Tuesday, May 21, 2013

ដំរី​ញី​ឈ្មោះ ស្រីពៅ នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​ស្លាប់​ក្នុង​ភាព​ជរា​អាយុ​ប្រមាណ​៦២​ឆ្នាំ

តាកែវៈ ដំរី​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​ឈ្មោះ ស្រី​ពៅ បាន​ស្លាប់​ដោយ​សារ​ភាព​ជរា បន្ទាប់​ពី​ត្រូវ​បាន​សង្គ្រោះ​និង​យក​មក​ថែរក្សា​ទុក​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា​កម្សាន្ត​អស់​រយៈ​ពេល​ជាង​១២​ឆ្នាំ​កន្លង​មក។
លោក​ញឹក រតនពេជ្រ នាយក​ឧទ្យាន​សួន​សត្វ​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ក្នុង​ ខេត្ត​តាកែវ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ដំរី​ញី​ឈ្មោះ ស្រី​ពៅ អាយុ​ប្រហែល​៦២​ឆ្នាំ​បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ទី១២ ខែ​ឧសភា​នេះ​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ។
លោក ញឹក រតនពេជ្រ បាន​បញ្ជាក់​ថា​៖«ស្រី​ពៅ​ស្លាប់​ដោយ​សារ​ជរា។ រោម​វា​ឡើង​ស្កូវ​អស់ និង​ធ្មេញ​បាក់​ជ្រុះ។ មុន​ងាប់​វា​ងើប​ឡើង​មិន​រួច​ជា​ច្រើន​អាទិត្យ​ហើយ​យើង​បាន​ជួយ​ស្ទូច​វា​ ឲ្យ​ងើប​ដាក់​សៀរ៉ូម​ព្យាបាល តែ​ជួយ​មិន​បាន​ព្រោះ​តែ​វា​ចាស់​ខ្លាំង​ណាស់​ទៅ​ហើយ»។
លោក ញឹក រតនពេជ្រ បាន​បន្ថែម​ថា ស្រី​ពៅ​ត្រូវ​គេ​កប់​នៅ​ក្នុង​បរិវេណ​សួន​សត្វ​ភ្នំ​តាម៉ៅ​ដោយ​មាន​និមន្ត​ ព្រះ​សង្ឃ​សូត្រ​ធម៌​ឧទ្ទិស​ឲ្យ​ត្រឹម​ត្រូវ។ លោក​បន្ត​ថា​សព្វ​ថ្ងៃ​នេះ​សួន​សត្វ​ភ្នំ​តាម៉ៅ​នៅ​សល់​ដំរី​ចំនួន​តែ​ប្រាំ ​ក្បាល​ទេ​ក្នុង​នោះ​មាន​ញី​បី​ក្បាល​និង​ឈ្មោល​ពីរ​ក្បាល។
ដំរី​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​ហើយ​រដ្ឋាភិបាល​រួម​នឹង​អង្គការ​ ក្រៅ​រដ្ឋាភិបាល​បាន​សហការ​ជាមួយ​គ្នា​ធ្វើ​ការ​អភិរក្ស ដោយ​មាន​អង្គការ​សម្ព័ន្ធ​សត្វ​ព្រៃ Wildlife Alliance ជា​ដៃ​គូ​ក្នុង​ការ​អភិរក្ស​ផង។
គេហទំព័រ​របស់​អង្គការ សម្ព័ន្ធ​សត្វ​ព្រៃ​បាន​ឲ្យ​ដឹង​ថា ដំរី​ឈ្មោះ​ស្រីពៅ និង​សត្វ​ដំរី​ពីរ​ក្បាល​ទៀត​ត្រូវ​បាន​ក្រុម​សង្រ្គោះ​សត្វ​ព្រៃ​របស់​ អង្គការ Wildlife Alliance នេះ​សង្គ្រោះ​ពី​កោះ​មេគង្គ​នៅ​ក្នុង​ខេត្ត​កណ្តាល កាល​ពី​ឆ្នាំ​២០០១។
គេហទំព័រ​នេះ​បាន​បញ្ជាក់​ថា៖​«ដំរី​ទាំង​បី​ក្បាល​ត្រូវ​បាន​គេ​យក​មក​ ដាក់​ទ្រុង​ទុក​នៅ​ក្នុង​កន្លែង​កម្សាន្ត​លើ​កោះ​មេគង្គ។ កន្លែង​កម្សាន្ត​នេះ​បាន​ក្ស័យធន​ហើយ​ម្ចាស់​បាន​បោះបង់​ពួក​វា​ចោល​ដោយ​ គ្មាន​ចំណី​អស់​ជា​ច្រើន​ខែ»។ អ្នក​ថែរក្សា​ដំរី​បាន​ដឹក​ពួក​វា តាម​សាឡាង​ម្តង​មួយៗ​យក​ទៅ​ដាក់​នៅ​ក្នុង​ទ្រុង​ដ៏​តូច​ចង្អៀត​នៅ​ផ្ទះ​របស់ ​គាត់​នៅ​ភ្នំពេញ។ ដោយ​សារ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​អ្នក​ថែរក្សា​រូប​នោះ​បាន​ ទាក់ទង​នឹង​ប្រគល់​ដំរី​ទាំង​នោះ​ទៅ​ឲ្យ​ក្រុម​សង្គ្រោះ​សត្វ​ព្រៃ​របស់​ អង្គការ Wildlife Alliance ដើម្បី​ព្យាបាល​និង​មើល​ថែ​នៅ​មជ្ឈមណ្ឌល​ថែរក្សា​សត្វ​ភ្នំ​តាម៉ៅ​រហូត​មក។
នៅ​ក្នុង​ពេល​ធ្វើ​បុណ្យ​សព​ឲ្យ​ស្រីពៅ លោក​ស្រី Suwanna Gauntlett ជា​នាយក​ប្រតិបត្តិ​របស់​អង្គការ Wildlife Alliance បាន​ធ្វើ​ការ​អំពាវនាវ​សូម​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា កុំ​ឲ្យ​ធ្វើ​ទុក​បុក​ម្នេញ​ដល់​សត្វ​ដំរី។ សូម​ទុក​សត្វ​ដំរី​ឲ្យ​រស់​នៅ​ក្នុង​ព្រៃ​ជា​ជាង​ចាប់​វា​យក​មក​ចិញ្ចឹម ពី​ព្រោះ​ថា វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​អភិរក្ស​សត្វ​ដំរី​ដែល​ជា​ ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នេះ។
មន្ត្រី​នាយកដ្ឋាន​សត្វ​ព្រៃ​និង​ជីវ​ចម្រុះ​នៃ​ក្រសួង​កសិកម្ម​មិន​អាច​ រក​ការ​បញ្ជាក់​ពី​ចំនួន​សត្វ​ដំរី​ដែល​នៅ​សល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន ​ទេ​ពី​ម្សិលមិញ​៕ប្រភពមកពី៖សប្បាយ

0 comments:

Post a Comment