Thursday, May 23, 2013

ឆ្នាំ​២០១៣ ទេសចរ​បរទេស អាច​កើន​ដល់ ៤លាន​នាក់

ក្រសួង​ទេសចរណ៍ បាន​ធ្វើការ​វាយ​តម្លៃ​ថា នៅឆ្នាំ​ ២០១៣​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​ការ កើន​ឡើង​ដល់​ទៅ​ចំនួន ប្រមាណ ៤​លាន​នាក់ ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ខណៈពេល​ដែល​និន្នាការ​នៃ​ការ​តភ្ជាប់​ជើង​ហោះ​ហើរ​ផ្លូវ​អាកាស មក​ពី​បណ្តា​ប្រទេស​នានា នៅ​ក្នុង​តំបន់ និង​ពិភព​លោក មាន​ការ​កើន​ឡើង​កាន់​តែ​ច្រើន​ជាង​មុន...។
នៅឆ្នាំ២០១២កន្លងទៅនេះ ប្រទេស​កម្ពុជា ដែលមានការរីក​ចម្រើនផ្នែក​សេដ្ឋកិច្ច ក្នុងអត្រា កំណើនប្រមាណជា៧ភាគរយ ទទួលបានភ្ញៀវទេសចរ បរទេស មកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនានា និងតំបន់ឆ្នេរ សរុបចំនួន ៣.៥៨៤.៣០៧នាក់ កើនឡើងប្រមាណ២៤,៤ ភាគរយ បើប្រៀបធៀប​ជាមួយ​នឹងឆ្នាំ២០១១។
យោងតាមព្យាករណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០១៣នេះ កម្ពុជា នឹងនៅតែទទួលបានកំណើន ភ្ញៀវទេសចរបរទេស ជាបន្តទៀត ពោលគឺ អាចបាន ប្រមាណ​ជា​ ៤លាននាក់ឯណោះ កើនឡើងប្រមាណជា ១១,៦០ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ ២០១២ ហើយនិន្នាការនៃកំណើននេះ នឹងបន្តមាន រហូតដល់ទៅចំនួន៧​លាន​នាក់ នៅក្នុងឆ្នាំ២០២០ ខាងមុខ។
ព្យាករណ៍ស្តីពីកំណើនភ្ញៀវទេសចរបរទេស នេះ ធ្វើឡើងដោយសំអាងទៅរកការភ្ជាប់ជើងហោះ-ហើរផ្លូវអាកាស របស់ក្រុមហ៊ុនអាកាសចរណ៍នានា ជាមួយព្រះរាជា​ណាចក្រកម្ពុជា ផង និងការបង្កើន ជើងដឹកជញ្ជូន តាមរយៈរថយន្តក្រុង ឆ្លងកាត់ព្រំដែន ជាមួយបណ្តាប្រទេសនៅក្បែរខាងផង។
ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងនៅខាងក្រៅវេទិកាទិវាជាតិ  ស្តីពីទីក្រុងស្អាត ដែលបើកធ្វើ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៣ ថា នៅឆ្នាំនេះ ប្រទេសកម្ពុជា ដែលទទួល បានការភ្ជាប់ជើងហោះហើរផ្លូវអាកាសថ្មីៗបន្ថែមទៀត ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក និងការបង្កើនការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមរយៈ ផ្លូវគោក នឹងទទួលបាននូវចំនួនភ្ញៀវទេសចរបរទេស កើនឡើង រហូតដល់ទៅប្រមាណជា៤លាននាក់ ច្រើន ជាងឆ្នាំកន្លងទៅ។
ឯកឧត្តមថោង ខុន បានមានប្រសាសន៍ឱ្យដឹង បន្តទៀតថា ឆ្នាំនេះ ប្រទេសនៅក្នុងតំបន់ ដែលរួមមាន ដូចជា ឥណ្ឌូនេស៊ី និងប៊្រុយណេ ជាដើម នឹងធ្វើការ តភ្ជាប់ការ​ហោះហើរផ្លូវអាកាសជាមួយព្រះរាជាណាចក្រកម្ពុជា ហើយប្រទេសមួយចំនួនទៀត រួមមាន ដូចជា ប្រទេសអារ៉ាប់អេមីរ៉េត និងគុយវ៉ែត ព្រមទាំង ឥណ្ឌា ជាដើម សុទ្ធតែបានរៀបចំតភ្ជាប់ការ ហោះហើរតាមផ្លូវអាកាសជាមួយប្រទេសកម្ពុជា ដូចគ្នា។
ឯកឧត្តមថោង ខុន បានគូសបញ្ជាក់ថា “យើង សង្ឃឹមថា ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរ បរទេស កាន់តែច្រើនជាងព្យាករណ៍នេះទៀត បើសិន ណាជា​នៅ​ពេលខាងមុខ កម្ពុជា មានការតភ្ជាប់ជើង ហោះហើរផ្លូវអាកាស និងផ្លូវគោក ជាមួយតំបន់ និង ពិភពលោក បានកាន់តែមានភាពទូលំទូលាយជាងពេល សព្វថ្ងៃនេះ”។
យោងតាមរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០១៣នេះ ប្រទេសកម្ពុជា បានទទួលការ ចុះចតនៃ​យន្តហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍  ពីបណ្តាប្រទេសនានា ទាំងនៅក្នុងតំបន់ និងពិភពលោក បានចំនួន២៣ក្រុមហ៊ុនហើយ ក្នុងនោះ ក្រុមហ៊ុន អាកាសចរណ៍​កាតារ អ៊ែរវ៉េយ៍ គឺជាក្រុមហ៊ុនដែល បានមកដល់ចុងក្រោយគេ។ ជាមួយនឹងការមកដល់ នៃក្រុមហ៊ុនអាកាសចរណ៍របស់បណ្តាប្រទេសនានា នោះ ក្រុមហ៊ុន​អាកាស​ចរណ៍ កម្ពុជា អង្គរអ៊ែរ ដែល ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ក៏បានដំឡើងជើងហោះហើររបស់ខ្លួនទៅក្រៅប្រទេសផងដែរ ក្នុងនោះ រួមមានដូចជា ទៅ​ចិន ថៃ និងកូរ៉េខាងត្បូង ជាដើម។ ថ្មីៗនេះ ប្រទេសថៃ បានចាប់ផ្តើមដឹកជញ្ជូនអ្នកទេសចរឆ្លងកាត់ព្រំដែន តាមរយៈរថយន្តក្រុង ជាមួយ ប្រទេសកម្ពុជា ហើយគេសង្ឃឹមថា នៅពេលឆាប់ៗ ខាងមុខ ជើងដឹកជញ្ជូនច្រើនថែមទៀត នឹងត្រូវធ្វើឡើង ដូចការដឹកជញ្ជូនភ្ញៀវឆ្លងកាត់ព្រំដែន ជាមួយនឹង ប្រទេសវៀតណាម ដែរ។ បច្ចុប្បន្ន ប្រទេស​វៀតណាម បានធ្វើការផ្លាស់ប្តូរការដឹកជញ្ជូនអ្នកទេសចរ តាមរយៈរថយន្តក្រុង រាប់សិបជើង ក្នុង១ថ្ងៃៗ ឆ្លងកាត់ព្រំដែនគោក ជាមួយ ប្រទេសកម្ពុជា។
ឯកឧត្តមថោង ខុន បានមានប្រសាសន៍ថា ការ បង្កើនជើងដឹកជញ្ជូន ដែលកំពុងតែមាននៅក្នុងផ្លូវអាកាស និងផ្លូវគោកព្រម ទាំងការបង្កើតឡើងនូវផលិត- ផលថ្មីៗ ជាពិសេស ដូចជាគោលដៅទេសចរណ៍បៃតង ជាដើម បាននិងកំពុងតែធ្វើឱ្យមានចំណាប់អារម្មណ៍ យ៉ាងខ្លាំងដល់ភ្ញៀវទេសចរបរទេស ក្នុងការចូលមក ទស្សនា​កម្សាន្ត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមថោង ខុន បានមានប្រសាសន៍បន្តទៀត ថា សព្វថ្ងៃ ការដឹកជញ្ជូនអ្នកទេសចរ តាមរថយន្តក្រុង ពីប្រទេសថៃ កំពុងត្រូវបានជំរុញ ហើយមិនយូរ មិនឆាប់ ទេសចរ​បរទេស ដែលចូលមកតាមច្រកនេះ នឹងមានការកើនឡើងច្រើន មិនចាញ់មកតាមមាត់ច្រក ផ្លូវគោក ដែលភ្ជាប់ជាមួយប្រទេសវៀតណាម ឡើយ។
ឯកឧត្តមថោង ខុន បានមានប្រសាសន៍បន្ថែម ទៀតថា “ខ្ញុំគិតថា ក្រោយឆ្នាំ២០១៥ ទេសចរមកពី ខាងថៃ នឹងមានចំនួនច្រើន មិនចាញ់មកពីខាងប្រទេស  វៀតណាម ទេ។ កាលពីឆ្នាំ២០១២ យើងមានទេសចរ មកពីប្រទេសថៃ ២០ម៉ឺននាក់ កើនឡើង៧៨ភាគរយ ធៀបជាមួយនឹងឆ្នាំមុន។ ប៉ុន្តែ ចំនួននេះ វាទាបជាង តួលេខទេសចរ ដែល​ចូលមកតាមច្រកប្រទេស វៀតណាម ដែលក្នុងរយៈពេលដូចគ្នានេះ ទទួលបាន រហូតដល់ទៅចំនួនជាង៧០ម៉ឺននាក់”។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធ-សាស្ត្រអភិវឌ្ឍន៍ទេសចរណ៍បៃតង ដើម្បីធ្វើឱ្យប្រទេស ដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រាង្គប្រាសាទ ដ៏ច្រើន​ស្អេកស្កះ មានការទាក់ទាញទេសចរមកទស្សនា កម្សាន្ត បានកាន់តែច្រើន នៅពេលអនាគត ព្រោះថា ទេសចរណ៍បៃតង នឹងធ្វើឱ្យកម្ពុជា ឆ្ពោះទៅរកភាព ស្អាត ដែលជាគោលដៅទេសចរណ៍ដ៏មានសារសំខាន់ ជាមូលដ្ឋាន។
យោងតាមព្យាករណ៍របស់អង្គការទេសចរណ៍ ពិភពលោក ណូទឺឿ នៅឆ្នាំ២០៣០ នឹងមានភ្ញៀវ ទេសចរអន្តរជាតិ ធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅ​ជុំវិញ​ពិភពលោក សរុបចំនួនប្រមាណ ១,៨ពាន់លាននាក់ ច្រើនជាងឆ្នាំ២០១២ កន្លងទៅ ដែលចំនួននេះ មានតែប្រមាណ ១ពាន់លាននាក់ប៉ុណ្ណោះ។
ផ្អែកទៅលើព្យាករណ៍ខាងលើនេះ ក៏បានបង្ហាញ នូវក្តីរំពឹងផងដែរថា តំបន់អាស៊ាន ទាំងមូល នៅឆ្នាំ ២០១៥ នឹងទទួលបានទេសចរអន្តរជាតិ សរុបចំនួន ១០៧​លាន​នាក់ កើនឡើងប្រមាណ ២១,៥៩ភាគរយ លើសក្នុងឆ្នាំ២០១២ ដែលពេលនោះ មានចំនួនសរុប តែប្រមាណ ៨៨លាននាក់។ ដោយឡែក ចំពោះប្រទេស កម្ពុជា រំពឹង​ថា នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ ជា៤,៥លាននាក់ នៅក្នុងឆ្នាំ២០១៥ ៕

ឆ្នាំ​២០១៣ ទេសចរ​បរទេស អាច​កើន​ដល់ ៤លាន​នាក់
[Resource: Angkor Thom Media]

0 comments:

Post a Comment