃឹមទេ ពួកគេនៅតែតស៊ូ ហើយជាលទ្ធផល ពួកគេអាចរកសមាជិកដែលមានសមត្ថភាពថែមបាន៣រូបទៀតគឺ Lee Chang Sub,
Shin Dong Geunឬ Peniel D.Shin និង Yook Sung Jae។

ការចេញមុខដំបូង និងសមិទ្ធផល
នៅ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ក្រុម BTOB បានបញ្ចេញ Clip Video ណែនាំខ្លួនតាមរយៈ Website ដោយនៅក្នុង Clip នោះកំលោះៗទាំង៧នាក់ស្លៀកឈុតពណ៌ខ្មៅហើយមានក្រណាត់បិទមុខ ធ្វើឱ្យអ្នកទស្សនារំជើបរំជួលចង់ដឹង ថាតើពួកគេទាំង៧នាក់ជាអ្នកណាមកពីណា។រហូតដល់ថ្ងៃទី១៨ និង១៩ មីនា ឆ្នាំ២០១២ កន្លងទៅ ក្រុម BTOB បានបញ្ចេញ Single Teasure ដំបូងមានឈ្មោះថា Insane មកពញ្ញាក់អារម្មណ៍ប្រិយមិត្ត។ថ្ងៃទី២១ និង២២ក្នុង ខែមីនា ដដែលពួកគេបានចូលរួមសម្ដែង និងផ្សព្វផ្សាយចម្រៀងក្នុងកម្មវិធីប្រគំតន្ត្រីមួយចំនួនដូចជា M! Countdown Music Bank, Music Core Inkigayo។
ខាងផលិតកម្មCube Entertainment បានរៀបចំកម្មវិធីសន្និសីទកាសែតបង្ហាញក្រុម BTOB ជាផ្លូវការជាមួយ Mini-Concert ដើម្បីបង្អួតសមត្ថភាពកំលោះទាំង៧រូបផងដែរ។សំរាប់ Mini-Concert នេះមិនបានធ្វើឱ្យអ្នកចាំគាំទ្រខកបំណងឡើយព្រោះទាំងក្បាច់រាំ និងការច្រៀង Rap បទ Gangsta Luv របស់អ្នកចំរៀង Rapper ដ៏ល្បីឈ្មោះ Snoop Dogg ពួកគេសម្ដែងបានយ៉ាងល្អឥតខ្ចោះ អាចហៅបានថាពួកគេទាំង៧ពិតជាអស្ចារ្យមែនទែន។ថ្មីនេះក្រុម BTOB បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា “ប៉ា” ដើម្បីចូលរួមអបអរ និងសម្ដែងសេចក្តីដឹងគុណក្នុងឱកាស”ទិវាឪពុក”ដែលធ្វើឡើងនៅថ្ងៃទី ៨ឧសភាជារៀងរាល់ឆ្នាំនៅប្រទេសកូរ៉េ។

ការចេញទៅសម្ដែងនៅបរទេស
ទោះជាក្រុមនេះ ជាក្រុមចម្រៀងថ្មីទើបតែប្រឡូកក្នុងសិល្បៈបានរយៈពេល១ឆ្នាំជាង តែក្រុម BTOB មានឱកាសទៅសម្ដែងនៅក្រៅប្រទេសក្នុងកម្មវិធីប្រគំតន្ត្រីធំៗជា ច្រើនប្រទេសដូចជា ចិន ហុងកុង តៃវ៉ាន់ជប៉ុន ម៉ាឡេស៊ី និងថៃ។ ក្រុមដ៏ល្បីនេះ គ្រោងនឹងបង្ហាញមុខជាលើកដំបូងនៅកម្ពុជាយើងទៀត នៅថ្ងៃអាទិត្យទី ១៩ ឧសភា សបា្តហ៍នេះ។
មហិច្ឆតា
ក្រុម ចម្រៀង BTOB នៅមិនទាន់បានទទួលពានរង្វាន់ណាមួយនៅឡើយទេ បើទោះជាពួកគេបានបញ្ចេញបទចម្រៀងអស់ ៤ បទមកហើយនោះ។ ប៉ុន្តែជាមួយនឹងបទចុងក្រោយដែលមានចំណងជើងថា “2nd Confession”ពួកគេសង្ឃឹមថា នឹងអាចដណ្តើមបានពានរង្វាន់ណាមួយក្នុងឆ្នាំ២០១៣នេះ៕

ប្រែសម្រួល ៖ សុខា នីកា
ប្រភព ៖ en.wikipedia



















