Sunday, May 5, 2013

ការបោះចោលសំរាម តាមទីសាធារណ: គឺជាកត្តាប្រឈម ចំពោះវិញ្ញាសារ ទីក្រុងស្អាត រមណីដ្ឋានស្អាត និងសេវាល្អ

សៀមរាប : សំរាមនៅតែជា កត្តាដ៏ប្រឈម សម្រាប់សុខភាព របស់ប្រជាពលរដ្ឋ សោភ័ណភាពក្រុង អនាម័យសង្គម និង សាធារណ: រួមទាំងអាចបង្ហាញ នូវសីលធម៌សង្គមផងដែរ។ តែមនុស្សមួយចំនួន បានប្រាសចាកនូវក្រមសិលធម៌ និងមិន បានចូលរួម ក្នុងការលើកស្ទួយមុខមាត់សង្គម បែហាក់ជាដើរផ្ទុយពី កិច្ចខិតខំប្រឹងប្រឹងរបស់សង្គមទៅវិញ។
ជាក់ស្ដែងនៅវេលាម៉ោង១ និង៥៥នាទី រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ នៅតាមកំណាត់ដងផ្លូវជាតិលេខ៨ ត្រង់ ភូមិសាស្ត្រ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ត្រង់ព្រំប្រទល់ ក្រុងសៀមរាប និងស្រុកប្រាសាទបាគង) មាន បុរសអ្នកបើកបររថយន្ដធន់ធំ ស្លៀកពាក់សំលៀកបំពាក់យោធា បានចតរថយន្ដ ហើយរើសំរាមប្រភេទម្នាងសិលា ពីលើ រថយន្ដរបស់ខ្លួន បោះចោលទៅចឹញ្ចើមផ្លូវជាតិលេខ៦ ។
រថយន្ដនេះ មានម៉ាក FUSO ពាក់ស្លាកលេខ តាកែវ 3A-0856 បើកបរពីទិសដៅខាងកើតចូលក្រុងសៀមរាប។ បុរសអ្នក បើកបរ ម្នាក់នោះមិនបាននិយាយអ្វីទេ នៅពេលដែលមន្ត្រីសាលាខេត្តសៀមរាបម្នាក់ បានសួរនាំ និងសុំឲ្យរថយន្ដនោះ កុំទាន់បើកបរទៅណា រងចាំមន្ត្រីនគរបាលក្រុងមកដល់ ដើម្បីធ្វើការណែនាំ។ តែបុរសនោះមិនបានស្ដាប់ ហើយបានបើក រថយន្ដចេញទៅ។ បន្តិចក្រោយមកទើបមានសមត្ថកិច្ចនគរបាល បានតាមស្ទាក់ចាប់បាន ហើយធ្វើការណែនាំ និងផាក ពិន័យ ព្រមទាំងឲ្យអ្នកបើកបររថយន្ដនោះ បើករថយន្ដត្រឡប់មករើសយកសំរាមនោះទៅវិញ អ្នកបើកបរក៏បានធ្វើតាម ហើយសន្យាមិនធ្វើដូចនេះទៀតទេ។
មានប្រតិបត្តិករទេសចរណ៍ម្នាក់ បានបញ្ចេញមតិ ថា បច្ចុប្បន្ន អ្វីដែលសំខាន់នោះ នៅក្រុងវប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ គឺជាតំបន់ទេសចរណ៍ ដ៏មានសក្ដានុពលបំផុត របស់ប្រទេសកម្ពុជា ។ តែផ្ទុយទៅវិញការទុកដាក់ ការចោល ការវេចខ្ចប់ ការប្រមូល ការដឹកជញ្ជូន ការគ្រប់គ្រង រួមទាំងការត្រួតពិនិត្យ និងការទទួលខុសត្រូវសំរាម និង កាកសំណល់នៅមានចន្លោះប្រហោង និងមានភាពកម្សោយនៅឡើយ ព្រមទាំងមានការទិចទៀន រអូរទាំ និងមានការ ខ្ពើមរអើម ពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងសាធារណជនជាច្រើនផងដែរ អំពីបញ្ហាសំរាមនេះ។
បច្ចុប្បន្ន អាជ្ញាធរខេត្ត-ក្រុង ក្រសួងទេសចរណ៍ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការគ្រប់គ្រងសំរាម និងរាល់ កាកសំណល់ តែផ្ទុយទៅវិញ ក្រុមហ៊ុនទទួលម៉ៅការប្រមូល និងគ្រប់គ្រងសំរាមនិងកាកសំណល់ ហាក់មិនទាន់បាន ចូលរួមឲ្យអស់លទ្ធភាពនៅឡើយ។
ចំណែកអ្នកប្រកបរបរផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងប្រជាពលរដ្ឋមួយចំនួនបានហៅទូរស័ព្ទមក អ្នកយក ព័ត៌មាន មជ្ឈមណ្ឌលដើមអម្ពិលយើង ដោយនិយាយប្រាប់ថា ពួកគាត់មានការមិនសប្បាយចិត្ត និងស្ទើរ តែមិនទទួលបាន ទេនៅសេវាប្រមូលសំរាម របស់ក្រុមហ៊ុន។ ពួកគាត់បានបន្តទៀតថា ផ្ទុយទៅវិញក្រុមហ៊ុន ប្រមូលសំរាម គិតតែពី ឡើង ថ្លៃសេវាសំរាម តែការប្រមូលសំរាមនៅតែ មិនទាន់ពេល រហូតពេលខ្លះទុកសំរាម នៅយូរ បណ្ដាលឲ្យស្អុយរលួយ មានក្លិន មិនល្អដល់ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនផងដែរ។
ហើយអ្វីដែលសំខាន់ គឺប្រសិនបើការគ្រប់គ្រងសំរាម និងកាកសំណល់ មិនបានសកម្ម ក្នុងការទទួលខុសត្រូវខ្ពស់ និង ប្រសិទ្ធភាព និងគ្មានប្រព័ន្ធនៃយន្ដការត្រួតពិនិត្យទេនោះ ខេត្តសៀមរាប ក៏ដូចជាបណ្ដាខេត្ត-ក្រុងដទៃ និង មិនមាន លទ្ធភាព គ្រប់គ្រាន់ក្នុងការឆ្លងកាត់នូវវិញ្ញាសារ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បាននោះឡើយ៕ប្រភពពី៖ដើមអំពិល



0 comments:

Post a Comment