Wednesday, June 5, 2013

ជឿ​ទេ គូ​ស្នេហ៍ឲ្យ​តែ​​ទៅ​លេង​វត្ត​ភ្នំ​ ត្រូវ​បែក​គ្នា?

មាន​ជំនឿ​មួយ​​ក្នុង​ចំណោម​យុវវ័យ​​បាន​​តំណាល​ថា បើ​គូ​​សង្សារ​​ណា​​នាំ​គ្នា​ទៅ​លេង​វត្ត​ភ្នំនោះ ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បែក​បាក់​ស្នេហា​។ ​ ដោយសារ​តែ​ជំនឿ​មួយ​នេះ  មាន​យុវវ័យ​ខ្លះ​សុខ​ចិត្ត​ជិះ​ម៉ូតូ​​វាង​វត្ត​ភ្នំ​ ព្រោះ​ខ្លាចត្រូវ​​ដូច​ពាក្យ​ជំនឿ​។
តើ​ក្នុង​ចំណោម​​យុវវ័យ​ ពិត​ជា​មាន​ជំនឿ​បែប​នេះ​មែន​ឬ​? ហើយ​តើ​គ្រប់​គូ​ស្នេហ៍​ដែល​នាំ​គ្នា​ទៅ​លេង​វត្ត​ភ្នំ​សុទ្ធ​តែ​ត្រូវ​បែក​ គ្នា ឬ​យ៉ាងណា?
កញ្ញា ហោ ស្រីទូច និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ​ន័រតុន បាន​ឲ្យ​ដឹង​ថា កញ្ញា​ធ្លាប់​ឮ​ពាក្យ​ជំនឿ​ទាំង​នេះ​​ត​ពី​មិត្តភ័ក្ដិ​ជា​ច្រើន​ តែ​ដោយសារ​កញ្ញា​គ្មាន​សង្សារ​ ដូច្នេះ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ ប៉ុន្តែ​នា​ពេល​កន្លង​មក​ កញ្ញា​មាន​មិត្តភ័ក្ដិ​ម្នាក់​ដែល​ នាង​និង​សង្សារ​ ហើយ​អ្នក​ទាំង​ពីរ​​រាល់​ពេល​ជិះ​ឌុប​គ្នា​ម្ដង​ៗ​តែងតែ​​បើក​ម៉ូតូ​វាង​ ឬ​គេច​ពី​វត្តភ្នំ​រហូត​ ព្រោះ​ខ្លាច​​ដូច​ពាក្យ​ជំនឿ​ថា​បែក​គ្នា។
ស្រីទូច ​និយាយ​យ៉ាង​នេះ​ថា​៖ “កុំ​ថា​ដល់​បណ្ដើរ​គ្នា​ទៅ​លេង ប្រហែល​៤​ទៅ​៥​ឆ្នាំ​ហើយ មិត្តភ័ក្ដិ​ខ្ញុំ​ ឲ្យ​តែ​ជិះ​ឌុប​គ្នា គឺ​ជិះ​វាង​រហូត​ សុខចិត្ត​ជិះ​ទៅ​ផ្លូវ​ឆ្ងាយ ព្រោះខ្លាច​​ត្រូវតាម​​ជំនឿ​នោះ”។
យុវជន តារា អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ បាន​ឲ្យ​ដឹង​ថា ជំនឿ​នេះ​គឺ​គ្រាន់​តែ​ឮតៗ​គ្នា​ប៉ុណ្ណោះ​ ក្នុង​ចំណោម​យុវវ័យ​ អ្នក​ខ្លះ​ថាកុំ​ចាំបាច់​ដល់​ឡើង​ទៅ​លេង​ដល់​លើ​ភ្នំ គ្រាន់​តែ​ជិះ​ក្រឡឹង​ជុំវិញ​សោះ ក៏​​ត្រូវ​បែក​គ្នា​​ដែរ ដោយសារ​តែ​នាឡិកា​ ឬ​ដោយសារ​បារមី​​ថែរក្សា​នោះ​ប្រកាន់។
តារា​​បាន​ បន្ថែម​យ៉ាង​នេះ​ថា៖ “ប៉ុន្តែ​​សម្រាប់​ខ្ញុំ​​មិនសូវ​​ជឿ​ទេ​ ព្រោះ​ធ្លាប់​នាំ​សង្សារ​ទៅ​អង្គុយ​លេង​ដែរ​ ​ដូចជា​មិន​មាន​បញ្ហា​អី​ទេ គឺ​​ធម្មតា មិន​មាន​នាំ​ចិត្ត​ឲ្យ​ស្អប់​ ឬ​ឈ្លោះ​គ្នា​ឡើយ” ។
លោក​ យាយ​ អ៊ុក អាយុ​៧១​ឆ្នាំ អ្នក​លក់​ទៀន​ធូប ផ្កា​ភ្ញី នៅ​ជណ្ដើរ​ខាង​ជើង​វត្ត​ភ្នំ​បាន​ឲ្យ​ដឹង​ថា ពិត​ជា​​ធ្លាប់​បាន​ឮ​​​ជំនឿ​បែប​នេះ​ពី​មាត់​​មួយ​ទៅ​មាត់​មួយ​ត​ៗ​គ្នា​ មែន​ ប៉ុន្តែ​​វា​មិនមែន​ជា​ការ​ពិត​នោះ​ទេ។
លោក​យាយ​​បាន​បន្ត​ថា រយៈ​ពេល ២៥ ឆ្នាំ​​មក​នេះ ក្នុង​ជីវិត​ជា​អ្នក​លក់​ដូរ​​នៅ​ជិត​វត្តភ្នំ​នេះ មាន​យុវវ័យ​ជា​ច្រើន​សួរ​នាំ​ លោក​យាយ​​​ពី​រឿង​នេះ ប៉ុន្តែ​​លោក​យាយ​​តែងតែ​ប្រាប់​ថា វា​មិនមែន​ជា​ការ​ពិត​ទេ ព្រោះ​មាន​យុវវ័យ​ខ្លះ​មក​លេង ហើយ​លើក​ក្រោយ​​ឃើញ​មក​ជា​ធម្មតា គ្មាន​ការ​បែកបាក់​អ្វី​នោះ​ទេ។
លោក​យាយ​បាន​បន្ត​ថា មាន​តែ​អ្នក​ដែល​ឈ្លោះ​គ្នា​ស្រាប់ ហើយ​ណាត់​គ្នា​យក​វត្តភ្នំ​​ជា​កន្លែង​​ផ្ដាច់​និស្ស័យ​ទេ​ទើប​ជូប​រឿង​បែប​ នេះ ហើយ​បែរ​ជា​មក​ចោទ​ថា បារមី​យាយ​ពេញ ឬ​អ្នក​តា​ប្រចៅ​ បំបែក​ពួក​គេ​នោះ ជា​រឿង​ខុស​ហើយ ព្រោះ​ព្រះ​អង្គ​ទាំង​ពី​រ​ជា​អ្នក​ថែរក្សា​កូនចៅ​ទៅ​វិញ​ទេ មាន​រឿង​អី​ត្រូវ​​មក​បំបែក​ឲ្យ​គេ​ក្ដៅក្រហាយ
ចំពោះ ​មូល​ហេតុ​នៃ​ការ​បែក​បាក់ លោក​យាយ​ប្រាប់​យ៉ាង​នេះ​​ថា៖​ “ជីវិត​ស្នេហា​របស់​យុវវ័យ​ ពេល​ស្រឡាញ់​គ្នា​យូរ​ៗ​ទៅ​ នឿយណាយ​​អស់​ចិត្ត​ពី​គ្នា លែង​ស្រឡាញ់​ក៏​ឈប់​ហើយ​ចែក​ផ្លូវ​គ្នា គ្មាន​បារមី​ឯណា ទៅ​រំខាន​នោះ​ទេ”។
ចុះ​អ្នក​វិញ​ជឿ​រឿង​នេះ​ដែរ​ឬ​ទេ?ប្រភពមកពីៈសប្បាយ

0 comments:

Post a Comment