Thursday, July 4, 2013

ខ្ញុំជាស្រីស្អាត ហើយខ្ញុំមានសង្សារច្រើន!

ខ្ញុំស្រលាញ់អ្នក?…I love you ? បងស្រលាញ់អូន…? គឺមិនមែនទាំងអស់។ គេអត់បានសរសេរអញ្ចឹងទេ ប៉ុន្តែគេគូររូបផ្កាកុលាបមួយទង និងសត្វលលកពីរដាក់ក្នុងនោះ។ អ្ហូ៎!ភ្លេចប្រាប់! ចា៎ះគឺខ្ញុំកំពុងនិយាយពីបុរសម្នាក់ដែលសារភាពស្នេហ៍មករកខ្ញុំ តាមរបៀបចម្លែកៗ គឺដំបូងធ្វើជាអត់មករៀនមួយថ្ងៃ ហើយបន្ទាប់មកក៏ធ្វើជាខ្ចីសៀវភៅខ្ញុំទៅ ហើយស្អែកឡើងពេលខ្ញុំបានសៀវភៅមកវិញស្រាប់តែបើកទៅឃើញគេគូររូប ផ្កាកុលាបមួយទង និងសត្វលលក។ ពេលចេញពីរៀនគេឈរចាំខ្ញុំនៅកន្លែងយកម៉ូតូ ខ្ញុំសួរថាគំនូរអីក្នុងសៀវភៅខ្ញុំ គេអត់មាត់ហើយគិតតែពីជិះម៉ូតូតាមខ្ញុំ ជិតដល់ផ្លូវកាច់ចូលផ្ទះខ្ញុំទើបគេនិយាយពីចម្ងាយថា “គំនូរនោះជាពាក្យសារភាពស្នេហ៍ណា៎ ដឹងអត់?”។ រឿងហ្នឹងកើតឡើងតាំងពីជាង១២ឆ្នាំមុន។ គឺពេលខ្ញុំនៅរៀនថ្នាក់ទី១០។ ខ្ញុំនិងគេនៅក្មេងណាស់ប្រៀបជាមួយឥឡូវ តែកាលហ្នឹងយើងម្នាក់ៗសុទ្ធតែគិតថាខ្លួនឯងធំហើយ! ដឹងច្បាស់ហើយថាស្នេហាជាអ្វី។ ទោះយ៉ាងណាសម្រាប់សិស្សវិទ្យាល័យដូចលុចហើយនិងខ្ញុំ ស្នេហាតាមន័យត្រង់សម្រាប់ពួកយើងគឺជាការស្រលាញ់ដោយគ្មាន លក្ខខណ្ឌទេ។ យើងមិនដែលខ្វល់ទេថាប៉ាម៉ាក់គេគិតយ៉ាងណា គេជាអ្នកណា ក្រ ឬមាន ប៉ុន្តែខ្ញុំចាប់អារម្មណ៍គេដោយសារគេរៀនពូកែ ហើយគេកូនកាត់ចិន មានភ្នែកតូចៗ តែសាច់ជ្រះហើយគេខ្ពស់ស្គម ដល់តែងើយនិយាយទើបបានឃើញភ្នែកស្រទន់ស្លូតរបស់គេ។ នៅក្នុងសាលា ឲ្យតែអ្នកណាម្នាក់មានសង្សារ គឺត្រូវគេទុកថាជាជើងល្អ រៀនអត់ពូកែហើយមិនសូវឃើញមករៀនទៀងទេ តែសម្រាប់លុច គេរៀនពូកែណាស់ គេជាសិស្សគំរូ ជាប្រធានថ្នាក់ និងជាអ្នកដែលខ្ញុំចាប់អារម្មណ៍តាំងពីដំបូង។ តែទោះបីជាគេសារភាពមុនហើយក៏ដោយ ខ្ញុំនៅតែយល់ថាវាឆាប់ណាស់ក្នុងការមានសង្សារ អញ្ចឹងហើយខ្ញុំធ្វើហីៗហើយធ្វើដូចមិនយល់ការអីទេ។ ទោះយ៉ាងណា ខ្ញុំពូកែប្រចណ្ឌបំផុត ឲ្យតែឃើញលុច និយាយជាមួយស្រីផ្សេង ខ្ញុំអត់មើលមុខគេពីរបីថ្ងៃ ហើយមិននិយាយរកគេទៀត។ គេជានិច្ចកាលតែងតែតាមអង្វរខ្ញុំ ទិញអំពិលត្រាំមកផ្ញើ ព្រោះដឹងថាខ្ញុំចូលចិត្ត ហើយពិសេសពេលប្រលងម្ដងៗតែងតែងាកមកមើលខ្ញុំខ្លាចខ្ញុំមិនចេះ ធ្វើ។ ពេលចេញពីរៀនគេជិះតាមខ្ញុំត្រុកៗរហូតដល់ផ្លូវចូលផ្ទះខ្ញុំទើប គេបែកចេញទៅ។ សេចក្ដីសុខនេះតាមលម្អជីវិតជំទង់របស់ខ្ញុំរហូតដល់ពេលមួយខ្ញុំ លែងមានគេ។ គេមកប្រាប់ថាចប់បាក់ឌុបគេត្រូវចេញទៅរៀននៅវៀតណាម ព្រោះពូគេជួយរកវិធីឲ្យគេបានចូលរៀនខាងពេទ្យនៅហាណូយ ព្រោះពូគេធ្វើធំនៅក្រសួង ហើយប្រពន្ធគាត់ជាវៀតណាមសុទ្ធ។ ដូចពាក្យថាមានស្នេហាតែងមានវិបត្តិ ព្រោះថាស្នេហាក្រៅពីត្រូវការឲ្យគេយល់ចិត្តយើង ហើយមានចិត្តឲ្យយើងដែរនោះ យើងថែមទាំងត្រូវការឲ្យគេនៅជិតយើងផង។ ខ្ញុំពិតជាហ្មងសៅហើយយល់ថាជីវិតលែងមានន័យអីទៀតហើយ ពេលដែលយើងបែកគ្នា។ ស្នេហាពេលជំទង់ជាស្នេហាអស្ចារ្យ ទោះមិនបាននិយាយចេញ តែតាមពិតក្នុងបេះដូងខ្ញុំមានតែគេ។ សូម្បីតែគេ ក៏គេនិយាយដែរថាគេមិនចង់ទៅជាដាច់ខាត តែគេចង់ក្លាយជាពេទ្យដែរ ដើម្បីអាចរកស៊ីចិញ្ចឹមខ្ញុំបាន។ គេយំច្រើនជាងទឹកភ្នែកខ្ញុំស្រក់ទៅទៀត នៅពេលយើងបែកគ្នា ហើយមុនចេញទៅ គេគូររូបខ្ញុំ និងគេក្នុងសៀវភៅដដែលរបស់ខ្ញុំ ហើយសរសេរថា “សុង ដឺលុច ស្រលាញ់ ពេជ្រ វណ្ណរី”។ ១០អាទិត្យជាងដែលគេចេញទៅ ទើបខ្ញុំបានទទួលសំបុត្រគេផ្ញើមក។ នោះគឺថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៩៩។ គេសរសេររៀបរាប់ច្រើនណាស់ថាគេពិបាកញ៉ាំ មិនចេះធ្វើម្ហូប ហើយមានស្រីៗវៀតណាមយកម្ហូបទៅឲ្យរហូត ព្រោះម៉ែនារីទាំងនោះចង់បានកូនប្រសាជាប្រុសខ្មែរ ហើយជាដុកទ័រ។ ខ្ញុំឮហើយប្រចណ្ឌគេយំរហាម ស្មានតែថាគេក៏ពេញចិត្តស្រីវៀតណាមអស់ហ្នឹងដែរ។ នៅថ្ងៃបុណ្យ Valentine គេផ្ញើកាបូបស្រីមួយមកឲ្យខ្ញុំ។ ខ្ញុំដឹងថារបស់នោះជារបស់វៀតណាមដែលខ្ញុំមិនសូវចូលចិត្តប្រើទេ តែខ្ញុំស្រលាញ់គេពេក ខ្ញុំក៏ស្រលាញ់របស់នោះទៅ។ ទោះយ៉ាងណា ស្នេហារបស់ពួកយើងនៅតែចុះចាញ់សុភាសិតមួយដែលថា ឃ្លាតកាយណាយចិត្ត។ នៅឆ្នាំទី២ នៅសាលាច្បាប់ ខ្ញុំស្គាល់គេម្នាក់ទៀតដែលជានិស្សិតមកពីខេត្ត គេឈ្មោះថា ភក្ត្រា។ ភក្ត្រាចិត្តល្អ ហើយស្លូត ប៉ុន្តែរៀនពូកែដែរ។ ដំបូងខ្ញុំដឹងថាគេស្រលាញ់ខ្ញុំ ខ្ញុំក៏រាប់អានគេលេងៗ ព្រោះយល់ថាគ្មានអីខាតបង់ទេ គ្រាន់តែល្អចំពោះអ្នកដែលចូលចិត្តយើង។ តែទីបំផុតខ្ញុំក៏បាក់ចិត្តលើគេ ហើយភ្លេចសុង ដឺលុច។ ម្ដងម្កាលពេលបានទទួលសំបុត្រគេ ខ្ញុំមានអារម្មណ៍ថាទើសទាល់ ហើយពិបាកចិត្តដូចធ្លាប់បានស៊ីញេកុងត្រាអ្វីម្យ៉ាងពិបាកក្នុងការ ល្មើសអញ្ចឹងដែរ។ ទោះយ៉ាងណាខ្ញុំនៅតែរក្សាទំនាក់ទំនងជាមួយគេធម្មតា។ ក្រោយបន្តិចមកខ្ញុំបានទទួលសំបុត្រគួរឲ្យភ្ញាក់ផ្អើលមួយ គឺដឺលុចសរសេរមកខ្ញុំថា ពូគាត់ចង់ឲ្យគាត់ភ្ជាប់ពាក្យជាមួយកូនស្រីពៅរបស់ពេទ្យភ្នែកល្បី ឈ្មោះម្នាក់នៅភ្នំពេញ។ គាត់ថាគាត់ពិបាកចិត្តណាស់ ព្រោះពូគាត់មានឥទ្ធិពលលើគ្រួសារគាត់ ព្រោះចេញពី ប៉ុល ពត មក ប៉ាគាត់ជាជាងអេឡិចត្រូនិក មិនអាចផ្គត់ផ្គង់គ្រួសារបានពេញលេញទេ បានពូគាត់ជាអ្នកជ្រោមជ្រែងជាច្រើនផ្នែក។ ខ្ញុំឮអញ្ចឹងស្រាប់តែពិបាកចិត្តផង សប្បាយចិត្តផង។ មួយគិតចង់បែកពីគាត់ជាផ្លូវការ មួយទៀតអាណិតចិត្តដ៏ត្រង់របស់លុច។ ខ្ញុំនិយាយតបគាត់តាមសំបុត្រវិញថា “ខ្ញុំមិនចង់ឲ្យលុចពិបាកចិត្តទេ។ លុចធ្វើតាមគ្រួសារទៅ ហើយកុំពិបាកចិត្តអី ធ្វើម៉េចយើងមិនមែនជាគូព្រេងនឹងគ្នា។ ខ្ញុំសប្បាយចិត្តពេលលុចធ្វើជាកូនប្រុសកតញ្ញូ ហើយកុំបារម្ភពីខ្ញុំអី។” គេឡើងមកភ្ជាប់ពាក្យជាមួយគូដណ្ដឹងគេនៅឆ្នាំ២០០១ ហើយបានស្កាត់ជួបខ្ញុំព្រមទាំងបង្ហាញរូបថតពួកគេឲ្យខ្ញុំមើល ទៀត។ នារីនោះរៀនសាលាពេទ្យនៅភ្នំពេញ ជាកូនអ្នកមាន ពួកគេធ្វើការនៅពេទ្យព្រះអង្គឌួង។ ម្ដងនេះខ្ញុំអត់មានអារម្មណ៍ច្រណែនអីបន្តិចទៀតសោះ ហើយខ្ញុំជូនពរពួកគេ តែអារម្មណ៍ដែលនៅសល់ គឺខ្ញុំអាណិតលុចព្រោះគេក្រៀមក្រំណាស់មុនពេលទៅវៀតណាមវិញ។ រយៈពេលនោះខ្ញុំបើកបេះដូងទទួលយកស្នេហាជាមួយភក្ត្រាពេញទី ហើយគិតគូររហូតដល់រឿងរៀបការ និងការងារក្រោយពេលរៀនចប់។ ពួកយើងកសាងអនុស្សាវរីយ៍ជាច្រើនរហូតដល់ការទាក់ទងនោះបានអាយុ ២ឆ្នាំកន្លះទើបយើងដឹងថាយើងពិបាកក្នុងការកសាងអនាគតរួមគ្នា។ ក្នុងពេលជួបគ្នាជាចុងក្រោយ គឺខ្ញុំជាអ្នកសុំបែកគេ ដោយសារខ្ញុំធុញនឹងគេពីរបីខែមកហើយ គាប់ជួនមានឱកាសខ្ញុំក៏សុំបែកគេត្រង់ៗតែម្ដង។ នោះគឺពេលបងត្រារកការងារធ្វើអត់ទាន់បាន ហើយខ្ញុំបានការងារនៅសាកលវិទ្យាល័យមួយមុនគាត់ក្នុងនាមជាបុគ្គលិក ផ្នែកបេឡា។ -បើណារីឯងឧស្សាហ៍ជិះជាមួយគេទៀត គង់តែមានថ្ងៃត្រូវគេនិយាយទេ! ប្រធានណារីឯងមានប្រពន្ធហើយ! ណារីឯងប្រយ័ត្នគេយល់ច្រឡំ! ខ្ញុំយល់ពីអ្វីដែលបងត្រាចង់និយាយ តែខ្ញុំនៅតែមានៈតស៊ូសម្ដី ព្រោះធុញនឹងចរិតតាមដានរបស់គាត់៖ -គ្មានអ្នកណានិយាយទេ ហើយក៏គ្មានអ្នកណាគេយល់ខុសដែរ គឺមានតែបងត្រាឯងម្នាក់គត់! មនុស្សចិត្តចង្អៀត មើលអីតែក្នុងផ្លូវអាក្រក់! បងត្រាខំអត់ធ្មត់បន្តិច ទើបឆ្លើយតបមកវិញ៖ -បើយើងមានះដើរសួរគេមើល! វាសមដែរសម្រាប់មនុស្សស្រីដែលឡើងជិះឡានប្រុសៗអញ្ចឹង? ខ្ញុំឆ្លើយតបវិញវឹង៖ -ខ្ញុំគ្មានពេលទំនេរច្រើនដូចបងឯងទេ! ខ្ញុំមានការធ្វើ! ខ្ញុំអត់មានពេលដើរសួរ ឬមួយគិតរឿងអត់ប្រយោជន៍ច្រើនម្ល៉ឹងទេ! សម្ដីខ្ញុំហាក់ចង់មើលងាយគាត់ថាគាត់អត់ទាន់រកការងារបាន ធ្វើ។ ខ្ញុំមិនខ្វល់ទេថាជាពាក្យបញ្ឆិតបញ្ឆៀងដែលធ្វើឲ្យគាត់ខូចចិត្ត។ តាមពិតនោះជាមុខមាត់របស់មនុស្សប្រុស។ បើគេនិយាយយើងមិនស្ដាប់ ហើយយើងមើលងាយសមត្ថភាពគេទៀត ទោះស្រលាញ់ខ្ញុំប៉ុណ្ណា ក៏បងត្រាចាប់ផ្ដើមគេចមុខពីខ្ញុំ។ ពីដំបូងខ្ញុំយល់ថា គាត់ជាមនុស្សប្រចណ្ឌគ្មានបានការ រស់នៅជាមួយគ្នាទៅរឹតតែមានបញ្ហាលើសដើម ដូចនេះខ្ញុំក៏មិនខ្ចីរវល់តាមទ្រគាត់ដែរ។ សំខាន់ខ្ញុំជាស្រីស្អាតដែលមានគេតាមស្រលាញ់ច្រើន ខ្ញុំយល់ថាសង្សារមិនពិបាករកទេសម្រាប់ ពេជ្រ វណ្ណារី។ ទីបំផុតយើងបានបែកពីគ្នាជាស្ថាពរនៅឆ្នាំ២០០៤។ គឺកាលហ្នឹងខ្ញុំបានកសាងស្នេហាជាមួយបងប្រុសមិត្តថ្មីម្នាក់នៅ កន្លែងធ្វើការរបស់ខ្ញុំ។ ខ្ញុំស្រលាញ់គាត់យ៉ាងខ្លាំងដោយសារគាត់មានតួនាទីគួរសមក្នុង ស្ថាប័នរដ្ឋ ហើយមានរូបរាងឡូយសង្ហាសមជាមួយស្រីស្អាតដូចខ្ញុំ។ គាត់ឈ្មោះបងចិត្រ។ គាត់មិនសូវចេះនិយាយច្រើន និងយកចិត្តស្រីៗ តែខ្ញុំទទួលយកបានដោយសារគាត់ជាបុរសលេចធ្លោហើយមានស្រីៗជាច្រើន បរាជ័យក្នុងការបានបេះដូងគាត់ ដូចនេះពេលបានគាត់ជាសង្សារ ខ្ញុំយល់ថាខ្លួនឯងអស្ចារ្យជាងគេណាស់ ហើយខ្លាចបាត់បង់គាត់ជាទីបំផុត ។ ចរិតជាស្រីស្អាតដែលតែងតែមានគេតាមស្រលាញ់ និងយកចិត្ត ត្រូវផ្លាស់ប្ដូរដោយសារខ្ញុំចេះយកចិត្តថ្លើមសង្សារ និងធ្វើខ្លួនបើកទូលាយគួរឲ្យស្រលាញ់ជាងធ្វើជាមួយអ្នកមុនៗ។ ខ្ញុំតែងតែធ្វើឲ្យគាត់ដឹងថាគាត់គឺជាដង្ហើម ជាសេចក្ដីសង្ឃឹមរបស់ខ្ញុំ បើគ្មានគាត់ខ្ញុំនឹងមិនដឹងថាត្រូវធ្វើម៉េចទេ។ តែទីបំផុតយើងនៅតែត្រូវបែកគ្នា ទោះបីខ្ញុំខំការពារអស់មួយទំហឹងក៏ដោយ…..។ នេះជាសម្ដីម្ដាយគាត់ដែលនិយាយជាមួយខ្ញុំនៅថ្ងៃនោះ…..៖ -ពួកកូនឯងទុករាប់គ្នាទៅ! បងឯងវាមិនសមនឹងឯងទេ! ម៉ាក់អ៊ំមើលកូនគេទុកឲ្យយូរហើយ ព្រោះដឹងថាបងឯងវាមិនចេះខុសចិត្តម្ដាយទេ! មនុស្សគេយកសម្ដី! បើឲ្យម៉ាក់អ៊ំលេបសម្ដីនឹងគេ ម៉ាក់អ៊ំសុខចិត្តអត់ដកដង្ហើម! នេះជាសម្ដីដែលស្ត្រីអ្នកមាន អ្នកថ្លៃថ្នូរនោះនិយាយមកកាន់ខ្ញុំ។ ទោះបីគាត់ពូកែនិយាយ តែខ្ញុំនៅតែដឹងថា តាមពិតឋានៈរបស់ខ្ញុំទេដែលជាបញ្ហា។ គាត់គ្រាន់ចង់ឲ្យបងចិត្រយកប្រពន្ធអ្នកមាន ដែលអាចឲ្យគ្រួសារពឹងពាក់បាន។ ខ្ញុំបរាជ័យក្នុងការយកឈ្នះគាត់ ទោះបីប្អូនស្រីបងចិត្រយល់ចិត្តខ្ញុំ នាងឈរខាងខ្ញុំក៏គ្មានបានការ ព្រោះខ្ញុំស្រលាញ់ប៉ះបុរសដែលដេកឱបម៉ែ ហើយគាត់ធ្វើអ្វីទាំងអស់ដើម្បីម្ដាយគាត់។ រយៈពេលនោះ គឺជារយៈពេលដ៏ឈឺចាប់បំផុតក្នុងជីវិតខ្ញុំ។ ពីរបីឆ្នាំកន្លងមកហើយ បេះដូងខ្ញុំនៅតែឈឺ ឲ្យតែឮគេនិយាយពីឈ្មោះបងចិត្រ។ តាមរយៈ Facebook នៅឆ្នាំ២០០៧ ខ្ញុំបានសេពគប់បុរសអាណិកជនម្នាក់ឈ្មោះពី ប៉ុន្តែមិនមែនមានន័យថាខ្ញុំអាចបំភ្លេចបងចិត្របាន ដូចកាលជាមួយដឺលុច និងបងត្រាទេ ប៉ុន្តែគឺខ្ញុំធ្វើដើម្បីឲ្យខ្លួនឯងអាចចាកចេញពីភ្នំពេញ និងចាកចេញពីអនុស្សាវរីយ៍ទាំងអស់របស់ពួកយើង។ តែនៅពេលដែលខ្ញុំសេពគប់គ្នាបានជិត១ឆ្នាំ ខ្ញុំទើបនឹងដឹងថាបុរសនោះធ្លាប់រៀបការ និងមិនទាន់លែងលះដាច់ស្រេចនៅអាមេរិក ដូច្នេះគេគ្មានអ្វីអាចធានាខ្ញុំចេញបាន ខ្ញុំក៏បែកគាត់ទៀត។ មកដល់អាយុ២៦ឆ្នាំ ខ្ញុំលែងខ្វល់ចង់បានស្នេហ៍ស្មោះ។ ខ្ញុំប្រាប់ខ្លួនឯងថា បើប្រុសណាគ្មានផលប្រយោជន៍ឲ្យខ្ញុំ ខ្ញុំគ្មានផ្លូវចូលទៅជិតទេ។ ដូច្នេះហើយខ្ញុំចាប់ផ្ដើមងើយមើលលើ ហើយមិនខ្វល់ថាពួកម៉ាកខ្ញុំរៀបការអស់រលីងឡើយ។ ខ្ញុំលែងយល់ថាភ្លេងការវាសំខាន់ទៀតហើយ តែខ្ញុំចង់រកលុយឲ្យបានច្រើន មានផ្ទះផ្ទាល់ខ្លួន និងមានរថយន្តទំនើប ទើបខ្ញុំអាចមានសុភមង្គល។ ដូចដឹងស្រាប់ហើយ សម្រស់ និងមន្តស្នេហ៍របស់ខ្ញុំមិនបានធ្វើឲ្យខ្ញុំខុសចិត្តទេ។ ឆ្នាំ២០០៩ ខ្ញុំបានយល់ព្រមទទួលយកការទំនុកបម្រុងរបស់លោកបញ្ញាវង្ស។ គាត់ជាមេធាវី និងជាអ្នកជំនួញអចលនវត្ថុផង។ គាត់ជាអ្នកមានដែលអាចទិញឲ្យខ្ញុំនូវកាដូផ្ទះសម្រាប់ការ ចាប់ផ្ដើមជីវិតមានម្ចាស់របស់ខ្ញុំ ហើយកាដូរថយន្ត៨ម៉ឺនដុល្លារសម្រាប់ថ្ងៃកំណើត២៧ឆ្នាំរបស់ខ្ញុំ។ គាត់មានវ័យ៥៥ឆ្នាំ មានកូន៣នាក់ដែលមានវ័យប្រហាក់ប្រហែលនឹងខ្ញុំ ចំណែកភរិយារបស់គាត់ល្បីថាកាចជាទីបំផុត ប៉ុន្តែខ្ញុំនៅតែអាចគេចពីភ្នែកស្ត្រីនោះបានប្រកបដោយ សុវត្ថិភាព។ ខ្ញុំរស់នៅជាមួយលោកបញ្ញាវង្សបានកូនប្រុសម្នាក់វ័យ២ឆ្នាំកន្លះ។ ជារឿយៗយើងទៅដល់កន្លែងកម្សាន្ត ឬភោជនីយដ្ឋាននានាដោយមិនទាន់បានហូបផងត្រូវគេចចេញមកវិញប្រផាប់ ប្រភីង ដោយសារវាក់អើនឹងក្រុមគ្រួសារគាត់។ សំខាន់គឺខ្ញុំខ្លាចកូនខ្ញុំហៅរកឪពុកគ្មានខាន់ស្លារបស់គេ។ ជារឿយៗ ម៉ែកូនយើងត្រូវនៅកណ្ដោចកណ្ដែង គ្មានលោកបញ្ញាវង្សទេ ពិសេសពេលបុណ្យទានគឺកាន់តែគ្មានគាត់ ព្រោះគាត់មិនអាចឃ្លាតពីគ្រួសារគាត់ឡើយ។ យើងដើរកម្សាន្តជាមួយបងប្អូន ហើយគ្មានអ្នកណាហ៊ានសួរពីឪពុករបស់កូនខ្ញុំដែរ ដោយសារខ្ញុំតែងយកលេសថាគាត់ទៅបរទេស។ ទំនាក់ទំនងខ្ញុំ និងមិត្តភ័ក្ដិនានាភាគច្រើន កាត់ផ្ដាច់ដោយសារស្ថានភាពរបស់ខ្ញុំពិបាកក្នុងការចេញមុខជួបពួកគេ ណាស់។ កាលពីដំបូង ខ្ញុំយល់ថាឲ្យតែមានលុយ គឺខ្ញុំមានអ្វីគ្រប់យ៉ាង តែឥឡូវមានយប់ខ្លះខ្ញុំនឹកចង់បកក្រោយ។ ពេលមួយរើសម្ភារៈចាស់ៗមកមើលលេង ខ្ញុំឃើញគំនូរដឺលុចក្នុងសៀវភៅនោះ។ ខ្ញុំលែងស្រលាញ់គេយូរហើយ តែហេតុអ្វីគំនូរនោះធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ តាមពិតខ្ញុំអត់ស្ដាយក្រោយទេ ព្រោះអ្វីៗមានដំណាក់កាលប្រែប្រួលក្នុងជីវិតមនុស្សម្នាក់ៗ ហើយក៏គ្មានអ្នកណាម្នាក់មានសិទ្ធិរិះគន់យើងដែរ។ ដែលសំខាន់គឺយើងមានហេតុផលផ្សេងៗគ្នាក្នុងការតម្រង់គោលដៅអនាគត។ ទឹកភ្នែកខ្ញុំស្រក់ ព្រោះតែខ្ញុំស្ដាយវត្ថុម្យ៉ាងមានតម្លៃបំផុតក្នុងជីវិតយើង គ្រប់គ្នា នោះគឺស្នេហាស្មោះ។ ស្នេហាដំបូងក្នុងយុវវ័យរបស់យើងដែលគ្មានលក្ខខណ្ឌ និងគ្មានខ្វល់ខ្វាយពីផលប្រយោជន៍។ ហេតុអ្វីឆាប់បាត់បង់? ងាយយល់ទេ ព្រោះយើងនៅក្មេងពេក ដល់ថ្នាក់មិនចេះថែរក្សាវា។ ចុះហេតុអ្វីស្នេហាក្រោយៗមក ពេលយើងមានប្រាជ្ញាចេះយល់ការរាក់ជ្រៅហើយនៅតែបាត់បង់ទៀត? ស្រួលយល់ណាស់ នោះព្រោះតែយើងលែងមានចិត្តបរិសុទ្ធទៀតហើយ គឺយើងមានស្នេហាដោយភ្ជាប់នូវលក្ខខណ្ឌមហិច្ឆតា សម្ភារៈនិយម និងមុខមាត់។ ជីវិតមនុស្សយើងហេតុអ្វីក៏ដើរទៅមុខលឿនយ៉ាងនេះ? និស្សិតស្រីអាហារូបករណ៍ផ្នែកច្បាប់ដែលមាននិទ្ទេសពិន្ទុដ៏ល្អ ម្នាក់ បែរជារស់នៅរបៀបដូចខ្ញុំ? តើលទ្ធផលចុងក្រោយនេះ បញ្ហារបស់លោកមារបស់ដឺលុច របស់បងត្រា របស់ម្ដាយបងចិត្រ របស់អាណិកជនដែលកុហកបោកប្រាស់ ឬមួយជាការល្មោភតណ្ហារបស់លោកបញ្ញាវង្ស….ឬមួយជាបញ្ហារបស់ខ្ញុំ ផ្ទាល់? បើសិនខ្ញុំនៅតែជាស្រីស្អាត ស្មោះបរិសុទ្ធ រៀនពូកែដូចកាលនៅរៀន ហើយមានតែដឺលុចក្នុងបេះដូង តើខ្ញុំអាចមានសុភមង្គលជាងសព្វថ្ងៃដែរទេ? ខ្ញុំស្រក់ទឹកភ្នែកលាងអតីតកាលខ្លួនឯង ហើយខ្ញុំបួងសួងឲ្យស្រីស្អាតទាំងអស់ក្នុងប្រទេសយើងអាចគេចផុតពី ស្រមោលស្នេហារបៀបខ្ញុំនេះ។ ខ្ញុំយល់ថាបើយើងរើសសង្សារ មិនមានឋានៈ តួនាទី ឬស្ថានភាពស្នេហាខុសពីយើងខ្លាំងពេក ក៏យើងមិនសូវជួបរឿងបំបែកបំបាក់ដ៏ឈឺចាប់ដូចស្នេហារបស់ខ្ញុំ និងបងចិត្រនោះដែរ ហើយបើបន្ទាប់ពីរឿងអពមង្គលមួយនោះ ខ្ញុំចេះទុកឱកាសឲ្យខ្លួនឯងសាជាថ្មីព្រមបំភ្លេចគេ ខ្ញុំក៏ប្រហែលជាមិនបណ្ដោយខ្លួនឯងឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ អាណិកជនត្បាញអាយ និងក្រញាំលោកបញ្ញាវង្សដែរ។ ប្រការដែលគួរឲ្យស្ដាយបំផុត គឺទម្រាំយើងដឹងពីអត្ថន័យពិតនៃសុភមង្គល វាប្រហែលជាហួសពេលនឹងកសាងវាទៅហើយ។ ខ្ញុំបានត្រឹមសម្លឹងសុភមង្គលរបស់ស្ត្រីជាច្រើនទៀតហើយច្រណែនជោគ វាសនារបស់គេដែលមានបុរសល្អម្នាក់នៅជាមួយគេជានិច្ចកាល។ មនុស្សជាច្រើនហៅវាថាជាព្រហ្មលិខិត តែខ្ញុំសូមហៅវាថាជាមេរៀនសម្រាប់ស្រីស្អាតផ្សេងទៀត។ប្រភពមកពី៖សប្បាយ

0 comments:

Post a Comment