Thursday, June 20, 2013

Panasonic ចូលរួមចំណែក ការពារបេតិកភណ្ឌ និងបរិស្ថានពិភពលោក ជាមួយអង្គការ UNESCO


សៀមរាប៖ តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO និងក្រុមហ៊ុន Panasonic បានអនុវត្តន៍កម្មវិធី រួមគ្នាមួយក្នុងវិស័យអប់រំ ទំនាក់ទំនង និងការគាំទ្របច្ចេកវិទ្យា សម្រាប់អ្នកជំនាន់ក្រោយ។ នៅមជ្ឈមណ្ឌលព័ត៌មានបាយ័ន ទីក្រុងសៀមរាប កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣នេះ អង្គការ UNESCO ដោយមានការឧបត្ថមគាំទ្រ ពីក្រុមហ៊ុន Panasonic បានរៀបចំកម្មវិធីអប់រំ ដល់សិស្សានុសិស្សកម្ពុជា ឲ្យយល់ដឹងពីការរក្សាបរិស្ថាន និងសម្បត្តិបេតិកភណ្ឌពិភពលោក។ លោក Philippe Delanghe ប្រធានផ្នែកវប្បធម៌ និងអ្នកឯកទេសកម្មវិធីវប្បធម៌ នៃការិយាល័យអង្កការ UNESCO កម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូយុទ្ធសាស្រ្ត ជាក់លាក់រវាងក្រុមហ៊ុន Panasonic និងអង្កការ UNESCO នៅឆ្នាំ ២០១១ គឺការអប់រំ និងបង្កើនការយល់ដឹង លើសារៈសំខាន់ និងតម្លៃនៃតំបន់បេតិកភណ្ឌពិភពលោក តាមរយៈការលើកកម្ពស់នៃការងារ និងសកម្មភាពអប់រំ ដល់មនុស្សជំនាន់ក្រោយ។ លោក Philippe Delanghe បានបន្តថា បច្ចុប្បន្ននេះក្រុមហ៊ុន Panasonic បានអនុវត្តកម្មវិធីសិក្សា អេកូបេតិកភណ្ឌ ពិភពលោក របស់ខ្លួនជាង ១០តំបន់ នៃបេតិកភណ្ឌពិភពលោក និងមានកម្មវិធីប្រលង លើរូបភាពអេកូ កាលពីឆ្នាំមុន ដោយភ្ជាប់ជាមួយកុមារ UNESCO មកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីគំនិត រក្សាបរិស្ថាន និងបេតិកភណ្ឌពិភពលោក ។ លោកស្រី Fumiko Takahashi ប្រធានការិយាល័យផ្សាយពាណិជ្ជកម្ម ម៉ាកសញ្ញារបស់ក្រុមហ៊ុន Panasonic បានមានប្រសាសន៍ថា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ទៅលើការរក្សាបរិស្ថាន និងបេតិកភណ្ឌពិភពលោក ក្រុមហ៊ុន Panasonic បានធ្វើសកម្មភាពរៀបចំ ការអប់រំដល់កុមារកម្ពុជា ឲ្យយល់ដឹងពីសារៈសំខាន់ នៃការរក្សារបរិស្ថាន និងសម្បត្តិបេតិកភណ្ឌពិភពលោក។ លោកស្រីបន្ថែមថា កុមារកម្ពុជានឹងត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងយុទ្ធនាការ ប្រលងលើរូបភាពថ្មីៗ ដែលការប្រលងនេះ តម្រូវឲ្យកុមាររក្សា កំណត់ត្រាជាង ៥ថ្ងៃ អំពីសកម្មភាពរបស់ខ្លួន ដែលទាក់ទងនឹងកំណត់ហេតុ ប្រចាំថ្ងៃជារូបភាពបរិស្ថាន។ លោកស្រីបានបន្ថែមទៀតថា គោលបំណងរបស់ ក្រុមហ៊ុន Panasonic ធ្វើឡើងក្នុងគោលបំណង អប់រំ មនុស្ស ទូទៅ ជាពិសេសកុមារ ឲ្យបានយល់ដឹងពីបញ្ហា បរិស្ថាន និងបេតិកភណ្ឌពិភពលោក។ សូមបញ្ជាក់ថា ក្រុមហ៊ុន Panasonic កំពុងធ្វើយុទ្ធនាការនៅទូទាំងពិភពលោក ជាមួយនឹងការលើកកម្ពស់ សម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈការរួមបញ្ជូលគ្នា នៃការផ្សព្វផ្សាយ ស្តីពីការព្រួយបារម្មណ៍ របស់ខ្លួនទៅនឹងការប្រែប្រួល ប្រភពថាមមពល ការកែច្នៃ ការប្រើប្រាស់ទឹកឡើងវិញ ការដំាដើមឈើ និងការអប់រំទៅអនាគត ៕ប្រភពមកពី៖ដើមអំពិល

0 comments:

Post a Comment