Thursday, May 23, 2013

ភូមិ​ត្នោត រមណីយ​ដ្ឋាន​​ស្ករ​​ត្នោត



ជន​ជាតិ​ខ្មែរ ក៏​ចេះ​កែ​ច្នៃ​ធម្មជាតិ​ ដែល​មាន​ស្រាប់ ឱ្យ​ទៅ​ជា​រមណីយ​ដ្ឋាន បម្រើ​ការ​កម្សាន្ត​បាន​មិន​ចាញ់​បរទេស​នោះ​ឡើយ ដូច​ជា​​ កន្លែង​ណា​មានបឹង​បួ ក៏​ច្នៃ​ជា​កន្លែង​ចែវ​ទូក ស្ទូច​ត្រី កន្លែង​ណា​មាន​ជ្រោះ ក៏​ច្នៃ​ជា​កន្លែង​ងូត​ទឹក​ជា​ដើម។ ដោយ​ឡែក ភូមិ​ត្នោត ដែល​សម្បូរ​ដើម​ត្នោត​រាប់​រយ​ដើម ត្រូវ​បាន​កែ​ច្នៃ​ជា រមណីយដ្ឋាន​ផលិត​ស្ករ​ត្នោត លក់​ទឹក​ត្នោត កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ទេសចរ...។
រមណីយដ្ឋានភូមិតោត មានទីតាំង​នៅភូមិរាយដប ឃុំសៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្ត កណ្តាល ចម្ងាយ​ពីរាជធានីភ្នំពេញ ប្រមាណ ២៥គ.ម តាមផ្លូវជាតិលេខ២ ជាទី​សម្បូរដើមត្នោត ផ្តល់ទេសភាព​បៃតង គ្រប់រដូវ។ ក្រៅពីរុក្ខជាតិជា​និមិត្តសញ្ញា របស់ប្រទេសនេះ ភូមិ​ត្នោត ក៏នៅមានវាលស្រែ ដ៏ស្រស់បំព្រងព័ទ្ធជុំវិញ ដូចកម្រាលព្រំ និង​មានបឹងបួ អមដោយរុក្ខជាតិផ្សេងៗទៀត យ៉ាងត្រជាក់ភ្នែក។
លោកឈឹម យឿន អាយុ៦០ឆ្នាំ ជាអ្នកគ្រប់គ្រងរមណីយដ្ឋានភូមិត្នោត បានឱ្យដឹងថា រមណីយដ្ឋាននេះ មានផ្ទៃដីទំហំ២ហិកតារកន្លះ ចាប់ផ្តើមកសាងតាំងពី ឆ្នាំ​២០១០ និង​បាន​រួចរាល់ជាស្ថាពរ នៅពាក់កណ្តាល ឆ្នាំ២០១១។ មណ្ឌលទេសចរណ៍ ដ៏ថ្មីសន្លាងនេះ ត្រូវ បែងចែកជា៤ប្លុក ដាច់ដោយឡែកពីគ្នា គឺប្លុក A, B, C និង D។ ប្លុកឬ​តំបន់A មានផ្ទះតូចៗ ចំនួន២០ សម្រាប់ភ្ញៀវសម្រាកនៅពេលថ្ងៃ, ប្លុក B មានខ្ចូស ធ្វើពីប្ញស្សី ចំនួន៣៦០ សម្រាប់ភ្ញៀវជួលហូបចំណី អាហារ ជាលក្ខណៈគ្រួសារ, ប្លុក C ជាភោជនីយដ្ឋាន ដ៏ធំទូលាយ អាចទទួលភ្ញៀវជាតិ និងអន្តរជាតិ បានរាប់រយនាក់ និងប្លុក D គឺជាស្រះទឹក ដែលមានកន្លែង ស្ទូចត្រីកម្សាន្ត យ៉ាងត្រជាក់ចិត្ត។
លោកឈឹម យឿន បន្តទៀតថា នៅក្នុងបរិវេណរមណីយដ្ឋាននេះ មានដើមត្នោតរាប់រយដើម ត្រូវបាន គណៈគ្រប់គ្រងប្រកាសរកអ្នកមានជំនាញខាងឡើង ត្នោត ឱ្យ​ចូលធ្វើការលើសេវាផលិតទឹកត្នោត ស្ករត្នោត ដែលកន្លងមក មិនទាន់មានរមណីយដ្ឋានណា មានសេវា បែបនេះទេ។ អ្នកឡើងត្នោតទាំងអស់ ត្រូវបង្ហាញសមត្ថភាព និងជំនាញឱ្យអ្នកទេសចរ បានឃើញ តាមរយៈការឡើងគាបផ្កាត្នោត ត្រងទឹកត្នោត ដាក់ទឹកត្នោត មករំងាស់ជាស្ករ ឬផលិតជាស្ករផែន។ ជួនកាលត្រូវលក់ទឹក​ត្នោត​ដ៏​មាន​ឱជារសផ្អែមឈ្ងុយ ពីធម្មជាតិ ជូនភ្ញៀវទេសចរតែម្តង ដោយមានលក្ខណៈ ជាប្រពៃណីខ្មែរ ពីដូនតាសុទ្ធសាធ។
លោកនាយកគ្រប់គ្រងរមណីយដ្ឋានភូមិត្នោត បានឱ្យដឹងទៀតថា មណ្ឌលទេសចរណ៍ថ្មីនេះ មានខ្យល់អាកាសត្រជាក់ស្រួល ជាជំនោរស្រុកស្រែ បក់ផាត់ នាំមកនូវ​ក្លិនផ្កាត្នោត និងផ្កាឈើផ្សេងៗ ក្រអូបឈ្ងុយ។ ភោជនីយដ្ឋាន ដែលប្រកបដោយក្បួនអនាម័យ ក៏មានបម្រើម្ហូបអាហារបែបប្រពៃណីផងដែរ ដូចជា មាន់ដុត និងសម្ល​កកូរ​ត្នោត ជាដើម ដោយមានបុគ្គលិក រង់ចាំបម្រើ ប្រកបដោយភាពរួសរាយរាក់ទាក់ ស្វាគមន៍ភ្ញៀវជានិច្ច។ ជួនកាល បើអ្នកទេសចរមក លេងកម្សាន្ត ចំរដូវដកស្ទូង ក៏អាចលាត់ជើងខោ មូរ ដៃអាវ ចុះជួយស្ទូងដកបងប្អូនកសិករនៅជុំវិញនេះ ដោយរីករាយ ដើម្បីកុំឱ្យភ្លេចមុខរបរធ្វើស្រែ ដោយសារអ្នកទេសចរភាគច្រើន សុទ្ធតែជា​កូន​ចៅអ្នកស្រែ ព្រមទាំងអាចជិះកង់ជាក្រុម ឬជិះរទេះគោ ទស្សនាធម្មជាតិដ៏ស្រស់ត្រកាល នៅជុំវិញរមណីយដ្ឋាន ផ្តិតបានជាកម្រងអនុស្សាវរីយ៍ដ៏ល្អកម្របានជួប។
លោកឈឹម យឿន ឱ្យដឹងទៀតថា ដើម្បីចួល រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងសង្គម រមណីយដ្ឋាននេះ បានជ្រើសរើសបុគ្គលិកមកបម្រើការ ដែលជាអ្នក​ភូមិនេះ​តែម្តង។ អាទិភាព ត្រូវបានផ្តល់ជូនដល់ស្ត្រីមេម៉ាយ កូនកំព្រាអនាថា ជាពិសេស អ្នកស្ទាត់ជំនាញក្នុងការឡើងត្នោត ឱ្យមកបម្រើការងារ ទទួល បានប្រាក់​កម្រៃ​យ៉ាងសមស្រប អាចចិញ្ចឹមគ្រួសារបាន។
លោកក៏សូមអំពាវនាវដល់អ្នកទេសចរគ្រប់ ជាន់ថ្នាក់ ដែលធ្លាប់ចេញទៅកម្សាន្តនៅខេត្តឆ្ងាយៗ សូមអញ្ជើញមកភូមិត្នោតម្តង ពិតជាមិនខុសបំណងឡើយ។ លោក​អ្នក​នឹង​បានក្រេបទឹកត្នោត ដ៏ផ្អែមត្រជាក់ បានស្ទូចត្រី ឬចុះហែលទឹកអាងយ៉ាងសប្បាយ រីករាយ រសាយអស់ភាពតប់ប្រមល់មិនខាន។
លោកសោម ឆន អាយុ៣៤ឆ្នាំ ជាអ្នកឡើងត្នោត ប្រចាំរមណីយដ្ឋាន បានឱ្យដឹងថា លោកមានស្រុក កំណើតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្ត​តាកែវ។ ដោយសារលោកមានជំនាញខាងឡើងត្នោត ក៏ដូចជាផលិតស្ករត្នោត ទើបអ្នកគ្រប់គ្រងរមណីយដ្ឋាន អញ្ជើញលោកឱ្យមកធ្វើការនៅទីនេះ។ សព្វថ្ងៃ លោក​ឡើងត្នោតឱ្យអ្នកទេសចរបានឃើញពី របៀបធ្វើត្នោតរបស់ខ្មែរ ជាពិសេស ជនបរទេស ចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះពួកគេមិនដែល បានឃើញ លុះបានហូបទឹក​ត្នោត និងស្ករផែន ក៏សរសើរថា ផ្អែមឆ្ងាញ់ណាស់។
យុវជន ទូច ជា អាយុ១៨ឆ្នាំ បានឱ្យដឹងថា គេ បញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី៧ ក៏មករៀនឡើងត្នោត នៅទីនេះ ដោយមានពូៗជាអ្នកបង្រៀន។ ឥឡូវគេចេះ ស្ទាត់ហើយ ដោយ​អាចឡើងត្នោតបានជាច្រើនដើម និងអាចយកទឹកត្នោត ទៅរម្ងាស់ស្ករ ទទួលបានប្រាក់ខែ សមរម្យ យកទៅជួយគ្រួសារ។ គេត្រូវស្លៀកតែខោខ្លី សៀត​កាំបិត​ត្នោតនៅចង្កេះ បើប៉ះថ្ងៃអាទិត្យ តែងតែ មានក្រមុំៗចោមមើលពីក្រោមដើមត្នោត លុះគេដាក់ ទឹកត្នោតមកដល់ដី ពួកនាងក៏ដណ្តើមគ្នាទិញឱ្យប្រញាយ។
រីឯអ្នកបម្រើសេវាតាមប្លុកទាំង៤ ក៏បានឱ្យដឹងស្របគ្នាថា រមណីយដ្ឋានថ្មីនេះ ទទួលបានការគាំទ្រ ពីអ្នកទេសចរខ្លាំងណាស់។ ពីមុន អ្នកទេសចរ ធ្លាប់ចេញទៅកម្សាន្ត នៅតាមខេត្តឆ្ងាយៗ ប៉ុន្តែ សព្វថ្ងៃ គេបង្វែរមុខព្រួញមកចូលរមណីយដ្ឋានភូមិត្នោត ម្តងវិញ។ ពួកគាត់បញ្ជាក់ថា សព្វថ្ងៃ ក្រុមហ៊ុនមាន គម្រោងពង្រីកទីតាំង​តំបន់​កម្សាន្ត​​ថ្មីនោះ ឱ្យកាន់តែធំ មានអនាម័យ និងផាសុកភាព ដូចជា រៀបចំប្រព័ន្ធ ទឹកស្អាត ជាដើម ដោយសង្ឃឹមថា ឆ្នាំក្រោយៗនេះ ភូមិត្នោត នឹងទាក់ទាញបាន​កំណើន​ភ្ញៀវ​​កាន់តែច្រើន ជាងនេះ ព្រោះមានទីតាំងកៀកនឹងរាជធានីភ្នំពេញ ងាយស្រួលទៅកម្សាន្ត ៕
ភូមិ​ត្នោត រមណីយ​ដ្ឋាន​​ស្ករ​​ត្នោត
[Resource: Angkor Thom Media]

0 comments:

Post a Comment