Thursday, May 23, 2013

ពិធី​បុណ្យ​វិសាខ​បូជា​ចាប់​កំណើត​នៅ​ឆ្នាំ​ណា?

វិសាខ​បូជា គឺជា​​ពិធី​បុណ្យ​ដ៏ធំ​សំខាន់​មួយ​​​សម្រាប់​ពុទ្ធសាស​និក​ជន​ក្នុង​ចំណោម​ បុណ្យ​ទ្វាទសមាស​ដទៃ​ទៀត​​នៃ​ព្រះ​ពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​ធ្វើសក្ការៈ​រំលឹក​​ដល់​ព្រឹត្តិ​ការណ៍​​ធំៗ​​៣​​សម័យ​កាសល​ របស់​ព្រះ​សាក្យមុនី សម្មា​សម្ពុទ្ធ​ដែល​ព្រះ​​អង្គទ្រង់​បាន​ប្រសូត្រ, ទ្រង់​បាន​បរមាភិសម្ពោធិ (បាន​ត្រាស់​ដឹង) ​និង​ទ្រង់​រលត់​ខន្ធ​ចូលកាន់​បរិនិព្វាន  ហើយ​​ពិធី​នេះ​បានប្រព្រឹត្ត​​ធ្វើឡើង​នៅថ្ងៃទី​២៤ ឧសភា ២០១៣ ត្រូវនឹងថ្ងៃ​១៥ កើត ​ខែ​វិសាខ  ព្រះចន្ទ​ពេញបូណ៌មី ។
ពិធី​បុណ្យ​វិសាខ​បូជា​ត្រូវបាន​អង្គ​ការ​សហ​ប្រជា​ ជាតិ​​​ប្រកាស​កាល​ពី​ថ្ងៃទី​១៥ ធ្នូ ១៩៩៩ ទទួល​ស្គាល់​វិសាខ​បូជា​ជា​​ពិធី​បុណ្យ​អន្តរ​ជាតិ​មួយ​ដែល​គេ​អាច​ប្រារព្ធ ​ធ្វើនៅ​តាម​ការិយា​ល័យទាំង​ឡាយ​របស់​អង្គ​ការ​សហប្រជាជាតិ​នៅ​លើ​ពិភព​លោក ហើយ​​ក៏​បាន​​​ក្លាយ​ជា​ពិធី​បុណ្យ​​​អន្តរ​ជាតិ​ផង​ដែរ ​បើ​ទោះវិសាខ​បូជា​​ជា​បុណ្យ​​​ប្រវត្តិ​សាស្ត្រ​មួយ​​របស់​​ព្រះ​ពុទ្ធ​​ សាសនា​ដែល​មាន​អាយុ​កាល​​២៥៥៧​ឆ្នាំ​មក​ហើយ​នេះ។ គ្រប់​​ប្រទេស​​ទាំង​អស់​​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​​នៅភូមិ​​ភាគ​អាស៊ី​​ អាគ្នេយ៍​​យើង​នេះ​ក្តី នៅ​ក្នុងពិភព​លោក​ទាំង​មូល​ក្តីតែង​តែ​​ប្រារព្ធ​ធ្វើ​ទិវា​​វិសាខ​​បូជា ខណៈ​​ពុទ្ធ​សាសនិកជន​​ទាំង​អស់​​បាន​ប្រារព្ធ​ពិធី​នេះ​ជា​យូរ​មក​ហើយ... ។
ទាក់​ទង​នឹង​ប្រវត្តិ​ដើម​កំណើត​នៃ​ពិធី​បុណ្យ​វិសាខ​ បូជា​នេះ សៀវភៅ «ព្រះ​​រាជ​ពិធី​ទ្វាទសមាស» ​ដែល​បោះពុម្ព​ផ្សាយ​​  ដោយ​​វិទ្យា​ស្ថាន​ពុទ្ធ​សាសន​​បណ្ឌិត្យ ក្នុង​​គ្រិស្ត​សករាជ​ ១៩៥១ បាន​សរសេរកត់​​ត្រា​ថា ​បន្ទាប់​ពីព្រះ​ពុទ្ធ​​ទ្រង់​បាន​រំលត់​ខន្ធ​ចូល​កាន់​​បរិនិព្វាន​អស់​រយៈ ​ពេល​ជា​ច្រើន​​រយ​ឆ្នាំ​ទៅ​ហើយ ​ទើប​គេ​សង្កេត​ឃើញ​បុណ្យ​វិសាខ​បូជានេះ​ត្រូវបាន​​ប្រារព្ធ​ឡើង​នៅ​ក្នុង​​ ​ប្រទេស​​ឥណ្ឌា ។ ប៉ុន្តែ​​​​ទោះ​បី​ជា​​​ពិធី​​បុណ្យ​​វិសាខ​​បូជា​ត្រូវ​បាន​ពុទ្ធ​​បរិស័ទ​ ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​​ជា​ទំនៀម​ទម្លាប់​​តាំង​ពីបុរាណ​​យូរ​អង្វែង​មក​ ហើយក្តី អ្នក​សិក្សា​ស្រាវជ្រាវ​​ផ្នែក​​ពុទ្ធ​សាសនា​ខ្លះ បាន​​បញ្ជាក់ថា ហាក់​​ដូចជា​ពុំ​មាន​ឯក​សារ​​ណា​មួយ​កត់​​ត្រា​អំពី​កាលបរិច្ឆេទ​ ​ថ្ងៃ  ខែ ឆ្នាំ ​នៃការប្រារព្ធ​ពិធី​បុណ្យ​​វិសាខ​បូជា​ឱ្យ​បាន​​ច្បាស់លាស់នោះឡើយ ។
តាម​ការ​ស្រាវ​ជ្រាវ​​​អំពី​ប្រវត្តិ​បុណ្យ​វិសាខ​​ បូជា​  ដូច​ជា​នៅ​ក្នុងប្រទេស​ឥណ្ឌា​​ជា​ដើម ​ទាំង​​នៅ​ក្នុងសម័យ​កាល​នៃ​ស្តេច​​ធម្មាសោក ឬ​ព្រះ​បាទ​អាសោក ដែល​ជា​​អធិរាជ​មួយ​អង្គមាន​សទ្ធា​ជ្រះ​ថ្លា និង​បាន​ឧបត្ថម្ភ​លើ​វិស័យ​​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្លាំង​​ក្លា​ក្រៃ​លែង ក៏គេ​មិន​ឃើញ​មាន​ឯក​​សារបញ្ជាក់​ថា ព្រះ​រាជា​អង្គ​នោះ​បាន​ធ្វើបុណ្យ​វិសាខ​បូជា​ក្នុង​រជ្ជកាល​​ព្រះ​អង្គ​ ចាប់​ពី​ឆ្នាំ​​២៧៣ មុនគ្រិស្ត​​​សករាជ​នោះ​ឡើយ ។ អវត្ត​មាន​បុណ្យវិសាខបូជា​នេះ អាចបណ្តាល​មកពី​ក្រោយ​ពី​ព្រះ​ពុទ្ធ​ទ្រង់​​បរិនិព្វាន​ទៅ​រហូត​​ដល់​ពុទ្ធ​ សក​រាជ​១៥០០ កើត​មាន​កលិ​យុគ​វិវាទ ផ្នែក​សាសនា​ធ្វើ​​ឱ្យ​ពុទ្ធ​បរិ​ស័ទ​នៅ​ឥណ្ឌា​ក្នុង​ពេល​នោះ​មិន​មាន​ ឱកាសក្នុងការ​ប្រារព្ធ​បុណ្យ​វិសាខបូជា​ឡើយ... ។
ចំណែក​ទំនៀម​ទម្លាប់​​នៃការ​ប្រារព្ធ​ពិធី​បុណ្យ​ វិសាខ​​បូជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ​សៀវភៅ​ «ព្រះ​រាជពិធី​ទ្វាទ​សមាស» ឬ​ «ពិធី​បុណ្យ​ទាំង​១២​ខែ» ដែល​​រៀប​រៀងដោយ​លោក​ឧកញ៉ា ឈឹម ក្រសេម និង​ឃុន ឧត្តម​ប្រឺជា ចាប ពីន ​ក៏​បាន​កត់​ត្រា​ឱ្យ​ដឹង​ផងដែរថា ​គឺ​បាន​ផ្តើម​​ក្នុង​រជ្ជ​កាល​​ព្រះ​បាទ​​សម្តេច​ព្រះ​ហរិ​រក្ស​រាមា ឥស្សរាធិបតី ​ព្រះ​អង្គ​ដួង ដែល​គង់​នៅ​ក្រុង​ឧដុង្គ ក្នុង​ពុទ្ធ​សករាជ ២៣៩៧ ឬ​គ្រិស្ត​សករាជ​ ១៨៥៤ ហើយ​បន្ទាប់​ពី​ព្រះ​អង្គ​​បាន​លើក​ទីក្រុង​មក​តាំង​នៅ​ភ្នំពេញ ក្នុងពុទ្ធ​សករាជ ២៤០៨ គឺ​១១​ឆ្នាំ ​​ក្រោយ​មក ​ពិធី​បុណ្យ​វិសាខ​បូជា ក៏​ត្រូវ​បាន​ប្រារព្ធ​ធ្វើជា​ទូទៅ​នៅគ្រប់​វត្ត​អារាម ជាប់​ជា​ទំនៀម​ទម្លាប់​មកដល់​បច្ចុ​ប្បន្ន​​នេះ៕ប្រភពមកពី៖កោះសន្តិភាព

0 comments:

Post a Comment