Thursday, June 13, 2013

កម្ពុជាត្រៀមបញ្ជូនអត្តពលិកហែលទឹក3រូបទៅប្រកួតនៅប្រទេសអេស្ប៉ាញ

រាជធានីភ្នំពេញ ៖ កម្ពុជាត្រៀមបញ្ជូនអត្តពលិកហែលទឹក៣រូបទៅកាន់ប្រទេសអេស្ប៉ាញ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Fina World Swimming Championship នាចុងខែក្រោយនេះ ។ អត្តពលិកហែលទឹកទាំង៣រូបដែលមានឱកាសបានចេញទៅប្រកួតក្នុងព្រឹត្តិ ការណ៍ខាងលើរួមមាន កីឡាករ ហែម ថុនពន្លឺ, កីឡាការិនី ហែម ថុនវិទីនី និងកីឡាករ ទូ សុវិជ្ជា ដែលជាកូនខ្មែរកំពុងរស់នៅ និងហ្វឹតហាត់នៅសហរដ្ឋអាមេរិក។ កីឡាករ ហែម ថុនពន្លឺ និងកីឡាការិនី ហែម ថុនវិទីនី តែងទទួលបានឱកាសទៅប្រកួតនៅក្រៅស្រុកជានិច្ច ដោយសារមិនទាន់មានកីឡាករក្នុងស្រុកណាម្នាក់មានសមត្ថភាពលើសពួក គេនៅឡើយ ។ ពេលនេះពួកគេទាំង៣នាក់កំពុងប្រឹងប្រែងហ្វឹក ហាត់ទាំងព្រឹកទាំងល្ងាច ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ខណៈកីឡាករវ័យក្មេង ទូ សុវិជ្ជា កំពុងហ្វឹកហាត់នៅអាមេរិក ។ លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្តមានប្រសាសន៍ថា ទូ សុវិជ្ជា ជាកីឡាករហែលទឹកដ៏មានទេពកោសល្យរបស់កម្ពុជានាពេលអនាគត ។ សហព័ន្ធទាក់ទងគេឱ្យមកចូលរួមជាមួយឆ្ពោះទៅកាន់ការប្រកួតអន្តរ ជាតិនានា ដោយសារកូនខ្មែរនៅបរទេសរូបនេះកំពុងហ្វឹកហាត់យ៉ាងល្អនៅអាមេរិក និងមានសមត្ថភាពហែលលើសកីឡាករផ្សេងៗនៅភ្នំពេញ ។ លោកអគ្គលេខាធិការរូបនេះបានពន្យល់ថា ការចូលរួមប្រកួតនៅអេស្ប៉ាញចុងខែក្រោយនេះចាំបាច់ណាស់ ព្រោះបើយើងមិនបានចូលរួមប្រកួតទេ ក៏មិនអាចទទួលបានការអនុគ្រោះទៅប្រកួតអូឡាំពិកដែរ ។ ម្យ៉ាងវាជាឱកាសសម្រាប់ពួកយើងពិនិត្យមើលសមត្ថភាពពិតរបស់យើងថានៅ ត្រឹមណា? និងជាឱកាសមួយបង្ហាញថា កម្ពុជាក៏មានកីឡាករ-កីឡាការិនីឆ្នើមមានសមត្ថភាពចេញទៅប្រកួតនៅ ក្រៅប្រទេសញឹកញាប់ផងដែរ ៕ប្រភពមកពី៖កោះសន្តិភាព

0 comments:

Post a Comment