Wednesday, July 3, 2013

ជិះ​ទូក​កម្សាន្ត​ចាប់​ផ្ដើម​ពេញ​និយម​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ!

ទូក​តូច​ធំ​​​តែង​តម្រៀប​គ្នា​ជារៀង​រាល់​ថ្ងៃ​ តាម​មាត់​ទន្លេ​ មុខ​ទីស្នាក់​ការ​ក្រុម​ប្រឹក្សា​​អភិវឌ្ឍ​កម្ពុជា​ ក្បែរ​វត្ត​ភ្នំ​ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី។ ពី​ដើម​ឡើយ​ ទូក​ទាំង​នេះ​ទទួល​បាន​តែ​ភ្ញៀវ​បរទេស​តែ​ប៉ុណ្ណោះ​ តែ​បច្ចុប្បន្ន​នេះ​ប្រជាជន​ខ្មែរ​ក៏​បែរ​មក​ចាប់​អារម្មណ៍​ជិះ​ទូក​កម្សាន្ត​បែប​នេះ​ដែរ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ប្រជាជន​ខ្មែរ​តែង​មក​ជិះ​ទូក​កម្សាន្ត​ពុំ​សូវ​ដាច់។ អ្នក​ខ្លះ​មក​ជា​គូ​ តែ​អ្នក​ខ្លះ​ទៀត​មក​ជា​គ្រួសារ​ ឬ​មួយ​ស្ថាបន​ដែល​ខ្លួន​កំពុង​​ធ្វើ​ការ។ ថ្ងៃ​ដែល​គេ​និយម​មក​ជិះ​កម្សាន្ត​​ច្រើន​ជាង​គេ​ គឺ​ថ្ងៃ​ចុង​សប្តាហ៍។ សិក្ខា​កាម​ម្នាក់​មក​ពី​ខេត្ត​កំពត​ដើម្បី​ចូល​រួម​វគ្គ​បណ្តុះ​បណ្ដាល​ទាក់​ទង​នឹង​សុខ​ភាព​ស្រ្តី​ យុវតី​ សេង​ សីដា​ ដែល​បាន​មក​ជិះ​ទូក​កម្សាន្ត​នៅ​ល្ងាច​​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​ បាន​ឲ្យ​ដឹង​ថា​ មិត្ត​ភ័ក្ត​របស់​នាង​ដែល​រស់​នៅ​ភ្នំពេញ​យូរ​ហើយ​ ជា​អ្នក​ណែ​នាំ​នាង​មក​ជិះ​ទូក​នេះ។ សេង សីដា​ បញ្ជាក់​ថា៖ “ខ្ញុំ​បបួល​មិត្ត​ខ្ញុំ​ថា​ទៅ​លេង​ផ្សារ​ទំនើបទេ​​ ពេល​មក​​ភ្នំពេញ​លើក​នេះ​ តែ​មិត្ត​ខ្ញុំ​ស្តី​ឲ្យ​ខ្ញុំ​ថា​ អី​ក៏​ស្រែ​ម៉្លេះ! គេ​ថា​ ខ្ញុំ​មិន​ទាន់​សម័យ​សោះ។ ការ​ទៅ​លេង​ផ្សារ​ទំនើប​ គឺ​គេ​និយម​តាំង​ពី​ប្រាំ​ឆ្នាំ​ម្ល៉េះ​ តែ​ឥឡូវ​នេះ​គេ​ចូល​ចិត្ត​ជិះ​ទូក​មើល​​ទេសភាព​វិញ”។ យុវតី​ខេត្ត​​​កំពត​រូប​នេះ​បន្ថែម​ថា​ ខ្លួន​បាន​ជិះ​ទូក​មួយ​ម៉ោង​ដោយ​ចាក​ចេញ​ពី​មុខ​ទីស្នាក់​ការ​ក្រុម​ប្រឹក្សា​​អភិវឌ្ឍ​កម្ពុជា​ ឆ្ពោះ​ទៅ​មុខ​វាំង​ រួច​បន្ត​ទៅ​កោះ​ពេជ្រ​ មុន​នឹង​វង់​នៅ​ទន្លេ​ចតុម្មុខ​ រួច​ត្រឡប់​មក​វិញ។ យុវតី​រូប​នេះ​បន្ថែម​ថា៖ “យើង​ធ្លាប់​តែ​​​មើល​វាំង​ ឬ​មើល​ផ្ទះ​ផ្សេង​ៗ ពី​​ក្បែរ​មាត់​ទន្លេ​មក​ ដល់​ពេល​យើង​មើល​ពី​លើ​ទូក​​​កណ្ដាល​ទន្លេ​មក​វិញ​ វា​ប្លែក​ម៉្យាង​ដែរ។ ម្យ៉ាង​ យើង​បាន​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ផង​ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​អត់​សំណាង​សោះ​ ព្រោះ​មេឃ​​ស្រទុំ​រហូត​ រក​មើល​ថ្ងៃ​លិច​ក្រោយ​វាំង​ ក៏​មើល​មិន​ឃើញ”។ យោង​តាម​សាលា​រាជធានី​ភ្នំពេញ ​ការ​ជិះ​ទូក​កម្សាន្ត​តាម​ដង​ទន្លេ​ គឺ​ជា​សកម្មភាព​ទេសចរណ៍​ដ៏​សំខាន់​មួយ ​ក្នុង​ចំណោម​សកម្មភាព​ទេសចរណ៍​សំខាន់​ៗ​ផ្សេង​ទៀត​ដូច​ជា ​ការ​ទស្សនា​ផ្សារ​ធំ​ថ្មី​ វិមានឯក​រាជ្យ ​ហាង​ផ្សេង​ៗ​តាម​មាត់​ទន្លេ​ ផ្សារ​ទួល​ទំពូង​ ផ្សារ​រាត្រី​ វាល​ពិឃាត​ជើង​ឯក​ សារមន្ទីរ​ទួល​ស្លែង​ ឬ​វត្ត​ភ្នំ​ជា​ដើម។ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​ ការ​ជិះ​ទូក​តាម​បណ្តោយ​ដង​ទន្លេ​ អាច​ធ្វើ​ឲ្យ​អ្នក​ដំណើរ​បាន​ទស្សនា​នូវ​ទេសភាព​ដ៏​ស្រស​ស្អាត​ ដូច​ជា​សារមន្ទី​ជាតិ​ ព្រះ​បរម​រាជ​វាំង​ សូន​ច្បារ​ និង​អគារ​ខ្ពស់​ៗ​ថ្មី​ថ្មោង​ក្នុង​រាជ​ធានី​ភ្នំពេញ។ ម្ចាស់​ទូក​ប៉ារីស​ដឹក​អ្នក​ដំណើរ​ លោក​ ពេជ្រ យ៉ាន ​ដែល​មាន​ទូក​រហូត​ដល់​ទៅ​ប្រាំ​គ្រឿង​ដឹក​ភ្ញៀវ​ទេសចរ​ជា​រៀង​រាល់​ថ្ងៃ​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយ​នេះ​ លោក​ពិត​ជា​សង្កេត​ឃើញ​ថា​ ប្រជាជន​ខ្មែរ​ចាប់​ផ្ដើម​និយម​មក​ជិះ​ទូក​លម្ហែ​អារម្មណ៍​ដូច​បរទេស​ដែរ។ លោក​បញ្ជាក់​ថា៖ “​ពី​ដើម​ឡើយ​ តែ​បរទេស​ទេ​មក​ជិះ​ទូក​ តែ​ឥឡូវ​ខ្មែរ​ក៏​មក​ជួល​ជិះ​ដែរ។ អ្នក​ខ្លះ​មក​មួយ​ស្ថាបន​ អ្នក​ខ្លះ​មក​មួយ​គ្រួសារ​ធំ​ និង​អ្នក​ខ្លះ​ទៀត​មក​ជា​មួយ​មិត្ត​ភ័ក្តិ​ម្នាក់​ ឬ​ពីរ​នាក់”។ ម្ចាស់​ទូក​រូប​នេះ​ថ្លែង​បន្ថែម​ថា​ លោក​ពេញ​ចិត្ត​នឹង​មាន​អតិថិជន​ក្នុង​ស្រុក​ ពី​ព្រោះ​ប្រជាជន​​ខ្មែរ​មិន​ប្រកាន់​​រដូវ​កាល​ណា​ទេ​ គឺ​គេ​តែង​មក​ជិះ​ទូក​លោក​គ្រប់​ទេ។ ខុស​ពី​ភ្ញៀវ​បរទេស​ ដែល​ពុំ​សូវ​សម្បូរ​ឡើយ​ ចន្លោះ​ពី​ខែ​ឧសភា​ ដល់​ខែ​តុលា​ ពី​ព្រោះ​ពុំ​មែន​ជា​រដូវ​វិសមកាល​របស់​គេ។ លោក​ ពេជ្រ យ៉ាន ​បញ្ជាក់​បន្ថែម​ថា៖ “តាម​ការ​សង្កេត​របស់​ខ្ញុំ​ ប្រជាជន​ខ្មែរ​ដែល​បែរ​មក​និយម​ជិះ​ទូក​កម្សាន្ត​លេង​ ដោយសារ​គេ​យល់​ថា​ គេ​អាច​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ទី​ទន្លេ។ ម្យ៉ាង​គេ​អាច​មើល​ទិដ្ឋភាព​ថ្ងៃ​លិច​ នៅ​រាជ​ធានី​ភ្នំពេញ​ដ៏​ស្រស់​ស្អាត​ផង។ អ្នក​ខ្លះ​ជួល​ជិះ ​ដើម្បី​ជប់​លៀង​លើ​ទូក​នេះ​តែ​​ម្ដង”។ ទូក​ដែល​ភ្ញៀវ​និយម​ជួល​ជិះ​រាល់​ថ្ងៃ​នៅ​តាម​ដង​ទន្លេ​ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​​បី​ប្រភេទ។ ទូក​តូច​ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន​១០​នាក់​ចុះ​ តម្លៃ​ត្រឹម​១៥​ដុល្លារ​ក្នុង​មួយ​ម៉ោង។ ទូក​ធន់​មធ្យម​ ដែល​អាច​ផ្ទុក​បាន​អ្នក​ដំណើរ​២៥​នាក់​ តម្លៃ​២០​ដុល្លារ​ក្នុង​មួយ​ម៉ោង។ ចំណែក​ទូក​ធំ​ដែល​អាច​ផ្ទុក​មនុស្ស​បាន​៥០​នាក់​តម្លៃ​៣០​ដុល្លា​ក្នុង​មួយ​ម៉ោង។ បើ​គេ​ជួល​ជិះ​មួយ​ម៉ោង​ ទូក​នឹង​ដឹក​អ្នក​ដំណើរ​ទៅ​ដល់​មុខ​វាំង​ រួច​ហើយ​ឆ្ពោះ​ទៅ​កោះ​ពេជ្រ​ មុន​នឹង​​វង់​ទៅ​ទន្លេ​ចតុម្មុខ​ រួច​ក៏​ត្រឡប់​មក​វិញ។ ប៉ុន្តែ​បើ​គេ​ជួល​រហូត​ដល់​ពីរ​ម៉ោង​ឡើង​ទៅ​​ ទូក​ទាំង​នោះ​នឹង​ដឹក​អ្នក​ដំណើរ​ឡើង​ហួស​ទៅ​ទន្លេ​មេគង្គ​លើ​ ដើម្បី​បាន​ទស្សនា​ផ្ទះ​បណ្ដែត​ទឹក​​ដ៏​ស្រស់​ស្អាត។ ក្រៅ​ពី​ទូក​ជួល​ ក៏​មាន​ទូក​សម្រាប់​ដឹក​អ្នក​​​ទេសចរណ៍​​ម្នាក់​ៗ​ដែរ​ ប៉ុន្តែ​ទាល់​តែ​មាន​ភ្ញៀវ​គ្រប់​១០​នាក់​ ទើប​គេ​អាច​ចេញ​ដំណើរ​បាន។ សម្រាប់​តម្លៃ​វិញ​ គឺ​ខ្មែរ​ម្នាក់​គេ​យក​តែ​មួយ​ដុល្លារ​ប៉ុណ្ណោះ​ ខណៈ​ភ្ញៀវ​បរទេស​ម្នាក់​តម្លៃ​រហូត​ដល់​ប្រាំ​ដុល្លារ​ឯណោះ៕ប្រភពមកពី៖សប្បាយ

0 comments:

Post a Comment