BTOB គឺ​ជា​ក្រុម Boys Band ដ៏​ល្បី​មួយ​ក្រុម​ទៀតរបស់​កូរ៉េ ដែល​គ្រោង​នឹង​បង្ហាញ​មុខ​នៅ​កម្ពុជា​ជា​លើក​ដំបូង​នៅ​ចុង​សបា្តហ៍​នេះ។ យ៉ាង​ណា​ប្រិយមិត្ត​ប្រហែល​ជា​នៅ​មិន​ទាន់​ស្គាល់​ច្បាស់ ក្រុម​ប្រុស​ស្អាត​កូរ៉េ​មួយ​នេះ មាន​ប្រវត្តិ​បែប​ណា​នោះ​ទេ។ ដូច្នេះ​សូម​តាម​ដាន​ស្វែង​យល់​ពី​ពួក​គេ​ខ្លះ​ៗ​ជាមួយSabay ដូច​ខាង​ក្រោម៖
ប្រវត្តិក្រុម
ក្រុម​ចម្រៀង  BTOB បាន​មក​ពី​ពាក្យ​ថា Born To Beat ដែល​ប្រែ​មក​ថា “កើត​មក​ដើម្បី​ចង្វាក់​តន្ត្រី”។ ក្រុម​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២២​ខែ មីនា​ឆ្នាំ​២០១២ ក្លាយ​ជា​ក្រុម​ចម្រៀង​ថ្មី​របស់​ផលិតកម្ម​ Cube Entertainment ដែល​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បង្កើត​ក្រុម​ចម្រៀង​  4 Minute និង Beast រួច​មក​ហើយ​។ក្រុម​ចម្រៀង​នេះ​ដំបូង​ឡើយ​មាន​សមាជិក ៥​នាក់​គឺ Seo Eunkwang​(មេក្រុម), Lee Minhyuk, Lim Hyunsik, Jung Ilhoon and Lee Minwoo ។ ក្រុម​នេះ បាន​អង្រួន​បេះដូង​អ្នក​គាំទ្រ​តាម​ចង្វាក់​ Ballad​ និង​ Electronic ជាមួយ​នឹង​ក្បាច់​រាំ​ដែល​មើល​ទៅ​មាំមួន​ហើយ​ស្រុះ​គ្នា​ផ្សំ​នឹង Style Rap ប្លែក​ពី​ក្រុម​ផ្សេង​ៗ។
ការ​តស៊ូ​ក្នុង​វិស័យ​សិល្បៈ​
ដើម្បី ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រិយ​មិត្ត​ផលិត​កម្ម​ Cube Entertainment បាន​ឱ្យ​សមាជិក​ទាំង​អស់​ចូល​រួម​សម្ដែង​ក្នុង Sitcome ​រឿង​ ” I Live In Cheongdam Dong” របស់​ទូរទស្សន៍​ខ្សែកាប​ JTBC រហូត​ទទួល​បាន​ការ​គាំ​ទ្រ​​យ៉ាង​ខ្លាំង ដោយ​ឈ្មោះ​របស់​ពួក​គេ គ្រង​លំដាប់​ទីមួយ​ជា​ពាក្យ​ស្វែង​រក​(Key Word)ដ៏​ពេញ​និយម​លើ​ប្រព័ន្ធ​Internet ។តែ​ក្រោយ​ពី​សម្ដែង Sitcomeហើយ Lee Minwoo បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ដោយ​សារ​បញ្ហា​សុខភាព ធ្វើ​ឱ្យ​ប្រិយ​មិត្ត​ជា​ច្រើន​ខក​បំណង​។ ប៉ុន្តែ​ទោះ​ជា​បាត់​បង់​សមាជិក​ម្នាក់​ក្តី សមាជិក​ដែល​នៅ​សល់ មិន​បាន​អស់​សង្ឃឹម​ទេ ពួក​គេ​នៅ​តែ​តស៊ូ ហើយ​ជា​លទ្ធផល ពួក​គេ​អាច​រក​សមាជិក​ដែល​មាន​សមត្ថភាព​ថែម​បាន​៣​រូប​ទៀត​គឺ Lee Chang Sub,
Shin Dong Geunឬ Peniel D.Shin និង Yook Sung Jae។
ការ​ចេញ​មុខ​ដំបូង និង​សមិទ្ធផល​
នៅ ​ថ្ងៃ​ទី​១៤​ ខែ​មីនា ឆ្នាំ​២០១២​ ក្រុម BTOB បាន​បញ្ចេញ Clip Video ណែ​នាំ​ខ្លួន​តាម​រយៈ​  Website ដោយ​នៅ​ក្នុង​ Clip នោះ​កំលោះ​ៗ​ទាំង​៧​នាក់​ស្លៀក​ឈុត​ពណ៌​ខ្មៅ​ហើយ​មាន​ក្រណាត់​បិទ​មុខ​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​រំជើបរំជួល​ចង់​ដឹង ថា​តើ​ពួកគេ​ទាំង​៧​នាក់​ជា​អ្នកណា​មក​ពីណា​។រហូត​ដល់​ថ្ងៃ​ទី​១៨ និង​១៩ មីនា ឆ្នាំ​២០១២ កន្លង​ទៅ ក្រុម​ BTOB បាន​បញ្ចេញ Single Teasure ដំបូង​មាន​ឈ្មោះ​ថា Insane មក​ពញ្ញាក់​អារម្មណ៍​ប្រិយ​មិត្ត​។ថ្ងៃ​ទី​២១ និង​២២​ក្នុង ខែ​មីនា ដដែល​ពួក​គេ​បាន​ចូល​រួម​សម្ដែង និង​ផ្សព្វផ្សាយ​ចម្រៀង​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​មួយចំនួន​ដូច​ជា M! Countdown  Music Bank, Music Core Inkigayo។
ខាង​ផលិត​កម្មCube Entertainment ​បាន​រៀប​ចំ​កម្មវិធី​សន្និសីទ​កាសែត​បង្ហាញ​ក្រុម​ BTOB ជា​ផ្លូវ​ការ​ជាមួយ​ Mini-Concert ដើម្បី​បង្អួត​សមត្ថភាព​កំលោះ​ទាំង​៧​រូប​ផង​ដែរ​។សំរាប់​ Mini-Concert ​នេះ​មិន​បាន​ធ្វើ​ឱ្យ​អ្នក​ចាំ​គាំទ្រ​ខក​បំណង​ឡើយ​ព្រោះ​ទាំង​ក្បាច់​រាំ និង​ការ​ច្រៀង​ Rap បទ Gangsta Luv របស់​អ្នក​ចំរៀង​ Rapper ដ៏​ល្បី​ឈ្មោះ Snoop Dogg ពួក​គេ​សម្ដែង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ អាច​ហៅ​បាន​ថា​ពួកគេ​ទាំង​៧​ពិត​ជា​អស្ចារ្យ​មែន​ទែន។ថ្មី​នេះ​ក្រុម​ BTOB បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មាន​ចំណង​ជើង​ថា​ “ប៉ា” ដើម្បី​ចូល​រួម​អបអរ និង​សម្ដែង​សេចក្តី​ដឹង​គុណ​ក្នុង​ឱកាស”ទិវា​ឪពុក​”ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​៨​ឧសភា​ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កូរ៉េ។
ការ​ចេញ​ទៅ​សម្ដែង​នៅ​បរទេស

ទោះ​ជា​ក្រុម​នេះ ជា​ក្រុម​ចម្រៀង​ថ្មី​ទើប​តែ​ប្រឡូក​ក្នុង​សិល្បៈ​បាន​រយៈ​ពេល​១​ឆ្នាំ​ជាង​ តែ​ក្រុម BTOB មាន​ឱកាស​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​ធំ​ៗ​ជា​ ច្រើន​ប្រទេស​ដូចជា ចិន ហុងកុង​ តៃវ៉ាន់​ជប៉ុន ម៉ាឡេស៊ី និង​ថៃ។ ក្រុម​ដ៏​ល្បី​នេះ គ្រោង​នឹង​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅ​កម្ពុជា​យើង​ទៀត នៅ​ថ្ងៃ​អាទិត្យ​ទី ១៩ ឧសភា សបា្តហ៍​នេះ
មហិច្ឆតា
ក្រុម ​ចម្រៀង BTOB នៅ​មិន​ទាន់​បាន​ទទួល​ពាន​រង្វាន់​ណា​មួយ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​ពួក​គេ​បាន​បញ្ចេញ​បទ​ចម្រៀង​អស់ ៤ បទ​មក​ហើយ​នោះ។ ប៉ុន្តែ​ជាមួយ​នឹង​បទ​ចុង​ក្រោយ​ដែល​មាន​ចំណង​ជើង​ថា “2nd Confession”ពួក​គេ​សង្ឃឹម​ថា នឹង​អាច​ដណ្តើម​បាន​ពាន​រង្វាន់​ណា​មួយ​ក្នុង​ឆ្នាំ​២០១៣នេះ៕

ប្រែ​សម្រួល ៖ សុខា នីកា
ប្រភព ៖ en.wikipedia