Wednesday, June 12, 2013

ហេតុ​អ្វី​និស្សិត​ខ្មែរ​ធ្វើ​កិច្ចការ​សាលា​មិន​រួច​តាម​ការ​កំណត់​របស់​គ្រូ?



·         និស្សិត​មួយ​ចំនួន​ចូល​ចិត្ត​ពន្យារ​ពេល​ធ្វើ​កិច្ចការ​សាលាដែល​គ្រូ​បាន​ដាក់​ឲ្យ​ ដោយ​ទុក​ចោល​រហូត​ជិត​ដល់​ថ្ងៃ​ប្រមូល​ ទើប​ស្ទុះស្ទា​ទាញ​យក​មក​ធ្វើ​។ និស្សិត​ខ្លះ​បាន​ទាំង​សុំ​គ្រូ​ឲ្យ​ពន្យារ​ពេល​ឲ្យ​ខ្លួន​ប៉ុន្មាន​ថ្ងៃ​ បន្ថែម​ទៀត​ ដោយសារ​ការ​ងារ​សាលា​នោះ​ធ្វើ​មិន​ទាន់​រួច។ ​តើ​មូល​ហេតុ​អ្វី​បាន​ជា​ធ្វើ​ការងារ​ដែល​គ្រូ​ដាក់​ឲ្យ​នោះ​មិន​រួច​រាល់​ តាម​ពេល​កំណត់?

ខាង​ក្រោម​នេះ​គឺ​ជា​ហេតុ​ផល​​ផ្សេង​ៗ​របស់​និស្សិត​មួយ​ចំនួន​ ដែល​ធ្លាប់​សង្កេត​ពី​​​បញ្ហា​ធ្វើ​ការងារ​សាលា​មិន​រួច​​ទាន់​Deadline​។
កញ្ញា ​ សុខ​ រ័ត្នមុនី​ និស្សិត​ឆ្នាំ​ទី​៤​ នៅ​សាកល​វិទ្យាល័យ​ ន័រតុន​ បាន​លើក​ឡើង​ថា៖ “មក​ពី​និស្សិត​​ខ្លួន​ឯង​មាន​ទម្លាប់​ខ្ជិល​ ទុក​ពេល​ទំនេរ​ចោល​ ហើយ​ចូល​ចិត្ត​មើល​ស្រាល​ការ​ងារ​ដែល​គ្រូ​បាន​ដាក់​ឲ្យ​ គិត​ថា​អាច​ធ្វើ​កិច្ច​ការ​នោះ​ហើយ​ដោយ​ប្រើ​ពេល​ខ្លី ហេតុ​នេះ​ហើយ​ទើប​ជួប​ប្រទះ​បញ្ហា​នេះ”។
ចំណែក​កញ្ញា​ ធីតារ័ត្ន​ និស្សិត​ឆ្នាំ​ទី​២​ នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ បាន​ប្រាប់​ថា៖ “មក​ពី​និស្សិត​មួយ​ចំនួន​រៀន​ពីរ​សាលា​ ហេតុ​នេះ​ហើយ​ទើប​រវល់។ ណា​មួយ​ហត់​នឿយ​ផង​ ព្រោះ​ពេល​ខ្លះ​កិច្ចការ​សាលា​គ្រូ​ដាក់​មក​ទាំង​ពីរ​សាលា​ព្រម​គ្នា​តែ​ ម្ដង​ទើប​ធ្វើ​មិន​ទាន់”។ កញ្ញា​បាន​បន្ថែម​ថា កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ​មួយ​ចំនួន​ទៀត​​ ពិបាក​រក​ឯកសារ​ណាស់​ ហេតុ​នេះ​ហើយ​ទើប​មាន​ការ​យឺត​យ៉ាវ​អីចឹង។
ចំណែក​ឯ​យុវជន​ ឡុង​ ពន្លឺ​ និស្សិត​ឆ្នាំ​ទី​១​ ផ្នែក​ព័ត៌មាន​វិទ្យា​ បាន​លើក​ឡើង​ផ្ទុយ​ពី​មតិ​ខាង​លើ​ថា៖ “ចំពោះ​កិច្ច​ការ​សាលា​ដែល​ធ្វើ​ម្នាក់​ឯង​ លោក​មិន​ដែល​ទុក​ចោល​យូរ​ទេ​ គឺ​លោក​តែង​តែ​ធ្វើ​វា​ឲ្យ​រួច​រាល់​មុន​ថ្ងៃ​គ្រូ​ប្រមូល​រហូត។ ប៉ុន្តែ​អ្វី​ដែល​ពិបាក​នោះ​គឺ​ការ​ងារ​ជា​ក្រុម​ ព្រោះ​ពេល​ខ្លះ​ពិបាក​រក​ពេល​ជួប​ជុំ​គ្នា​ផង​ ហេតុនេះ​ហើយ​ទើប​ការ​ងារ​ជា​ក្រុម​នេះ​តែង​តែ​មាន​ភាព​យឺត​យ៉ាវ​”។
​​ លោក​សាស្ត្រាចារ្យ​  ឈឹម ម៉ូឌែន ​បង្រៀន​ នៅ​សាកល​វិទ្យាល័យ​វេស្ទឺន​ បាន​លើក​ឡើង​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​​ដែល​លោក​​ធ្លាប់​ជួប​ប្រទះ​ថា​ ការ​ដែល​និស្សិត​មួយ​ចំនួន​ទម្លាប់​ប្រគល់​កិច្ច​ការ​សាលា​យឺត​ពេល​ដែល​គ្រូ ​ដាក់​ឲ្យ​ គឺ​ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ជា​៖ “ទី១​ ដោយ​សារ​និស្សិត​មួយ​ចំនួន​សិក្សា​ច្រើន​ជាង​មួយ​ជំនាញ ទី​២​ និស្សិត​ខ្លួន​ឯង​ផ្ទាល់​ខ្វះ​ការ​គ្រប់​គ្រង​ពេល​វេលា​ ទី៣ ខ្វះ​ការ​រឹត​បន្តឹង​វិន័យ​ និង​មាន​ទម្លាប់​ទុក​ពេល​វេលា​ទំនេរ​ចោល​ និង​ទី៤​ អាច​មក​ពី​គ្រូ​បង្រៀន​ផ្ទាល់​ មិន​បាន​រឹត​ត្បិត​វិន័យ​ចំពោះ​និស្សិត”។
ចុះ​ប្រិយ​មិត្ត​វិញ​ តើ​ធ្លាប់​​ប្រគល់​កិច្ច​ការ​សាលា​ឲ្យ​គ្រូ​យឺត​ទេ? ដោយសារ​មូល​ហេតុ​អ្វី?ប្រភពមកពី៖សប្បាយ




0 comments:

Post a Comment