Sunday, August 18, 2013

រៀនព័ត៌មានវិទ្យា ទាមទារការអនុវត្តជាងសិក្សាទ្រឹស្តី

ជាការផ្តល់ដំបូន្មានដល់សិស្សនិស្សិត សប្បាយ

ដែលត្រៀមខ្លួនចាប់ជំនាញព័ត៌មានវិទ្យាសិក្សាឲ្យទទួលបានជោគជ័យ និងលទ្ធផលល្អ លោក សែប វាសនា សាស្ត្រាចារ្យនិងជាអ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា បានឲ្យដឹងថា ការសិក្សាជំនាញព័ត៌មានវិទ្យាចាំបាច់ទាមទារការអនុវត្តជាប្រចាំឲ្យបានច្រើន ទើបជាការដ៏ល្អប្រសើរបំផុតជាជាងការសិក្សាតែនៅលើទ្រឹស្ដីតែមួយមុខ។ លោកលើកឡើងបែបនេះ ខណៈសិស្សដែលទើបនឹងប្រលងបាក់ឌុបមួយចំនួន កំពុងត្រៀមខ្លួនចាប់ជំនាញព័ត៌មានវិទ្យាសិក្សា នៅកម្រិតឧត្តមសិក្សានៅពេលឆ្នាំសិក្សាថ្មីខាងមុខ។ លោក សែប វាសនា បានឲ្យដឹងថា ព័ត៌មានវិទ្យាជាជំនាញមួយកំពុងមានសក្ដានុពល និងទីផ្សារការងារក៏ល្អនាពេលបច្ចុប្បន្ន។ ចំនួននិស្សិតដែលចាប់អារម្មណ៍និងជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សា កំពុងតែមានកំណើនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានលើកពីកត្តាឧបសគ្គមួយចំនួនលើការជ្រើសរើសជំនាញព័ត៌មានវិទ្យាសិក្សាថា ការសិក្សាជំនាញព័ត៌មានវិទ្យាខុសពីការសិក្សាមុខជំនាញដទៃទៀត ដោយសារជំនាញព័ត៌មានវិទ្យា បើសិក្សាតែនៅលើទ្រឹស្តីហើយមិនមានការអនុវត្តជាប្រចាំនោះទេ លទ្ធផលនឹងបរាជ័យជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត ជំនាញនេះគួបផ្សំឲ្យមានសម្ភារៈសិក្សាគ្រប់គ្រាន់ដូចជាកុំព្យូទ័រ ជាដើមដើម្បីឲ្យដំណើរការណ៍សិក្សាប្រព្រឹត្តិទៅបានរលូនល្អ និងងាយស្រួល។ និស្សិតមួយចំនួនគិតថា ការសិក្សាជំនាញព័ត៌មានវិទ្យាបានជោគជ័យទាល់តែមានគ្រឹះរឹងមាំ លើមុខវិទ្យាវិទ្យាសាស្ត្រមួយចំនួន ដូចជាគណិត និងរូបវិទ្យាជាដើម។ ទាក់ទិនទៅនឹងបញ្ហានេះ លោកមិនបានច្រានចោលទាំងស្រុងនោះទេ ប៉ុន្តែលោកឲ្យយោបល់ថា សំខាន់គឺសិស្សនិស្សិតខ្លួនឯងតែប៉ុណ្ណោះ។ “បើមានការតាំងចិត្តនិងប្រឹងប្រែងនោះ លទ្ធផលនឹងល្អប្រសើរជាក់ជាមិនខាន”។ លោកបញ្ជាក់យ៉ាងដូច្នេះ។ លោកឲ្យដឹងថា នៅឆ្នាំដំបូងៗ គ្រឹះស្ថានសិក្សានានា តែងតែផ្តល់ការបំប៉នផ្សេងៗ ដល់និស្សិតទាំងអស់ដែលចាប់ជំនាញព័ត៌មានវិទ្យាសិក្សា ដែលនោះជាគ្រឹះដ៏សំខាន់ដែលពួកគេត្រូវព្យាយាមក្របយកចំណេះដឹងទាំង នោះ ដើម្បីធ្វើជាមូលដ្ឋានដ៏រឹងមាំក្នុងការឈោងចាប់ការសិក្សានៅ ឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងយុគសម័យបច្ចេកវិទ្យានេះ ការសិក្សាគ្រប់មុខជំនាញចាំបាច់ត្រូវមានការយល់ដឹងពីបច្ចេកវិទ្យា ហើយបច្ចេកវិទ្យាមិនត្រឹមតែជួយឲ្យនិស្សិតសម្រេចបានផ្លែផ្កានៅ ក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យទទួលបានភាពជោគជ័យនៅក្នុងអាជីពការងារនោះ ដែរ។ លោក សែប វាសនា បានបន្តថា នៅទីកន្លែងការងារផ្សេងៗ គេត្រូវការធនធានមនុស្សផ្នែកព័ត៌មានវិទ្យាជាចាំបាច់ ដើម្បីឲ្យដំណើរការណ៍ការងារមានប្រសិទ្ធភាព និងឆាប់រហ័ស។ ហេតុនេះអ្នកដែលចេះមុខជំនាញព័ត៌មានវិទ្យាពិតប្រាកដ នឹងទទួលបានអាទិភាពខ្ពស់ក្នុងការទទួលបានការងារធ្វើ។ ជាពិសេស មុខជំនាញព័ត៌មានវិទ្យាក៏អាចឲ្យគេបើកអាជីវកម្មខ្លួនឯង នៅពេលអនាគតបានផងដែរ៕ប្រភពមកពី៖

0 comments:

Post a Comment